ក្រុង​ប៉ារីស៖ តុលាការ​បារាំង​កាល​ពី​ថ្ងៃ​ពុធ បាន​ឃុំ​ខ្លួន​ជនជាតិ​ចិន ២ នាក់ ដែល​ព្យាយាម​រត់​ពន្ធ​កូន​អន្ទង់​ ៦០ គីឡូក្រាម ​ក្នុង​វ៉ាលិស​លើ​ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស ​ចិន​។

អន្ទង់​អឺរ៉ុប​តូចៗ ហៅ​ថា «​អន្ទង់​កញ្ចក់​» ដោយសារ​តួ​ខ្លួន​ថ្លា​ដូច​កញ្ចក់ ​​មាន​តម្លៃ​ប្រមាណ ៥ ៦០០ ដុល្លារ​ក្នុង ​១ គីឡូក្រាម ​ក្នុង​ប្រទេស ​ចិន និង​រដ្ឋអាជ្ញា​ក្នុង​ស្រុក​ម្នាក់ បាន​និយាយ​ថា​ ករណី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទម្រង់​ជួញដូរ​ថ្មី​ដែល​កំពុង​តែ​ពេញ​និយម។

ស្ដ្រី​វ័យ ២០ ឆ្នាំ និង​បុរស​អាយុ ៤៤ ឆ្នាំ ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ថ្ងៃ​ចន្ទ​នៅ​​អាកាស​យានដ្ឋាន​អន្ដរជាតិ​ Paris Charles de Gaulle នៅ​ស្ថានីយ​ផ្ទេរ​ជើង​ហោះហើរ​ពី​ទីក្រុង​ Toulouse ភាគ​និរតី​ប្រទេស ​បារាំង​។

ក្នុង​វ៉ាលិស ៤ ​ក្រុម​មន្ដ្រី​បាន​រក​ឃើញ​ថង់​ប្លាស្ទិក​ច្រក​ទឹក​ដាក់​អន្ទង់​ ឬ​ហៅ​ថា «អេលវើស៍​»។ ថង់​នីមួយ​ៗ​ត្រូវ​បាន​​រុំ​ក្រដាស​មិន​ជ្រាប​ទឹក​។

តុលាការ​​នៅ​​ Bobigny ក្បែរ​​ក្រុង​ប៉ារីស បាន​ដាក់​ទោស​ជន​សង្ស័យ​ជាប់​​គុក ១០ ខែ​ និង​ពិន័យ​ជា​ប្រាក់ ៧ ០០០ អឺរ៉ូ ម្នាក់​ៗ​ពី​បទ​រត់​ពន្ធ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជីវចម្រុះ​។

បើ​យោងតាម​ក្រុម​ជំនាញ​បាន​ឲ្យ​ដឹង​ថា ចំនួន​អន្ទង់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​នា​ពេល​ថ្មីៗ​ដោយសារ​​ការ​ប្រមាញ់​ច្រើន​ជ្រុល បរិស្ថាន​កខ្វក់ និង​ទំនប់​ទន្លេ​ដែល​រាំង​ស្ទះ​ការ​បំផ្លាស់​ទី​​ពួកវា​។

នៅ​ប្រទេស ​បារាំង កូន​អន្ទង់ ​១ ​គីឡូក្រាម ​​មាន​តម្លៃ​ប្រមាណ ២៥០ អឺរ៉ូ (១,១២ លាន​រៀល​)។ អន្ទង់​អឺរ៉ុប​ត្រូវ​បាន​ការពារ​តាំង​ពី​ឆ្នាំ​ ២០០៩ ដោយ​សន្និសញ្ញា​ស្ដីពី​ពាណិជ្ជកម្ម​អន្ដរជាតិ​ចំពោះ​សត្វ និង​រុក្ខជាតិ​ព្រៃ​ជិត​ផុត​ពូជ (CITES)​។

CITES ​​ប៉ាន់​​​ថា ចំនួន​អន្ទង់​ពាក់​កណ្ដាល​ដែល​ចាប់​នៅ​អឺរ៉ុប ត្រូវ​បាន​​នាំ​ចេញ​ទៅ​កាន់​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ​ដើម្បី​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ត្រី​។ ជំនួញ​អន្ទង់​មាន​​ប្រមាណ ២០០ លាន​ក្បាល ​ក្នុង ​១ ឆ្នាំ​៕ AFP/HR