ក្រុងប៉ារីស: ប្រភព​ពី​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ចោរ​បាន​លុង​បន្ទប់​ផ្ទុក​អីវ៉ាន់​នៃ​ភោជនីយដ្ឋាន​ប្រណីត​ ១ ​ក្នុង​ទីក្រុង​ប៉ារីស និង​លួច​យក​ស្រា​ទំពាំងបាយជូរ​តម្លៃ​ខ្ពស់​យ៉ាង​តិច ១៥០ ដប​ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​។

ប្រភព​បាន​ប្រាប់ AFP ថា​បុគ្គលិក​ភោជនីយដ្ឋាន Maison Rostang ក្នុង​ខណ្ឌ​បុរាណ​សតវត្សរ៍​ទី​ ១៧ ភាគឦសាន​ក្បែរ​វិមាន Arc de Triomphe បាន​ប្រទះ​ឃើញ​រូង​ទំហំ​កន្លះ​ម៉ែត្រ​ក្នុង​ជញ្ជាំង​នៃ​បន្ទប់​ផ្ទុក​ស្រា​ទំពាំងបាយជូរ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​។

ភោជនីយដ្ឋាន​ទទួល​បាន​ផ្កាយ ២ ពី​មគ្គុទេ្ទសក៍​អាហារ​ដ៏ល្បីល្បាញ Michelin និង​ត្រូវ​បាន​ចាត់ទុក​ជា​កន្លែង​លក់​ស្រា​ទំពាំងបាយជូរ​ល្អៗ​ដែល​រួមទាំង​ស្រា​ល្បី​មកពី Petrus និង Romanee Conti ផង​ដែរ​។

បន្ទប់​ផ្ទុក​ស្រា​ទំពាំង​បាយជូរ​ពេល​នេះ​ត្រូវ​បាន​ជួសជុល​។ ប្រភព​ពី​ប៉ូលិស​បាន​បន្ដថា ស្រា​ដែល​ត្រូវ​បាន​ចោរលួច​មាន​តម្លៃ​ចន្លោះ​ពី ៤៥ ម៉ឺន​ទៅ ៦៨ ម៉ឺន​ដុល្លារ​។

ក្នុង​ឆ្នាំ​ ២០១៧ ក្រុម​ចោរ​បាន​លួច​ស្រា​ទំពាំងបាយជូរ​ប្រណីត ៣០០ ដប​តម្លៃ ២៨ ​ម៉ឺន​ដុល្លារ​ពី​បន្ទប់​ផ្ទុក​ស្រា​មួយ​ភាគ​កណ្ដាល​ក្រុង​ប៉ារីស ក្រោយពី​ចោះ​តាម​ទី​បញ្ចុះសព​ដែល​ជា​រូង​ក្នុង​ដី​ក្រោម​ទីក្រុង​បារាំង​នេះ​។

ច្បាស់​ណាស់​ក្រុមចោរ​បាន​ទម្លុះ​ចូល​រូង​បញ្ចុះ​សព​ពី​ផ្លូវ​អាថ៌កំបាំង​ណា​មួយ​នៃ​ក្រុង​ប៉ារីស​មុន​ពេល​ចោះ​ជញ្ជាំង​បន្ទប់​ស្រា​ក្បែរ​ឧទ្យាន Luxembourg ជា​ទីតាំង​វិមាន​ព្រឹទ្ធសភា​បារាំង​ស្ថិត​នៅ​។ ក្រោយពី​លួច​ស្រា​ថ្លៃៗ​ទាំងនោះ​ពួកគេ​រត់​តាម​ផ្លូវ​ក្រោម​ដី​នោះ​បាត់​ស្រមោល​ឈឹង​។

ក្នុង​ឆ្នាំ​ ២០០៩ ប៉ូលិស​បារាំង​បាន​ចាប់​ខ្លួន​បុរស​អាយុ ៤៤ ​ឆ្នាំ​ម្នាក់​ពី​បទ​លួច​ស្រា​ជាង ៥០០ ដប​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ពី​ភោជនីយដ្ឋាន​ប្រណីតៗ​ក្នុង​ក្រុង​ប៉ារីស​៕ HR