ភ្នំពេញៈ ​ ​វត្តមាន​តារាចម្រៀងឈរលំដាប់កំពូល ​លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យ​ផ្អើល​មួយ​ឈុល ​​នៅ​ឯ​​​ព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ ​មុនពេល​តារារូបនេះ​ឡើងយន្តហោះ​ទៅ​សម្តែង​​​នៅ​ប្រទេស​កូរ៉េ​ គឺ​​​មួយ​ថ្ងៃ​ ក្រោយ​​​វត្តមាន​តារា​​ចម្រៀង​កំពូល​ហង្ស​មាស​លោក ព្រាប សុវត្ថិ ក្នុង​កម្ម​វិធី​​ប្រគំ​តន្រ្តី​សប្បុរស​ធម៌​​ តែ​មួយ​។

នៅ​ក្នុងដំណើរ​ទៅកាន់ប្រទេស​កូរ៉េ​ ​​កាលពី​យប់ថ្ងៃទី ២៣​ កញ្ញា ចុង​​​សប្តាហ៍​នេះ មហាជន​បានសម្តែង​ការចម្លែកចិត្ត​នៅពេលឃើញ​​វត្តមានក្រុម​​អ្នក​សារព័ត៌ មាន​​យ៉ាង​ច្រើន​បាន​ទៅ​ឈរចាំ​នៅច្រកចូល​ព្រលានយន្តហោះ ដោយមហាជន​ភាគច្រើន​បាន​លើកឡើង​ជាសំណួរថា​ តើ​អ្នក​សារព័ត៌មាន​ចាំថតអ្នកណាគេ?​ មួយ​សន្ទុះ​មក ស្រាប់តែឃើញ​វត្ត​មាន​​រថយន្តទំនើបពណ៌ខ្មៅ​មួយគ្រឿង​បានឈប់ ហើយ​អ្នកសារព័ត៌មាន​បាន​នាំគ្នា​ផ្តិត​យករូបភាព​យ៉ាងច្រើន។ ពេលនោះ ​ទស្សនិក​ជន​កាន់តែភ្ញាក់ផ្អើល​ថែមទៀត នៅពេលពួកគេ​បានឃើញវត្តមាន​កំពូលតារាចម្រៀង ​ឆាយ វីរៈយុទ្ធ ហើយអ្នកគាំទ្រ​ជាច្រើន បានមក​​ចោមរោម​សុំថតរូប​ធ្វើឲ្យ​ភ្ញាក់ផ្អើល ​និង​ស្ទះ​ផ្លូវ​មួយ​អន្លើ។

​នា​​មុនពេល​ដើរចូលទៅកន្លែង​ឆែកអ៊ីវ៉ាន់ ​លោក ឆាយ វីរៈយុទ្ធ ​បាន​បញ្ជាក់ថា ៖«​ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​ទៅសម្តែងនៅ​ប្រទេសកូរ៉េ​រយៈពេល​៣ថ្ងៃ ហើយការសម្តែង​ត្រូវចាប់ផ្តើម​នៅ​ម៉ោង ២ រសៀល​ថ្ងៃទី ២៤ ខែ​ កញ្ញា នេះ ​ ​ហើយលោកត្រូវត្រឡប់​មក​ប្រទេសកម្ពុជា​វិញ​នៅ​ថ្ងៃ​​ទី ២៦ កញ្ញា។​

តារាចម្រៀងដែលទើបតែ​បាន​​ចេញបទថ្មី​មាន​ចំណង​ជើង​ថា​ «ពេល​អូន​ឃ្លាត​​ឆ្ងាយ» ​លោក ឆាយ វីរៈ​​យុទ្ធ ​បាន​បន្ថែម​ថា​ ៖«ការសម្តែង​របស់លោក​នៅ​ប្រទេស​កូរ៉េ​​នេះ ​ជាចំណែកមួយ​នៃការប្រគំ​តន្ត្រី​សប្បុរសធម៌ ​ដើម្បីស្វែងរក​មូលនិធិ​មកជួយ​បង​ប្អូន​​យើង​​នៅស្រុកខ្មែរ។ ជាមួយគ្នា​នោះ​លោក​សង្ឃឹម​ថា​ នឹងមាន​ការចូលរួម​ពីសំណាក់​ទស្ស​និក​ជនខ្មែរ​ កូរ៉េយ៉ាងច្រើនកុះករ​ចូលរួម​ទស្សនា ​នៅ​ក្នុង​ការ​សម្តែង​នៅខេត្ត​អានសាន់ ប្រទេស​កូរ៉េ៕