ភ្នំពេញ៖ ខណៈ​​មហាជន​​​ស្ទើរ​​​​គ្រប់​មជ្ឈដ្ឋាន​បាន​​​​​​ដឹង​​​​ថា តារា​ចម្រៀង​ប្រុស​វ័យ​​​ចាស់​ជ្រេ ​តែ​​​សម្រស់​​​នៅ​​ស្អាត​​​​​មិន​ចាញ់​ក្មេង​​​​ ដែល​រមែង​ថត​រូបភាព​សិចស៊ី​ និង​ឈុត​វីដេអូ​ខារ៉ាអូខេ​ ជាមួយ​តារា​ស្រី​ស្អាត​​ជា​ច្រើន​បែប​ស៊ី​អារម្មណ៍​ខ្លាំង​ និង​ជួយ​​ស្ទួយ​ឲ្យ​ឆាប់​ល្បី​កាល​ពី​ឆ្នាំ​មុនៗ​​នោះ ស្រាប់​​តែ​​​ឆ្នាំ​ថ្មី​​​ឆ្នាំ ​២០២០​ នេះ​​ លោក អេនឌី និង​ដៃគូ​ចាស់​កញ្ញា ពេជ្រ អាវីហ្សា រំលេច​​​នូវ​ឈុត​​ថ្មី​បែប​​សុភាព​ជាង​មុន​ក្នុង​ MV ថ្មី​។​

តាម​ទម្លាប់​កាល​ពី​ឆ្នាំ​មុនៗ​​​នោះ​​ តារា​ចម្រៀង​​​ប្រុស​​លោក អេនឌី ដែល​រមែង​មាន​ការ​ថត​ឈុត​ឆាក​​កៀក​កើយ ​ជាមួយ​នឹង​តារាស្រី​សាច់​សខ្ចី​ដូច​ជា​បណ្តូល​​ចេក​កញ្ញា ពេជ្រ អាវីហ្សា ក៏​ដូច​ជា​តារា​​ស្រី​​ផ្សេងៗ​ទៀត​ មាន​​​​ស្ទីល​ ​​​​ឱប​រឹត ថើប និង​ឈុត​ស្នេហា​ ស៊ី​អារម្មណ៍​ត្រេកត្រអាល ​ដូចជា​ជីវិត​គូស្នេហ៍​ពិតៗ​ តាមរយៈ​​ការ​​​​ថត​​​សម្តែង​​​​​​ក្នុង​ MV បទ​ចម្រៀង​របស់​លោក។​ តែ​ក៏​ត្រូវ​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​ បាន​ដាក់​​បម្រាម​​កាល​​ពី​ឆ្នាំ ​២០១៩ កន្លង​មក​រួច​​​ហើយ​ផង​ដែរ​។​​

ទំនង​​មិន​ចង់​ឲ្យ​ជាន់​ដាន​ចាស់​ ទើប​ការ​​បង្ហាញ​ខ្លួន​សាថ្មី​នេះ​ លោក អេនឌី ជាមួយ​​​​កញ្ញា​​ ពេជ្រ អាវីហ្សា ស្រាប់​តែ​​ថត​​ដាក់ MV ចម្រៀង Cover ៤ បទ ​​​ដូច​ជា​បទ ​​​«​​ស្នេហ៍​ផ្អែម​​ដូច​​ទឹកឃ្មុំ» បទ​ «ផ្កា​រោយ​មុន​រដូវ» បទ ​«ស្រលាញ់​អូន​មិន​ស្តាយ​ក្រោយ» និង​បទ «​​ស្នេហ៍​​​​​ក្នុង​សុបិន» សម្រាប់​ស្វាគមន៍​អ្នក​គាំទ្រ​​​​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ ​២០២០ ​នេះ ស្រាប់​តែ​​មាន​​​ឈុត​​​ឆាក​​​​បែប​​​​ស្លូតៗ​ជាង​​​​​​​​មុន។ ដូច្នេះ​ហើយ​​បាន​​ជា​ការ​ថត​ MV នៅ​ក្នុង​​​​​ចម្រៀង​ទាំង ៤ បទ​ខាង​លើ ដែល​​ជា​សំនៀង​​ដើម​លោក នូ ស៊ឹប លោក នី សាលឿន និង​បទ​​អ្នកនាង ម៉េង កែវពេជ្ជតា នៅ​​ឆ្នាំ​ ​២០២០​ ​នេះ មាន​​ឈុត​ឆាក​​សុទ្ធ​​​តែ​ស្លូតៗ ខុស​ប្លែក​ពី​លើក​មុន មាន​លក្ខណៈ​​កាចៗ​ ស៊ី​អារម្មណ៍​​ខ្លាំង​​នោះ​ឡើយ​។

ដោយ​ខ្លាច​មាន​ការ​ភាន់​ច្រឡំ​​​ពី​សំណាក់​មហាជន​​សាជាថ្មី​ម្តង​ទៀត ពាក់ព័ន្ធ​នឹង​ការ​​ថត ​MV បទ​ចម្រៀង​ថ្មី​ ​Cover សម្រាប់​ថ្មី​ជាមួយ​​លោក​ អេនឌី ​​នា​​​ឆ្នាំ ​២០២០​ នេះ ថា ក្រែង​លោ​មាន​ឈុត​កាចៗ​ ដូច​លើក​មុន​ទៀត​នោះ តារា​​សម្តែង​ស្រី​សាច់​សខ្ចី សម្រស់​ស្រស់​ស្អាត​ កញ្ញា ពេជ្រ អាវីហ្សា ​​បញ្ជាក់​ថា៖ «សម្រាប់​ការ​សម្តែង​​​​ក្នុង​បទ​ចម្រៀង​ ៤ ​បទ ដែល​បង​ អេនឌី បាន​ជ្រើស​​នាង​ខ្ញុំ​​ថត​ជាមួយ​នឹង​​គាត់​ម្តង​ទៀត​នេះ អត់​មាន​ឈុត​​ឆាក​ណា​ ​មើល​ទៅ​មាន​ភាព​​សិចស៊ី ឬ​ហួស​ហេតុ​ឡើយ​។ ប្រសិន​បើ​មាន​ការ​លើក​យក​មិន​​រិះគន់​ថា​ នាង​ខ្ញុំ​មាន​ថត​​ឈុត​សិចស៊ី ឬ​​សម្តែង​ស្និទ្ធ​ស្នាល​​ដូច​មុន​នោះ​ គឺ​មិន​ពិត​ឡើយ ហើយ​​អាច​​ទំនង​ជា​គេ​​យក​រូប​ចាស់ៗ​​មក​រំឭក​ទេ»៕​