ភ្នំ​ពេញ​: ខណៈ​សង្គ្រាម​​ពាក្យសម្ដីដ៏​ក្ដៅគគុក​​រវាង អតីត​តារា​សម្ដែង​​កញ្ញា បេននី យ៉ាង និង​​តារា​ស្រី​សាច់ស​ខ្ចី​កញ្ញា លីឡា វីន ឈានដល់ការ​ជេរ​ហែក​កេរ្តិ៍​គ្នា ធ្លាយរហូត​ដល់​ការ​​ចោទប្រកាន់ថា​ជា​ស្រី​លក់ខ្លួន និង​ប្រើ​ប្រាស់​គ្រឿង​ញៀននោះ​ តារា​សិល្បៈ​ជា​រៀម​ច្បង​​ពួក​នាង​គឺ​លោក អេនឌី បាន​ត្រឹម​តែ​ពោល​ពាក្យ​សោកស្ដាយ​ ហើយ​លោក​​សុំចិត្ត​មិនលូក​ដៃ​រឿង​​អ្នកទាំងពីរ ដែល​សុទ្ធ​តែ​ជា​អ្នក​ល្បី​​ក្រោយ​ពី​បាន​ថត​រូប និង​បទ​ចម្រៀង​ជាមួយ​លោក​។

តា​រា​សម្តែង​ប្រុស​ចាស់​វស្សា​ តែ​រូប​រាង​មិន​ចាស់​តាម​វ័យ​​លោក​ លាវ ពិសិដ្ឋ ហៅ អេន​ឌី​ ក្រៅ​ពី​អា​ជីព​ជា​តា​រា​សម្តែង​ លោក​ក៏​ជា​តា​រា​ចម្រៀង​គ្មាន​ទ្រ​នំ​​ ល្បី​ឈ្មោះ​មួយ​រូប​ក្នុង​ចំ​ណោម​តា​រា​ល្បី​នៅ​ក្នុង​ប្រ​ទេស​តាម​រ​យៈ​ការ​​សម្តែង​​ឈុត​ឆាក​រោល​រាល​ជា​មួយ​តា​រា​ស្រី​ល្បីៗ​ជា​ច្រើន​រូប។

លោក​ អេន​​ឌី​ មិន​ត្រឹម​តែ​ជា​តា​រា​សម្តែង​មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុងវិស័យ​សិល្បៈទេ​​ ថែម​ទាំង​​​​ល្បីទៀត​ថា ឲ្យ​តែ​​លោក​ថត​ជាមួយ​តារា​ស្រីរូបណា មិនយូរ​ទេ​នាង​នឹង​ប្រែ​ជា​​ហង្ស​រះ​ត្រចង់​លើ​វិថីសិល្បៈ​។

​តា​រា​ចម្រៀង​គ្មាន​ទ្រ​នំ​រូប​នេះ​ ក៏​​បាន ​បណ្តុះ​តា​រា​សម្តែង​ជា​ច្រើន​ឲ្យ​ល្បី​ឈ្មោះ​ក្នុង​នោះ​ក៏​មាន​កញ្ញា​ លី​ឡា​ វីន​ និង​កញ្ញា​ បេនី​ យ៉ាង​ ដែល​ទើប​នឹង​ផ្ទុះ​ដំ​ណឹង​មាន​ការ​ដៀល​គ្នា​យ៉ាង​ចាស់​ដៃ​នៅ​ក្នុង​បណ្តាញ​សង្គម​។

រូបភាព​សិចស៊ី ដែល​កញ្ញា លីឡា វីន និង​កញ្ញា បេននី យ៉ាំង ថត​ជាមួយ​លោក អេនឌី។ រូបថត សហការី

តាម​រ​យៈ​ការ​ឈ្លោះ​គ្នា​រ​វាង​តា​រា​សម្តែង​ស្រី​ស្រស់​ស៊ិច​ស៊ី​ទាំង​ពីរ​ កញ្ញា​ លី​ឡា​ វិន​ និង​កញ្ញា​ បេនី​ យ៉ាង​ នេះ​ដែរ​ធ្វើ​ឲ្យ​មាន​ការ​ផ្អើល​អស់​អ្នក​លេង​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ព្រោះ​តែ​ពាក្យ​សម្តី​ហែក​កេរ្តិ៍​គ្នា​មិន​សំចៃមាត់ ដោយ​សូម្បី​​តែ​​រៀមច្បង​អ្នក​ជ្រោង​ឲ្យ​ពួក​នាង​ល្បី គឺ​​​លោក​ អេន​ ឌី​ ក៏​អស់យោបល់។

តា​រា​សម្តែង​ប្រុស​មាន​ភាព​ទាក់​ទាញ​ខាង​ឈុត​រោល​រាល​ លោក​ អេន​ឌី ​បាន​បង្ហើប​មក ​ភ្នំ​ពេញ ​ប៉ុស្តិ៍ ​ថា៖​«​ទាក់​ទង​ដំ​ណើរ​ដើម​ទង​ ដែល​អ្នក​ទាំង​ពីរ ​(លី​ឡា​ វីន​ និង បេននី យ៉ាំង​​) ឈ្លោះ​គ្នា​នេះ​ខ្ញុំ​អត់​បាន​ដឹង​ទេ​»​។

លោ​ក​ អេន​ឌី​ បាន​បន្ត​ទៀត​ថា​៖​ «​ហើយ​ក៏​បាន​ឃើញ​ការ​ឈ្លោះ​គ្នា​តាម​ហ្វេស​ប៊ុក​ តែ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ខំ​មិន​អី​ដែរ​ ព្រោះ​មិន​ចង់​ពាក់​ព័ន្ធ​ ដោយ​សារ​សុទ្ធ​តែ​ជា​អ្នក​ជិត​ស្និត​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​មិន​ចង់​បញ្ចេញ​មតិ​យោ​បល់​អី​ច្រើន​ដែរ​សម្រាប់​រឿង​នេះ​ព្រោះ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ លី​ឡា​ និង​ បេន​នី​ ចាប់​ផ្តើប​ឈ្លោះ​គ្នា​ ដោយ​សារ​រឿង​អី​»​។

លោក​ អេន​ឌី បាន​ថ្លែង​យ៉ាង​សោក​ស្តាយ​ចំ​ពោះ​ការ​ឈ្លោះ​គ្នា​រ​វាង​កញ្ញា​ លី​ឡា​ និង​ បេននី ដោយ​លោក​មិន​ចង់​ឲ្យ​​មាន​ការ​ឈ្លោះ​ទេ​។

តារាចម្រៀង និង​សម្ដែង​មិនចាស់​តាមវ័យ​រូបនេះ បាន​លើកឡើង​ថា៖ «ព្រោះ​ថា​ក្នុង​នាម​ជា​តា​រា​សិល្បៈ​ត្រូវ​មាន​ការ​សាម​គ្គី​គ្នា​ជា​គំ​រូ​ដល់​សិល្បៈ​ជំ​នាន់​ក្រោយ​ និង​បារម្ភ​​ខ្លាច​អ្នក​ទាំង​ពី​ឈ្លោះ​គ្នា​យូរ​ទៅ​អាច​ប៉ះ​ពាល់រ​ហូត​​ដល់​ឈប់​ពី​​សិល្បៈ​ ​ និង​មាន​ការ​សោក​ស្តាយ​ព្រោះអ្នក​សិល្បៈ​​​ក៏​មិន​មាន​ច្រើន​ដែរ​»។

ដោយឡែក ចំពោះ​ការងារ​សិល្បៈ​របស់​លោកវិញ ​​ក្រៅ​ពី​មាន​ការ​រវល់​ក្នុង​ការ​​សម្តែង​ និងបញ្ចេញ​ចម្រៀងបែប​ពី​ដើម​ជា​បន្ត​បន្ទាប់​ លោក អេន​​ឌី​ ក៏​មាន​ការរវល់​​ច្រៀង​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាននៅ​ពេល​យប់​ ចំ​ណែក​ឯ​អា​ជី​វកម្ម​វិញ​ក៏​​មាន​ការ​គ្រង​ទុក​ដែរ​ គ្រាន់​តែ​មិន​ទាន់​មាន​ពេល​គ្រប់​គ្រាន់​ និង​ត្រូវ​ធ្វើ​ការ​ពិ​ចា​រណា​ឲ្យ​បាន​ច្បាស់​លាស់​សិន​៕​

កញ្ញា បេននី យ៉ាំង និង​កញ្ញា លីឡា វីន ចូលរួម​កម្មវិធី​សង្គម​សិល្បៈ​​នាពេលកន្លងមក។ហុង មិនា