ក្រុងហ្ស៊េរុយសាឡិម: មាន​រយៈពេល ៤ ឆ្នាំ​ពេល ជេកគី ឈិន ផ្ដើម​ដំណើរ​ផ្សងព្រេង​ក្រោយពី​លាឈប់​ពី​ការងារ​ក្នុង​នាម​ជា​វិស្វករ​អគ្គិសនី​មក​ជិះ​កង់​ទូទាំង​ពិភពលោក​។

បុរស​តៃវ៉ាន់ អាយុ ៤០ ​ឆ្នាំ​ពេល​នេះ​ឆ្លងកាត់​ទ្វីប​អាមេរិក អឺរ៉ុប និង​ផ្នែក​ខ្លះ​នៃ​មជ្ឈិមបូព៌ា​ដោយ​គេង​ក្នុង​តង់ ឬ​រក​ជម្រក​បណ្ដោះអាសន្ន​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Couchsurfing​។

ថ្មីៗ​នេះ​លោក ឈិន បាន​មក​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល​ដោយ​ប្រទះ​ឃើញ​ជិះ​កង់​ពណ៌​ក្រហម និង​ខ្មៅ​ម៉ាក Merida Wolf 3​។ លោក​រំពឹង​ថា លោក​នឹង​ធ្វើ​ដំណើរ​បាន ១០០ ​ប្រទេស និង​ចម្ងាយ​ផ្លូវ ១០ ​ម៉ឺន​គីឡូម៉ែត្រ​មុន​ពេល​បញ្ឈប់​ដោយ​ប៉ាន់​ប្រមាណ​ថា លោក​នឹង​ត្រូវ​ចំណាយពេល ៣ ​ឆ្នាំ​ទៀត​។

បុរស​តៃវ៉ាន់​រូប​នេះ​ចាប់ផ្ដើម​ដំណើរ​ពី​រដ្ឋ​អាឡាស្កា អាមេរិក ដោយ​ឆ្លងកាត់​បន្ទាយ​លើ​កំពូល Machu Picchu និង​ទីក្រុង​ប៉ារីស ហើយ​ពេល​នេះ​ឆ្លោះ​ទៅកាន់​ប្រទេស​ហ្ស៊កដានី​មុន​ពេល​ឆ្លង​អេហ្ស៊ីប និង​ជិះ​កង់​កាត់​ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក​។

លោក​នឹង​បន្ដ​ទៅ​កាន់​តំបន់​អាស៊ី​ដើម្បី​បញ្ចប់​ដំណើរ​ផ្សងព្រេង​ដ៏វែងឆ្ងាយ​នេះ​។

ក្នុង​ឆ្នាំ​ ២០១៧ អ្នក​ផ្សងព្រេង​ស្កុត​ឈ្មោះ​លោក ម៉ាក បៀម៉ុន បាន​បង្កើត​កំណត់ត្រា​ពិភពលោក​ដោយ​ការជិះ​កង់​ជុំវិញ​ពិភពលោក​ក្នុង​រយៈពេល ៧៩ ថ្ងៃ​។ ប៉ុន្ដែ​លោក ឈិន មិន​មាន​បំណង​គ្រង​កំណត់ត្រា​អ្វី​ឡើយ​។

លោក​បាន​និយាយ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​បំណង​ផ្សងព្រេង ដោយ​ពេល​នេះ​លោក​បាន​ទៅ​ដល់ ៦៤ ​ប្រទេស និង​មាន​ចម្ងាយ​ប្រមាណ ៥៤ ០០០ គីឡូម៉ែត្រ​ថា​៖ «​នេះ​ជា​គោលបំណង​ដំណើរ​ផ្សងព្រេង​តែ​ប៉ុណ្ណោះ​»៕ HR