ភ្នំពេញៈ ពិធី​ការិនី​ពូកែ​វោហារ​ស័ព្ទ សម្តី​ចាក់ទឹក​មិន​លេច បូករួម​ទាំង​ទម្រង់​មុខ​ឃ្យូត​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា ម៉េង ឃុននី ហៅ ជីមមី មិន​ត្រឹម​តែ​មាន​សម្រស់​ស្រស់​ស្អាត​បែប​កូន​កាត់​ចិន​ទេ ថែម​ទាំង​ជា​តារា​ដែល​ពោរ​ពេញ​ដោយ​ទេព​កោសល្យ និង​មាន​ចំណេះ​ដឹង​ខាង​ភាសា​រហូតដ​ល់​ទៅ ៤ ភាសា រួម​ទាំង​ភាសា​កំណើត។

តារា​ស្រី ដែល​ពោរពេញ​ដោយ​ទេពកោសល្យ មិន​ថា ជា​ពិធី​ការិនី ម៉ូ​ដែល និង​ជា​តារា​សម្តែង ត្រូវ​បាន​គេ​ដឹង​ថា ចេះ​ជាច្រើន​ភាសា​មាន ចិន ថៃ អង់គ្លេស និង​ភាសា​កំណើត​គឺ​ភាសា​ខ្មែរ។ កញ្ញា​គឺជា​កូន​កាត់​ខ្មែរ ចិន​មាន​រូប​សម្រស់​មិន​ចាញ់​តារា​រួម​អាជីព និង​មាន​ភាព​ល្បីល្បាញ​មិន​ចាញ់​អ្នក​សិល្បៈ​ជំនាន់​មុន​ឡើយ។

កញ្ញា ជី​មមី ជា​ពិធី​ការិនី​រូប​ស្រស់​ប្រចាំ​នៅ​ប៉ុស្តិ៍​ភី​អិន​អិន ទើបតែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​រយៈពេល ៣ ឆ្នាំ តែ​ជោគ​ជ័យ​មិន​ធម្មតា​រូប​នេះ​បាន​ផ្តល់​បទ​សម្ភាស​មក​កាន់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​ការ​សន្ទនា​សំឡេង​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ថា៖ «កាល​ពី​នៅ​ក្មេង​ម៉ាក់​បាន​ឲ្យ​រៀន​ភាសា​ចិន ដល់​ពេល​ចូល​រៀន​ថ្នាក់​ទី ៥ ក៏​ចូល​រៀន​ភាសា​អង់គ្លេស​ទៀត ហើយ​នៅ​ពេល​ដែល​ចប់​ទី ១២ បាន​ទៅ​រៀន​ត​នៅ​ប្រទេស​ថៃ ដើម្បី​ចេះ​ភាសា​ថៃ​ហ្នឹង​ហ្មង ដោយ​រៀន​ចប់​ផ្នែក​អក្សរ​សាស្ត្រ​ថៃ»។

តារា​ស្រី​សម្បូរ​មន្ត​ស្នេហ៍​ពូកែ​និយាយ មិន​ឆ្មើងឆ្មៃ​កញ្ញា ម៉េង ឃុន​នី ហៅ ជីមមី រូប​នេះ បាន​បន្ត​ទៀត​ថា៖ «កាល​ដែល​រៀន​ភាសា​ច្រើន​បែប​នេះ​មក​ពី​បង​ជា​មនុស្ស​ដែល​មិនចេះ​គិត​លេខ​អី​ទេ តែ​ជា​មនុស្ស​ដែល​ពូកែ​ចាំ ហើយ​ចូល​ចិត្ត​ខាង​ភាសា​ហ្នឹង​ហ្មង។ ចំពោះ​ភាសា​ចិន​វិញ​បង​រៀន​ដល់​ថ្នាក់​ទី ៨ បើ​ភាសា​អង់គ្លេស​មនុស្ស​នៅ​ក្នុង​ប្រទេស​គឺ​ពេញ​និយម​ស្រាប់​ហើយ»។

ស្រី​ស្រស់​ទើប​រះ​លើ​វិថី​សិល្បៈ​ក៏​ច្បាម​បាន​ទីផ្សារ​ក្បាល​មេក្រូ ព្រោះតែ​ចំណេះដឹង​ជាច្រើន​ភាសា កញ្ញា ជីមមី បាន​បន្ត​បរិយាយ​ប្រាប់​ពី​មូល​ហេតុ ដែល​ធ្វើ​ឲ្យ​នាង​រៀន​ភាសា​ថៃ​ដែរ​ថា៖ «កាល​ដែល​រៀន​ថៃ មក​ពី​បង​មាន​ហាង​អារហារ​មួយ​នៅ​ខេត្ត​ប៉ៃលិន ដែល​មាន​ជន​ជាតិ​ថៃ​ចូល​ច្រើន​ហើយ​ក៏​បាន​គិតថា​យើង​នៅ​ខ្វះ​ភាសា​ថៃ​ហ្នឹង​មួយ​ទៀត ហើយ​ក៏​ជា​ភាសា​មួយ​ដែល​អាច​រក​លុយ​ឲ្យ​យើង​បាន​រាល់ថ្ងៃ និង​អាច​ចេះ​ភាសា​ថៃ​បាន​ទាំង​អស់​ហើយ​ក៏​មិន​ខក​បំណង​ដែរ​ក្នុងការ​ចំណាយ​ពេល ៤ ឆ្នាំ ដើម្បី​រៀន ក្នុង​អាជីព​ជា​ពិធីការិនី​យើង​អាច​បក​ប្រែ​បាន»។

តារា​ស្រី​វ័យ ២៣ ឆ្នាំ សម្រស់​កាន់តែ​ស្រស់ស្អាត​ក៏បាន​ប្រាប់​ពី​គោល​បំណង​ដែរ​ថា៖ «នឹង​បន្ត​ការ​សិក្សា​ផ្នែក​ភាសា​អង់គ្លេស់​ថែម ២ ទៅ ៣ ឆ្នាំ​ទៀត​នៅ​សហរដ្ឋ​អាមេរិក និង​ភាសា​ចិន​ឲ្យ​ចប់​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​ទៅ​ពេល​ណា​ទេ ព្រោះ​ការងារ​សិល្បៈ​ពិតជា​រវល់​ពិត​មែន ក្នុង​អាជីព​ជា​ពិធីការិនី និង​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ផ្សេង​ទៀត មាន​ការ​កក់​ទុក​រហូត​ដល់​ខែ ៥ ឆ្នាំ​ក្រោយ​ឯណោះ»។

តារា​ស្រី​ស្អាត ហើយ​ឆ្លាត គួរ​ជាទី​ចោមរោម​នៃបុរសៗតាម​សុំ​ស្នេហ៍ កញ្ញា ជីមមី ក៏បាន​បង្ហើប​ពី​ជីវិត​ស្នេហា​ថា នាង​មាន​ម្ចាស់​បេះដូង​រួច​ទៅ​ហើយ។

ស្រី​ស្រស់​មានចំណេះដឹង​ផ្នែក​ភាសា​ជា​ដើមទុន​បង្កើន​ទ្រព្យ​រូបនេះ​បាន​បង្ហើប​ដែរ​ថា៖ «មាន​ម្ចាស់​ចិត្ត​រួច​ហើយ តែ​កំពុង​មើល​ចិត្ត​គ្នា ឲ្យ​បាន​ច្បាស់​ថា​ម្នាក់​ហ្នឹង អាច​រស់​នៅ​ជាមួយ​អស់​មួយ​ជីវិត​បាន​ទេ»។

យ៉ាងណា កញ្ញា​ក៏​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​មានសំណាង​ម្នាក់​នោះ​ដែរ រហូត​ដល់​នាង​ប្រាកដ​ក្នុង​ចិត្ត​សិន ទើប​បង្ហាញ​ឲ្យ​ទស្សនិក​ជន​បាន​ដឹង៕