ភ្នំពេញៈ ពិធី​ការិនី​ដែលមាន​រាង​ស្រ​លូន​គួរ​ឲ្យ​ស្រឡាញ់​កញ្ញា ជីមមី កំពុង​តែ​មាន​សម្ទុះ​ខ្លាំង​មិន​ធម្មតា ទោះបី​ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន ៣ ឆ្នាំ ក្នុង​អាជីព​ជា​ពិធី​ការិនី​ប្រចាំ​នៅ​ទូរទស្សន៍​ភីអិនអិន ប៉ុន្តែ​ភាព​លេច​ធ្លោ​ឆាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​រង្វង់​សិល្បៈ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​បាន​មក​ពី​សមត្ថភាព​ផ្នែក​អប់រំ​ចេះ​ច្រើន​ភាសា សម្រស់​ស្រស់​សោភា​ពី​ធម្មជាតិ និង​ទេព​កោសល្យ​ថ្វីមាត់​ក្នុង​ការ​និយាយ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ចូលចិត្ត។

តារា​ស្រី​រាង​ខ្ពស់ស្រឡះ កូនកាត់​ចិន​កញ្ញា ម៉េង ប៊ុន​នី ហៅ ជី​មមី មាន​ភាព​ជោគ​ជ័យ​ក្នុង​ការងារ និង​កម្រិត​វប្បធម៌​ផ្នែក​អប់រំ​ក៏បាន​ខ្ពង់ខ្ពស់ ថែម​ទាំង​មាន​ជីវភាព​ធូរធារ​តាំង​ពី​មិន​ទាន់​ចូល​ក្នុង​វិស័យ​សិល្បៈ​នោះ បាន​លេចឮ​ដំណឹង​ថា តារា​ស្រី​រូប​នេះ ក៏មាន​ជំនឿ​ខ្លាំង​ទៅ​លើ​ការ​ទស្សន៍​ទាយ​ជោគ​ជតា​រាសី និង​មើល​ក្បួន​តម្រា​បែប​ហុងស៊ុយ​ផង​ដែរ។

បើ​យោងទៅតាម​សម្តី​របស់​ពិធី​ការិនី​កូនកាត់​ចិន​កញ្ញា ជី​មមី បានផ្តល់​បទ​សម្ភាស​មក​កាន់​ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​ការ​ឆាត​នៅ​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ថា៖ «ពី​មុន​មិន​ដែល​ជឿ​ទៅ​លើ​រឿង​ហុងស៊ុយ​អី​ទេ​អូន ប៉ុន្តែ​នៅ​ពេល​ដែល​ទូរទស្សន៍​ភីអិនអិន បាន​បង្កើត​កម្មវិធី [ហុង​ស៊ុយ​បែប​វិទ្យាសាស្ត្រ] របស់​អ្នកគ្រូ ណាលី ឃើញ​ថា​គាត់​និយាយ​មក​ត្រូវ​ហើយ​ពេល​រៀបចំ​ដូច​ដែល​គាត់​បាន​ប្រាប់​មក​ក៏​ទទួល​បាន​លទ្ធផល​ពិត​មែន»។

តារា​ស្រី​សម្តី​ផ្អែម​ថែមទាំង​ញញឹម​ស្រស់ កញ្ញា ជី​មមី បាន​បន្តទៀតថា៖ «ចំពោះ​រឿង គ្រូទាយ​វិញ បង​ធ្លាប់​ទៅ​មើល​ច្រើន​ដង​ហើយ អ្នកខ្លះ​និយាយ​ដូចគ្នា អ្នក​ខ្លះ​ទៀត​ក៏​ខុស​អ៊ីចឹង​បង​អត់​ដឹង​ថា​ត្រូវ​ជឿ​មួយណា​ទេ ចំពោះ​ជំនឿ​ទៅ​លើ​គ្រូទាយ​វិញ​ជឿ​តែ ៣០ ភាគរយ​ទេ។ ប៉ុន្តែ​បើ​ជំនឿ​ក្នុង​ហុងស៊ុយ​វិញ​បង​ទទួល​ផល​បាន​ច្រើន អ៊ីចឹង​បង​ជំនឿ​ខាង​ហុងស៊ុយ​បូករួម​ទាំង​សមត្ថភាព​ខ្លួន​ឯង​គឺ ៥០ ភាគរយ​ម្នាក់»។

ចំពោះ​ការចំណាយ​ក្នុង​ការមើល​ហុងស៊ុយ និង​រៀបចំ​នៅក្នុង​ផ្ទះ​ឲ្យ​មាន​ហុងស៊ុយ​ដូចគ្នា​នោះ​តារា​ស្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ គ្រាន់​តែ​បង្ហើប​ថា​តម្លៃ​គិត​ទៅ​តាម​ទីកន្លែង និង​បរិមាណ​នៃ​ផ្ទះ​ដែល​ត្រូវ​រៀបចំ។

ក្នុងការរៀបចំផ្ទះ ជា​របៀប​ដេ​គ័​រ​ផ្ទះ​ទៅតាម​ទិស​ដាក់​របស់ផ្សេងៗ​បន្សាប​ភាព​ស៊យ មាន​ដាក់​ភ្លើង​ពណ៌ ឬ​លោហៈ និង​វត្ថុ​ដទៃ​ទៀត មាន​មើល​ជ្រុង​ណា​ដែល​មាន​លុយ​ចូល។

ពិធី​ការិនី​ប្រចាំ​នៅ​ទូរទស្សន៍​ភី​អិន​អិន​កញ្ញា ម៉េង ប៊ុន​នី ហៅ ជី​មមី ដែល​កំពុង​មាន​ទីផ្សារ បាន​បញ្ជាក់​ទៀត​ថា៖ «កាល​ផ្ទះ​ចាស់​បាន​ដេគ័រ​ហើយ គ្រាន់​តែ​គិត​ថា​ចង់​លក់​ក៏​លក់​បាន​មែន»។

តារា​ស្រី​វ័យ​ម្ភៃ​ស្ដើង តែ​ល្បី​មាន​អចលនទ្រព្យ​ច្រើន​កន្លែង​រូបនេះ បាន​បន្ត​ទៀត​ថា៖ «ឥឡូវ​ផ្ទះ​ថ្មី​ក៏​ដេគ័រ​រួច​ហើយ​ដែរ ឃើញ​ថា​រស់​នៅ​បាន​សុខ​សប្បាយ អ៊ីចឹង​ទើប​បង​ជឿ​ទៅ​លើ​រឿង​មើល​ហុងស៊ុយ និង​ការ​រៀបចំ​ផ្ទះ​ទៅ​តាម​ក្បួន»។

យ៉ាងណាមិញ ពិធី​ការិនី​ពោរពេញ​ដោយ​ចំណេះដឹង​រូបនេះ​ក៏​មិន​បង្ហាញ​ជំហរ​ពឹង​អាស្រ័យ​តែ​ទៅ​លើ​ជំនឿ​ក្បួន​ហុងស៊ុយ​តែ​ម្យ៉ាង​នោះ​ទេ។

កញ្ញា​ក៏បាន​និយាយ​ដែរ​ថា៖ «បើសិនជា​យើង​រៀបចំផ្ទះ​ឲ្យ​មាន​ហុងស៊ុយ​រូច​ហើយ ប៉ុន្តែ​យើង​នៅ​តែ​ដេក​ផ្ទះ​មិន​ធ្វើការ​អី​នោះ​ក៏​មិន​មាន​លុយ​ដែរ»។

ពិធី​ការិនី រូប​ស្រស់ ជី​មមី ក៏​នៅតែ​រំឭក​ដែរ​ថា៖ «តែ​មនុស្ស​ខ្លះ​គាត់​ខំធ្វើការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​អស់​ហើយ នៅ​ពេល​ដែល​ក្រឡេក​មក​មើល​លទ្ធផល​ការងារ​វិញ​ហាក់​ដូចជា​មិន​បាន​ទទួល​អី​សោះ អ៊ីចឹង​ចំពោះ​ការ​មើល​ហុងស៊ុយ និង​ការ​ខំ​ប្រឹង​ប្រែង​ខ្លួន​ឯង​វា​គួប​ផ្សំគ្នា បើ​ពឹង​តែ​លើ​ម្ខាងៗ​នោះ គឺ​វា​មិន​ល្អ​ទេ»៕