ភ្នំពេញៈ ដំណើរ​កន្លះ​ទសវត្សរ៍​លើ​វិថី​សិល្បៈ​ដែល​ផ្ដើម​ជំហាន​តាមរយៈ​ការប្រកួត​សមត្ថភាព​ចម្រៀង កញ្ញា​សិចស៊ី​សាច់សខ្ចី ឈិន សៀវម៉ី មិន​ដុះដាល​លើ​ថ្នាល​ចម្រៀង​បែរ​ជា​មក​កាក់កប​នឹង​ទីផ្សារ​សម្ដែង​ខ្សែភាពយន្ត​ទៅវិញ​។

តារាសម្តែង​ស្រី​ចូលចិត្ត​បង្ហាញ​ភាព​សិចស៊ី​ផ្លាស់ប្តូរ​ពី​សម្លៀកបំពាក់​សមរម្យ ដើម្បី​ចាប់​យក​ចំណាប់​អារម្មណ៍​ពី​អ្នកគាំទ្រ​កញ្ញា​ ឈិន សៀវម៉ី ហាក់​សម្បូរ​ទីផ្សារ​ថតកុន​ក្រោយ​បញ្ចប់​រឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយឆា​» ក្នុង​តំណែង​ជា​តួអង្គ​សំខាន់​ម្នាក់​នៅក្នុង​សាច់រឿង​។

ជុំវិញ​ការជោគជ័យ​លើ​វិស័យ​សម្ដែង​ផ្ទុយ​ពី​ប្រភព​ចាប់ផ្ដើម​សិល្បៈ​ដំបូង តារាសម្តែង​ស្រី​វ័យក្មេង​កញ្ញា ឈិន សៀវម៉ី បាន​ផ្តល់​បទសម្ភាស​មក​កាន់ ភ្នំពេញ ប៉ុស្តិ៍ ពី​ការចូល​សិល្បៈ​ដំបូង​ថា​៖ «​ខ្ញុំ​ចូល​សិល្បៈ​ក្នុង​ការសម្តែង​អស់​រយៈពេល​ ៥ ​ឆ្នាំ​ហើយ ប៉ុន្តែ​ពី​មុន​មក​មិន​សូវ​មាន​ទីផ្សារ​ថតកុន​ប៉ុន្មាន​ទេ មាន​តែ​ការសម្តែង​ក្នុង MV និង​ថត​ស្ប៉ត​តិចតួច​ប៉ុណ្ណោះ ទើប​តែ​សម្បូរ​ការសម្តែង​កុន​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ​នេះ​ទេ​»​។

តារាស្រី​វ័យ​ ​២៣ ​ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​ពី​ការចូល​សិល្បៈ​ដំបូង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​តាមរយៈ​ការប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង «​ពេជ្រ​កំពុង​ច្នៃ​» របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ឆ្នាំ​ ២០១២ ប៉ុន្តែ​មិន​ទទួល​បាន​ជយលាភី​ទេ ហើយ​មក​ដល់​ឆ្នាំ​ ២០១៤ និង​ ២០១៥ ទើប​ខ្ញុំ​មាន​ការថត​ម៉ូដ​សម្លៀកបំពាក់​ចុះ​ក្នុង​ទស្សនាវដ្តី​»​។

តារាសម្តែង​ស្រី​សាច់​សខ្ចី​ដែល​ទើប​ទទួល​បាន​ការចាប់​អារម្មណ៍ និង​មាន​ការគាំទ្រ​ដោយសារ​សមត្ថភាព​ក្នុង​ការសម្តែង​គួបផ្សំ​ជាមួយ​សម្រស់​ស្រស់ស្អាត​ក៏​បាន​បង្ហើប​ថា តាំងពី​បរាជ័យ​ក្នុង​ការប្រលង​ចម្រៀង​មក រូប​កញ្ញា​ក៏​លែង​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ការច្រៀង​ទៀត​ដែរ​។ យ៉ាងណា​មិញ​កញ្ញា សៀវម៉ី នៅ​តែ​មាន​ចំណូលចិត្ត​ច្រៀង​លេង​នៅ​ពេល​ទំនេរ និង​មិន​ទាន់​គិត​ថា ចង់​សម្រេច​ក្ដីប្រាថ្នា​ក្លាយ​ជា​តារាចម្រៀង​អាជីព​នោះ​ទេ​។

ចំពោះ​ការថត​កុន​វិញ​កញ្ញា ឈិន សៀវម៉ី ទើបតែ​រំលេច​វត្តមាន​ក្នុង​ការសម្ពោធ​រឿង​ភាគ​របស់​ទូរទស្សន៍​ភីអិនអិន​ជា​តួអង្គ​សំខាន់ «​ថ្ងៃ​មុន​ស្អប់ ថ្ងៃនេះ​ស្រឡាញ់​» ជា​ខ្សែភាពយន្ត​សំខាន់​សម្រាប់​ទូរទស្សន៍​ភីអិនអិន​ក្នុង​ឆ្នាំ​ ២០១៩​។ នាង​ក៏​កំពុង​តែ​សម្តែង​ឲ្យ​ផលិតកម្ម​រស្មី​ហង្សមាស​ដោយ​តារាស្រី​រូបនេះ​សុំ​មិន​ទាន់​បង្ហាញ​ចំណងជើង​នៅ​ឡើយ​ទេ​។

តារាស្រី​វ័យក្មេង​ចូលចិត្ត​បង្ហាញ​ដើមទ្រូង​រូបនេះ​ទើប​តែ​បាន​សម្តែង​ក្នុង​កុន​ភាគ​បាន ៥ រឿង​ក្នុង​រយៈពេល ២ ឆ្នាំ​ក្រោយ​នៃ​ការចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​វ័យក្មេង​មក​រួម​ទាំង​រឿង «​ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់​» ​មាន​រឿង មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា រឿង កូនប្រសា​ឡឺកឺ (​ជា​តួឯក​ស្រី​) រឿង អាពាហ៍ពិពាហ៍​ចម្លែក និង​រឿង ថ្ងៃ​ណា​កូន​មាស​ម្តាយ​។

សម្រាប់​កុន​ដុំ​វិញ​កញ្ញា ឈិន សៀវម៉ី ទើប​តែ​ថត​បាន​ ១ ​រឿង​ប៉ុណ្ណោះ​ជា​ខ្សែ​ភាពយន្ត​ខ្មោច​បែប​កំប្លែង និង​ជា​តួអង្គ​ខ្មោច​ដែល​មិន​ទាន់​ចាក់​បញ្ចាំង​នៅ​ឡើយ​ទេ ប៉ុន្តែ​កំពុង​តែ​មាន​គម្រោង​សម្ពោធ​នៅ​ឆាប់ៗ​នេះ​ផង​ដែរ​៕