ភ្នំពេញ: ជាមួយ​រូបថត​កៀកកើយ​ដ៏ផ្អែមល្ហែម​មាន​ទាំង​រូប​គ្រង​ឈុត​កូនកំលោះ​កូនក្រមុំ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម តារាសម្តែង​ស្រី​ល្បី​ខាង​ស្លៀកពាក់​សិចស៊ី​បញ្ចេញ​ដើមទ្រូង​កញ្ញា ដួង ម៉ានិច្ច និង​តារាចម្រៀង​បទ​អូរីជីណល​ប្រុស​វ័យក្មេង​លោក ថៃ អតិជាតិបុត្រ បាន​ធ្វើឲ្យ​មហាជន​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​ថា តើ​ស្នេហា​ខុស​ជំនាន់​ដល់​ទៅ​ជាង​ ១០ ​ឆ្នាំ​នេះ​គ្រាន់​តែ​ជា​រូបភាព​សម្ដែង​ស្រូប​យក​ចំណាប់​អារម្មណ៍ ឬ​ក៏​ជា​ចំណង​ស្នេហ៍​ពិត​ឥត​បន្លំ​ភ្នែក​។

ខណៈ​មាន​ការចោទសួរ​ជាច្រើន​ពី​អ្នក​ប្រើ​ក្នុង​បណ្ដាញ​សង្គម​ថា «​តារាចម្រៀង​ប្រុស​វ័យ​ជិត​ ២០ ​ឆ្នាំ និង​តារា​ស្រី​សម្តែង​វ័យ​ជ្រេ​ចូល​សាមប្លាយ​កំពុង​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ពិត​ឬទេ​?» អ្នក​ខ្លះ​ទៀត​បាន​ត្រឹម​តែ​គិតថា​ជា​ការសម្តែង ដើម្បី​បំផុស​ចំណាប់​អារម្មណ៍​បង្កើន​ប្រជាប្រិយភាព​ទាំង​សង​ខាង​ប៉ុណ្ណោះ​។

តារាស្រី​រាង​ស្រលូន​មាន​ទេពកោសល្យ​សម្ដែង​គ្រប់​ទម្រង់​បាន​ល្អ​កញ្ញា ដួង ម៉ានិច្ច ទើប​តែ​បង្ហើប​ដំណឹង​ស្នេហ៍​របស់​នាង​ជាមួយ​សង្សារ​វ័យក្មេង​កាលពី​ខែ​មិថុនា​នេះ ប៉ុន្តែ ដួង ម៉ានិច្ច តែងតែ​បង្ហាញ​វត្តមាន​ជាមួយ​តារាចម្រៀង​វ័យក្មេង​លោក ថៃ អតិជាតិបុត្រ ​ហើយ​បណ្តើរ​គ្នា​ធ្វើ​ការងារ​សិល្បៈ​រួម​គ្នា​ជា​បន្តបន្ទាប់​ដូចជា​ការឡើង​ច្រៀង​ក្នុង​ការប្រគំ​តន្ត្រី​រួម​គ្នា​ទៀត​ផង​។

ទោះ​ជា​រង​ចម្ងល់​ច្រើន​ជុំវិញ​ទំនាក់ទំនង​ស្នេហា​សម្ដែង​បែប​មែនទែន​រវាង​តារា​ស្រី​ប្រុស​ខុស​ជំនាន់​នេះ​ក្ដី ក៏​ពុំ​មាន​ភាគី​ណាមួយ​ចេញ​មុខ​បកស្រាយ​ជម្រះ​មន្ទិល​ស្នេហ៍​ចចាមអារ៉ាម​នេះ​ឡើយ​។

ស្រីស្រស់ ដួង ម៉ានិច្ច ជា​តារាសម្តែង​ស្រី​ម្នាក់​ដែល​ទទួល​បាន​ប្រជាប្រិយភាព ដោយ​បាន​គ្រង​តំណែង​តួឯកស្រី​ក្នុង​រឿង «​ភ្លើង​» និង​រឿង​ «​ហង្ស​បាក់ស្លាប​» ព្រម​ទាំង​មាន​ការថត MV ជាមួយ​ផលិតកម្ម​ល្បីៗ​ដូចជា​ហង្សមាស​ជាច្រើន​បទ​ផង​ដែរ​។

ក្រោយពី​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​ស្នេហ៍​ខុស​វ័យ​នេះ​ផង​ដែរ ទីផ្សារ​សិល្បៈ​របស់​កញ្ញា ដួង ម៉ានិច្ច ហាក់​ដូចជា​មិន​ថមថយ​ទេ​។

ខណៈ​ចំណង​ស្នេហ៍​តារាស្រី​រៀមច្បង និង​តារាចម្រៀង​វ័យក្មេង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល​ក៏​ពិតមែន ក៏​ប្រិយមិត្ត​ខ្លះ​ដែល​គាំទ្រ​តារា​ខុស​ជំនាន់​ទាំង​ ២ ​ដួង​បែរ​ជា​ជូនពរ​ ដួង ម៉ានិច្ច និង​លោក ថៃ អតិជាតិបុត្រ មាន​ដំណឹង​ល្អ​ឆាប់ៗ​ទៅ​វិញ​។

ស្រប​ពេល​ដែល​ភាពស្និទ្ធស្នាល និង​រូបថត​ផ្អែមល្ហែម​រវាង​កញ្ញា ដួង ម៉ានិច្ច និង​បុរស​សង្ហា ថៃ អតិជាតិបុត្រ កាន់តែ​ត្រូវ​បង្ហោះ​ច្រើន​ឡើងៗ និង​រឹតតែ​បង្កើន​នូវ​មន្ទិល​ស្នេហ៍​ក្រៅ​ឆាក​នោះ តារា​ប្រុស​ស្រី​ទាំង​ ២ ​ដួង​ក៏​មិន​ទាន់​មាន​អ្នក​ណាម្នាក់​អាច​ជម្រះ​មន្ទិលសង្ស័យ​នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​លេខ​ទូរស័ព្ទ​របស់​កញ្ញា ដួង ម៉ានិច្ច ដែល​ធ្លាប់​តែ​ទាក់ទង​ចូល តែ​មិន​មាន​អ្នក​ទទួល​។

ប៉ុន្តែ​ក៏​មាន​ដំណឹង​លេចឮ​មក​ថា តារាស្រី​ប្រុស​ទាំង​ ២ ដែល​ជាប់​មន្ទិល​ស្នេហ៍​ក្រៅ​ឆាក​នេះ​ក៏​នៅ​មាន​ការងារ​សិល្បៈ​ច្រើន​រួម​គ្នា​ជា​បន្តបន្ទាប់​ទៀត​ដែរ​៕