ក្រុង​បាងកក៖ ការ​ផ្ដល់​ចំណី​មិន​គ្រប់គ្រាន់ និង​ការ​ដាក់​ច្រវាក់​ជើង​រាប់​ម៉ោង បាន​ធ្វើ​ឲ្យ​ដំរី​រាប់​សិប​ក្បាល​នៅ​ប្រទេស ​ថៃ ​ប្រឈម​​​ការ​អត់​ឃ្លាន លក់​បន្ត​ទៅ​សួន​សត្វ ប្រើ​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ និង​ដើរ​សុំទាន ខណៈ​​ដែល​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំនួន​ភ្ញៀវ​ទេសចរ​មួយ​ផ្នែក​ធំ។

មុន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ជីវិត​របស់​សត្វ​ដំរី​ប្រមាណ ២ ០០០ ក្បាល ​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​​​ថៃ​​​រង​ការ​ធ្វើ​បាប​ដោយ​ហិង្សា​បង្ខំ​​ឲ្យ​ផ្ដល់​​ការ​កម្សាន្ត​ដល់​មនុស្ស​ ដូចជា​ការ​ដឹក​ដើរ​លេង និង​ការ​សម្ដែង​ជាដើម។

ដល់​វេលា​ដែល​វិស័យ​ទេសចរណ៍​ទូទាំង​សកល​លោក​ប្រែ​ជា​​ទ្រឹង សត្វ​ទាំង​នេះ​អស់​ឱកាស​ស្វែងរក​ចំណូល ចិញ្ចឹម​ក្រពះ​ពួក​វា​ដែល​ ១ ក្បាលៗ ​ត្រូវ​ការ​អាហារ​​ ៣០០ គីឡូ​ក្រាម​ក្នុង ​១ ​ថ្ងៃ។​

ភ្ញៀវទេសចរ​ថតរូប​លេង​ជាមួយ​ដំរី​នៅ​ប្រទេស​ថៃ​។ រូបថត AFP

ជំរំ​សត្វ​ដំរី និង​ក្រុម​អ្នក​អភិរក្ស​សត្វ​បាន​ព្រមាន​ថា ភាព​អត់​ឃ្លាន និង​ការ​គំរាមកំហែង​ប្រើប្រាស់​សត្វ​ក្នុង​គោល​បំណង​​ផ្សេង នឹង​កើត​មាន​ឆាប់ៗ ​បើ​មិន​មាន​វិធានការ​បន្ទាន់។

នៅ​ឈៀងម៉ៃ ​​ជា​តំបន់​ទេសចរណ៍​ដ៍​ល្បីល្បាញ​នៅ​ភាគ​ខាង​ជើង​ប្រទេស ​ថៃ គឺ​ជា​ទឹកដី​​​សម្បូរ​ជំរំ​សត្វ​ដំរី និង​តំបន់​អភិរក្ស ដោយ​ក្នុង​នោះ​កន្លែង​ខ្លះ​ស្អុយ​ឈ្មោះ​ពី​ទង្វើ​ធ្វើ​បាប​សត្វ ហើយ​កន្លែង​ខ្លះ​ទៀត​ចិញ្ចឹម​សត្វ​ប្រកប​ដោយ​​មនុស្ស​ធម៌។

ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​មក​ទីភ្នាក់ងារ AFP បាន​បង្ហាញ​ទិដ្ឋភាព​ដំរី​ជាប់​ខ្នោះ​ជើង​នឹង​បង្គោល ហើយ​គ្រវី​ក្បាល​ទៅ​មក​បែប​មួម៉ៅ នៅ​ជំរំ​មួយ​កន្លែង។

ពួក​វា​ស្ថិត​ក្នុង​ចំណោម​ដំរី​​ ២ ០០០ ក្បាល​ ដែល ​«អត់​ការងារ​ធ្វើ» ព្រោះ​អវត្តមាន​ភ្ញៀវ​ទេសចរ។ នេះ​បើ​យោង​តាម​ Theerapat Trungprakan ប្រធាន​សមាគម​សម្ព័ន្ធ​ដំរី​​។

ដំរីអស់​ការ​ងារ​ធ្វើ​ក្នុង​វិស័យ​ទេសចរណ៍អាច​ធ្លាក់​ខ្លួន​ដើរសុំ​ទាន​តាមផ្លូវ​​​។ រូបថត AFP

លោក​បារម្ភ​ថា សត្វ​ទាំង​នោះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់ ឬ​ដើរ​សុំទាន​។

ការ​ថមថយ​ការងារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​របស់​សត្វ​ដំរី បាន​ផ្ដើម​ដាំ​ក្បាល​ចុះ​តាំង​ពី​ចុង​ខែ​មករា ​​ពេល​​​ភ្ញៀវ​​ទេសចរ ៤០ លាន​នាក់ មក​កាន់​ប្រទេស ​ថៃ បាន​ធ្លាក់​ចុះ ៨០ ភាគរយ នៅ​ខែ​កុម្ភៈ ព្រោះ​តែ​ទីក្រុង​មួយ​ចំនួន​នៅ​ចិន​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ។

សេចក្ដី​អំពាវនាវ​ជា​ច្រើន​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ថវិកា​គាំទ្រ​ជំរំ​ដំរី ដើម្បី​ថែរក្សា​សត្វ​ទាំង​នោះ​បន្ត​ទៀត។

ម្ចាស់​ឧទ្យាន​សង្គ្រោះ​ដំរី Apichet Duangde ​​ត្អូញត្អែរ​ថា៖ «ក្នុង ​១ ​ថ្ងៃ យើង​ត្រូវ​ការ​យ៉ាង​តិច ១ ០០០ បាត (៣០ ដុល្លារ) ក្នុង​ការ​ចិញ្ចឹម​ដំរី ​១ ​ក្បាល»។

បើ​​ទ័ល​ច្រក​ខ្លាំង ដល់​ថ្នាក់​ត្រូវ​លែង​ដំរី​ទាំង ៨ ក្បាល ​ដែល​លោក​បាន​សង្គ្រោះ​ពី​រោង​សៀក និង​ក្រុម​កាប់​ឈើ​​ខុស​ច្បាប់​នោះ​ឲ្យ​ចូល​ព្រៃ​វិញ​ ពួក​វា​រឹត​តែ​ប្រឈម​​​ការ​ស្លាប់​ដោយសារ​​ការ​ប្រហារ​ពី​ដំរី​ព្រៃ​កាង​ជម្រក។

លោក​ប្ដេជ្ញា​ថា៖ «ខ្ញុំ​​មិន​បោះបង់ ពួក​វា​ចោល​នោះ​ទេ»៕ AFP