ភ្នំពេញ៖ នាដើមឆ្នាំ ២០២០ នេះ តារាសម្តែង និងចម្រៀងចូលចិត្តច្រៀង Cover បទពីដើមបង្ហោះតាម YouTube មានរាងស្រលូនស្អាត កញ្ញា ឌី សូនិត្តា បានធ្វើទង្វើបុណ្យកុសលជាអ្នកសិល្បៈគំរូ ជាមួយទឹកចិត្តសប្បុរសនាំថវិកាផ្ទាល់ខ្លួនជាង ៣ ពាន់ដុល្លារ បានពីញើសឈាមសម្តែងកុន មកបរិច្ចាគមន្ទីរពេទ្យគន្ធបុប្ផានាពេលថ្មីៗនេះសោះ ស្រាប់តែងាកមកផុសផុលរឿងបើកអាជីវកម្មក្រៅសិល្បៈ ហើយសុំធីបការងារសិល្បៈ ១ ឆ្នាំសិន។
តារាស្រីរាងស្ល៊ីម ដែលជារឿយៗមហាជនឃើញការសម្តែងកុនតួអង្គកាចឆ្នាស និងតួស្រីដ៏រឹងមាំសម្តែងក្បាច់គុនវាយប្រហារកញ្ញា ឌី សូនិត្តា បានបង្ហោះរូបបង្ហាញពីការបង្កើតអាជីវកម្មនៅក្រៅសិល្បៈ គឺបើក «សម្អាងការ ឌី សូនិត្តា-Dy Sonita Embellishment» ធ្វើឲ្យផ្អើលមហាជន និងមិត្តអ្នកសិល្បៈ ដោយល្បីបានចំណាយដើមទុនខ្ទង់ពី ១០-២០ ម៉ឺនដុល្លារឯណោះ។
តារាសម្តែង និងចម្រៀង ឌី សូនិត្តា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «ចាសបង! សម្អាងការឌី សូនិត្តា-Dy Sonita Embellishment នាងខ្ញុំទើបតែដំណើរនាពេលថ្មីៗនេះ ដែលមានលក្ខណៈទ្រង់ទ្រាយធំសម្រាប់តម្រូវការមង្គលការរបស់បងប្អូនខ្មែរយើងតែម្តង។ តាមពិតទៅ គម្រោងបើកសម្អាងការនេះ នាងខ្ញុំបានសន្សំចិត្តទុកអស់រយៈពេល ២ ឆ្នាំមកហើយ ទើបតែនៅឆ្នាំនេះ បានសម្រេចគោលដៅ»។
ពាក់ព័ន្ធការបើកសម្អាងការនេះ ក៏មានការចោទសួរ ថាតើបានចំណាយដើមទុនអស់ប៉ុន្មាន និងមានអ្នកណាចូលភាគហ៊ុនដែរ ឬទេ ហើយមានការលៃពេលយ៉ាងណាដែរ រវាងការងារសិល្បៈ និងរបរអាជីវកម្មនោះ? តារាស្រីដែលកំពុងតែមានរាសីឡើងជាលំដាប់នាប៉ុន្មានឆ្នាំចុងក្រោយ នៅលើវិថីសិល្បៈទាំងថតកុន ការថតស្ប៉ត និងការថតចម្រៀងជាដើមរូបនេះ បានឆ្លើយទាំងសម្តីបែបចង់លាក់លៀមថា៖ «ចំពោះរឿងហ្នឹង សុំមិនបរិយាយបានទេបង! តែដូចខាងបងជ្រាបស្រាប់ហើយ ចំពោះមុខរបរនេះ ហើយមានទ្រង់ទ្រាយធំដុំ ការចំណាយដើមទុន បើមិនមានចន្លោះ ១០-២០ ម៉ឺនដុល្លារ នោះទេ ប្រហែលជាមិនអាចដំណើរការបានទេ។ សម្រាប់ពេលនេះ ខ្ញុំត្រូវផ្អាកទទួលការងារថតកុននានា ១ ឆ្នាំសិន គឺចាំឆ្នាំ ២០២១ បានចាប់ផ្តើមទទួលការងារថតសិល្បៈវិញ ដោយសារត្រូវការពេលមកពង្រឹងការងារអាជីវកម្មសិនហើយការថតកុនត្រូវប្រើពេលយូរ ដូច្នេះអាចប៉ះពាល់នឹងការងាររកស៊ី សម្អាងការនេះដែរ ប្រសិនបើខ្ញុំទទួលនោះ»។
កញ្ញា ឌី សូនិត្តា បញ្ជាក់បន្តថា៖ «តែសម្រាប់ការថតស្ប៉តនានាវិញនោះ នាងខ្ញុំនឹងមិនផ្អាកទេ គឺនៅទទួលដូចជាមុនៗដែរ ព្រោះការងារថតស្ប៉តប្រើពេលខ្លី ខ្ញុំអាចឆ្លៀតបាន ហើយក៏ទទួលបានតម្លៃខ្លួនថតថ្លៃគួរសមផងដែរ»។
គួររំឭកដែរថា មុននេះបន្តិច ដោយមានអមដំណើរជាមួយអ្នកម្តាយជាទីស្រឡាញ់នោះ កញ្ញាឌី សូនិត្តា បាននាំយកថវិកាចំនួន ៣ ២៨៩ $ មកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈថវិកាទាំងនោះ គឺបានមកពីប្រាក់កម្រៃ ដែលសេសសល់ប៉ុន្មានភាគរយពីការថតរឿងភាគចុងក្រោយរបស់ទូរទស្សន៍ និងជាការបើកលុយលើកទី ២ នោះ៕