ភ្នំពេញ៖ តារាសម្តែងស្រី និងចម្រៀងចូលចិត្ត Cover បទពីដើមបង្ហោះតាមប៉ុស្តិ៍ Channel ផ្ទាល់ខ្លួន រាងស្រលូនស្អាត កញ្ញា ឌី សូនីតា ត្រូវបានមហាជនកោតសរសើរថា ជាអ្នកសិល្បៈគំរូ ជាមួយទឹកចិត្តសប្បុរស ដែលចែករំលែកថវិកាផ្ទាល់ខ្លួនជាង ៣ ពាន់ដុល្លារ បានពីកម្លាំងញើសឈាមសម្តែងកុន មកបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ។
តារាស្រីមានរាងស្ល៊ីម ដែលជារឿយៗមហាជនឃើញការសម្តែងរបស់នាង គឺជាតួអង្គមានភាពកាចឆ្នាស និងតួស្រីដ៏រឹងមាំ សម្តែងក្បាច់គុនវាយប្រហារ កញ្ញា ឌី សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នាពេលនាំយកអំណោយផ្ទាល់ខ្លួន ដើម្បីសម្តែងនូវការដឹងគុណទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថា រូបខ្លួនក៏ធ្លាប់បានការជួយព្យាបាលជំងឺ កាលពីនាងនៅក្មេងវ័យនោះ កាលពីថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងមក។
អមដំណើរដោយអ្នកម្តាយជាទីស្រឡាញ់ផងដែរនោះ កញ្ញា ឌី សូនីតា ក៏បង្ហើរសារថា៖ «ថ្ងៃនេះខ្ញុំ ហើយនិងអ្នកម្តាយបាននាំយកថវិការចំនួន ៣ ២៨៩ $ មកជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ថវិកាទាំងអស់គឺបានមកពីប្រាក់កម្រៃ ដែលសេសសល់ប៉ុន្មានភាគរយពីខ្ញុំថតរឿងភាគចុងក្រោយរបស់ទូរទស្សន៍ ដែលបានបើកលុយជាលើកទី ២ នេះ គឺខ្ញុំយកមកជូនមន្ទីរពេទ្យទាំងអស់។ លុយនេះអាចមិនមានចំនួនច្រើនសម្រាប់អ្នកធូរធារ តែវាអាចនឹងច្រើនសម្រាប់អ្នកខ្វះខាត ជាពិសេសក្មេងៗទាំងអស់ដែលកំពុងតែត្រូវការជំនួយនៅឯមន្ទីរពេទ្យផ្ទាល់។
កញ្ញា ឌី សូនីតា បន្តថា៖ «ខ្ញុំនៅតែដឹងគុណដល់មន្ទីពេទ្យគន្ធៈបុប្ផា ព្រោះបើមិនមានមន្ទីរពេទ្យនេះទេ ខ្ញុំនឹងមិនអាចរស់រានមានជីវិតដល់សព្វថ្ងៃឡើយ។ សូមឲ្យបុណ្យកុសលដែលខ្ញុំបានធ្វើ សូមជួយឲ្យខ្ញុំ និងអ្នកម្តាយជួបតែមនុស្សល្អ មិត្តល្អ ក្រុមការងារល្អ សុខភាពល្អ ជាពិសេសសូមឲ្យប្រជាពលរដ្ធខ្មែរទាំងអស់រស់ផុតចាកទុក្ខ និងទទួលបានសុខសប្បាយទាំងអស់គ្នា»។
រំពេចនោះក៏មានសារកោតសរសើរពីសន្តានចិត្តធម៌ពីតារាសម្តែងស្រីរាងស្រលូន រូបស្រស់ស្អាត បានចូលទៅ Comment យ៉ាងច្រើន ដោយចាត់ទុកថា ជាគំរូដ៏ល្អសម្រាប់អ្នកសិល្បៈ ដែលហ៊ានចែករំលែកថិវិកាផ្ទាល់ដែលបានពីការងារសិល្បៈទៅធ្វើអំពើល្អជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
មតិខ្លះបានលើកសរសើរកញ្ញាភ្លាមៗថា៖ «ពិតជាប្រសើរខ្លាំងណាស់ ដែលតារាដ៏ស្រស់ស្អាត គិតគូរដល់ប្រជាពលរដ្ឋគិតគូរដល់ក្មេងៗ ដែលជួបទុក្ខលំបាក (ភាគតិចណាស់អ្នកដែលមានចិត្តធម៌ដូចជាកញ្ញា Dy Sonita) សូមអរគុណនូវទឹកចិត្តដ៏ជ្រះថ្លា សូមប្រកបដោយសេចក្ដីសុខគ្រប់ពេលវេលា។ សូនីតា ពូសូមសរសើរក្មួយស្រី គឺថាក្មួយស្រី ស្អាតហើយ មានទឹកចិត្តល្អទៀត។ អរគុណជំនួសក្មេងៗ និងម្តាយក្មេងៗផងដែលបានទទួលថវិកានេះពីតារាដ៏គួរឲ្យស្រឡាញ់ សូមព្រះប្រទានពរឲ្យអូនសុខសប្បាយរហូត (គួរឲ្យស្រឡាញ់)» និងសារខ្លះទៀតបាននិយាយថា៖ «ប្រពៃណាស់កូនស្រី ជូនពរកូនស្រី ជួបតែសំណាងល្អ និងរឿងល្អៗក្នុងជីវិត។ បុណ្យកូនខំធ្វើសូមផលបុណ្យជួយតាមថែរក្សាការពារកូន ចៀសផុតពីពួកមារ ទាំងពួង និងឲ្យជួបនូវក្តីប្រាថ្នាដែលកូន សុំបានសមដូចបំណង»៕