ភ្នំពេញ: ​​វណ្ណ​កម្ម​​ថ្មីរបស់ផលិតកម្ម​​មហា​ហង្ស ភាព​យន្ត​​​ខ្នាត​ធំ ដែល​និយាយ​ពី​លក្ខណៈ​ចម្លែក​គ្នា​នៃ​​​កូនភ្លោះ មាន​ចរិត​​ខុស​គ្នាទាំង​ស្រុង​ ​​​រឿង​ «ណូ​លី ណូ​ឡា» ផ្ដើម​​​ចាក់​បញ្ចាំងចាប់ពី​​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ នៅ​គ្រប់​រោងកុន​ទំនើប​​នានាទូទាំង​ប្រទេស​កម្ពុជា ក្រោយ​ពី​បាន​​បើក​ស​ម្ពោធ​កាល​ពី​ល្ងាច​ ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិល​មិញ​។​

កញ្ញា ម៉ៅ ចាន់​រស្មី ជា​អ្នកនិពន្ធ​រឿង«ណូលីណូឡា»។​ហេង ជីវ័ន

ភាពយន្តខ្នាតធំ​បែប​កំប្លែង និង​មនោសញ្ចេតនា​ស្នេហា​មួយរឿងនេះ ​មានភាព​ខុសប្លែក​ពីរឿងមុនៗ​ ដែល​ផលិតកម្ម​មហាហង្ស​បាន​ផលិត​មក ពីព្រោះ​ថារឿងនេះ ​​មាន​ឈុតឆាក​សើចចុកពោះ​ជា​ច្រើន ទាក់ទងនឹងតួអង្គ​ជា​​បង​ប្អូន​ភ្លោះ ​ដែល​មាន​ទាំង​រូបរាង​ ការ​តាក់តែង​កាយ និង​​ ចរិត​ខុស​គ្នា​ស្រឡះ ​បង្កឲ្យ​មានការ​ឈ្លោះទោះទែងគ្នាតាំង​ពី​ដើម​រហូត​ដល់​ស្ទើរ​ចុង​បញ្ចប់​នៃ​សាច់រឿង​។​

ណូលី និង ណូឡាជាកូនភ្លោះស្រីពីរនាក់ដែលខុសគ្នាគ្រប់យ៉ាងមិនថា រូបរាង និងអត្តចរិត។ ឪពុកម្តាយរបស់ ណូលី និង ណូឡា បានលែងលះគ្នាតាំងពីពួកនាងនៅតូច ហើយក៏ចែកកូនចិញ្ចឹមរៀងខ្លួន។ សម្ដែង​​ដោយស្រីស្រស់ ឌុច លីដា តួអង្គ ណូលី ជាបងស្រី នាងរស់នៅជាមួយម្តាយ ដែលមានចរិត ឆើតឆាយ ហ៊ឺហារ ធ្វើឲ្យ ណូលី ក៏ក្លាយជាជានារី ចូលចិត្តការសប្បាយ។ ចំណែកឯ​អ្នកនាង ភិន សុដាលី ដែល​ជា​តួអង្គ​ប្អូនស្រី ណូឡា វិញ នាងជានារីម៉ឹងម៉ាត់ សាមញ្ញ និងចូលចិត្តជួសជុលរថយន្ត ដូចជាកូនប្រុស ព្រោះតែរស់នៅជាមួយឪពុក ជាជាងជួសជុលឡាន។

បន្ថែម​សំណើច​ដល់ខ្សែភាពយន្ត​នេះ គឺ​វត្តមាន​របស់​តួអង្គ​កំប្លែង​នាយ ពែកមី អ្នកនាង ខ្ញុង តារាសម្តែង​ជើងចាស់​​​អ្នកស្រី​ ចាន់ តារាទី លោក ភឹម​ តារាវិបុល លោក អូន ឧស្សាហ៍ ​ ឌីជេ កាកា ​លោក ងួន សុបិន លោក រ៉ានី​ រ៉ាស៊ីនី អ្នកនាង ប៉េងប៉ោង នាយ ក្រឹប និង នាយ យក្ស ព្រម​ទាំ​ង​​តារាកិត្តយស​ជាច្រើនដួងទៀត ​ដែលសុទ្ធតែ​មានទេពកោសល្យ​ក្នុងការសម្តែង​ទៀតផង។

ខាងក្រោមនេះ ជា​បណ្តុំរូប​ភាព​តារា​សម្តែងល្បីៗក្នុង​រឿង«ណូលី ណូឡា» និង​ផលិត​ករ​ល្បីជើង​ចាស់ ភ្ញៀវ​កិត្តិយស​៖​

តារាចម្រៀង​​អ្នក​នាង អេដា នាំ​​​ម្ចាស់ស្នេហ៍​មក​ចូលរួម​​កម្មវិធីសម្ពោធ​ខ្សែភាពយន្ត។ហេង ជីវ័ន

តារា​សម្ដែង​ក្នុង​ភាពយន្ត​រឿង ណូលី ណូឡា ចូលរួម​ក្នុងពិធីកាត់ខ្សែបូរ​សម្ពោធ​ការ​ចាក់បញ្ចាំង។ហេង ជីវ័ន

ស្រីស្រស់ ឌុច លីដា គ្រង​ឈុត​រ៉ូប​ពណ៌លឿង​ឆើត បណ្ដើរ​តារា​រូបសង្ហា​លោក​ ណាខុន មក​ចូលរួម​កម្មវិធីសម្ពោធភាពយន្ត។ហេង ជីវ័ន

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម​មហាហង្ស ផ្ដល់បទ​សម្ភា​ស​ដល់អ្នកព័ត៌មាន។ហេង ជីវ័ន

អ្នកនាង ភិន សុដាលីស លោក អូន ឧស្សាហ៍ និង​លោក រ៉ានី​ រ៉ាស៊ីនី។ហេង ជីវ័ន

អ្នកនាង ភិន សុដាលីស និង​លោក រ៉ានី​ រ៉ាស៊ីនី សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​រឿង ណូលី ណូឡា។ហេង ជីវ័ន

ផលិតករ​ភាពយន្តល្បីឈ្មោះ លោក ឆាយ បូរ៉ា។ហេង ជីវ័ន

លោក ណាខុន និង​កញ្ញា ឌុច លីដា ផ្ដល់បទ​សម្ភាស​ដល់អ្នកព័ត៌មាន។ហេង ជីវ័ន