ភ្នំពេញៈ ព្រឹត្តិការណ៍ប្រគំតន្ត្រីចម្រៀងរបស់ស្ត្រីខ្មែរធ្វើឡើងនៅវិទ្យាស្ថានបារាំងនៅថ្ងៃសុក្រ ទី ២១ ខែមិថុនា ឆ្នាំ ២០១៩ នាចុងសប្តាហ៍នេះដែលជាការបង្ហាញលក្ខណពិសេសរបស់សិល្បៈតន្ត្រី និងខ្សែភាពយន្ត និងសំឡេងស្ត្រីដ៏ល្អបំផុតនៅប្រទេសកម្ពុជាក៏ដូចជាការយកចិត្តទុកដាក់ទៅដល់ទេពកោសល្យ និងភាពលេចធ្លោគួរឲ្យចាប់អារម្មណ៍ និងសំឡេងថ្មីៗរបស់តារាចម្រៀងរ៉ុកអេនរ៉ូលស្រីៗ។
ការប្រគំតន្ត្រីនេះនឹងមានការបង្ហាញលក្ខណពិសេសជាបន្តបន្ទាប់របស់អ្នកចម្រៀងស្រីគ្រប់វ័យ និងគ្រប់ប្រភេទដែលត្រូវបានគាំទ្រដោយក្រុមតន្ត្រីករនៃគម្រោងអវកាសកម្ពុជា ( The Cambodian Space Project) ដើម្បីសម្តែងបទចម្រៀងដែលពួកគេបានជ្រើសរើស។ ដោយឡែកអ្នកចម្រៀងខ្លះក៏អាចមានតម្រូវការជាក់លាក់សម្រាប់ការគាំទ្រតន្ត្រីរបស់ពួកគេ និងអាចនាំយកនូវអ្នកសម្តែងមកបន្ថែមទៀត ឬស្នើសុំបច្ចេកទេសជាក់លាក់ណាមួយក៏បាន។
បើតាមលោក ឆុន ប៊ុនឈឿន ជាបុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាននៃវិទ្យាស្ថានបារាំងបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញថា៖ «កម្មវិធីចម្រៀងស្ត្រីខ្មែរគឺជាការផ្តល់កិត្តិយសទៅដល់ជីវិត និងតន្ដ្រីរបស់អតីតតារាចម្រៀងរ៉ុកអេនរ៉ូលស្រី អ្នកនាង កាក់ ចាន់ធី និងអតីតតារាចម្រៀងស្រីនៃក្រុម The Cambodian Space Project ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ កន្លងមកក្នុងវ័យ ៣៨ ឆ្នាំ។
ចំពោះទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវយកទៅជួយគាំទ្រដល់កូនប្រុសវ័យក្មេងរបស់អ្នកនាង កាក់ ចាន់ធី និងគ្រួសារ។
បុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មានរូបនេះបន្តឲ្យដឹងទៀតថា៖ «ការប្រគំតន្ត្រីចម្រៀងរបស់ស្ត្រីនឹងត្រូវបានថតចម្លងដោយផ្ទាល់ និងនៅក្នុងគោលបំណងបង្កើតខ្សែភាពយន្តឯកសារពិសេសមួយដែលបង្ហាញពីលក្ខណពិសេសនៃសំឡេងស្ត្រីមួយចំនួនថ្មីៗដ៏ល្អបំផុតនៃប្រទេសកម្ពុជាដែលត្រូវបានថតនៅក្នុងការប្រគំតន្ត្រីដ៏ពិសេសមួយនេះ។ អ្នកសម្តែងម្នាក់ៗក៏នឹងត្រូវបានអញ្ជើញឲ្យរួមចំណែកថតចម្លងអាល់ប៊ុមដែលមានចំណងជើងដូចគ្នា ហើយពួកគេដែលជាក្រុមចម្រៀងរបស់ស្ត្រីខ្មែរបច្ចុប្បន្នកំពុងត្រូវបានគេរៀបចំ និងផលិតជាឯកសារទុកសម្រាប់ការចេញផ្សាយនៅដើមឆ្នាំ ២០២០ ខាងមុខផងដែរ»។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ ២០០៩ ក្រុមតន្ត្រី Cambodian Space Project ដែលមានតារាចម្រៀងស្រី កាក់ ចាន់ធី និងតន្ត្រីករ Julien Poulson បាននាំមកនូវបទចម្រៀងមរតកដើម រ៉ុកអេនរ៉ូល ពីសម័យកាលដ៏រុងរឿងមកប្រគំសម្ដែងឡើងវិញ។ ក្រុមតន្ត្រីដែលសាងភាពល្បីល្បាញ ពិសេសក្នុងស្រទាប់ជនបរទេសនៅកម្ពុជានោះក៏ទទួលបានឱកាសចូលរួមកម្មវិធីមហោស្រពតន្ត្រីទូទាំងទ្វីបអាស៊ីបណ្ដាប្រទេសនានានៅអឺរ៉ុប និងអូស្ត្រាលី។
សពរបស់អតីតតារាចម្រៀងស្រីរ៉ុកខេនរ៉ូលខ្មែរវ័យ ៣៨ ឆ្នាំដែលនិយមច្រៀងបទជាមរតកដើមនាទសវត្សរ៍ទី ៦០-៧០ និងមានក្រុមចម្រៀងជាមួយជនបរទេសអ្នកនាង កាក់ ចាន់ធី ត្រូវបានដឹកយកទៅធ្វើបុណ្យតាមគន្លងប្រពៃណីពុទ្ធសាសនាហើយនៅឯស្រុកកំណើតខេត្តព្រៃវែង។
ចំពោះការជួបគ្រោះថ្នាក់ចរាចរណ៍នោះគឺដោយសាររថយន្តម៉ាក Prius ពណ៌កណ្តុរប្រមេះ បុករ៉ឺម៉កង់បីធ្លាក់ដួលបែកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង ១ និង ៤០ នាទីយប់រំលងអធ្រាត្រចូលដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ នៅត្រង់ចំណុចបណ្តោយផ្លូវលេខ ១៦៣ ទិសដៅពីជើងទៅត្បូង (ផ្តុំភ្លើងស្តុបទួលទំពូងកែងផ្លូវភោជនីយដ្ឋានទន្លេបាសាក់ទី ១) ដែលបង្កការភ្ញាក់ផ្អើល និងមានការសោកស្តាយខ្លាំងពីអ្នកគាំទ្រ៕