ភ្នំពេញៈ សពរបស់តារាចម្រៀងស្រីរ៉ុកខេនរ៉ូលខ្មែរវ័យ ៣៨ ឆ្នាំ ដែលនិយមច្រៀងបទជាមរតកដើមនាទសវត្សរ៍ទី ៦០-៧០ និងមានក្រុមចម្រៀងជាមួយជនបរទេស អ្នកនាង កាក់ ចន្ធី ត្រូវបានដឹកយកទៅធ្វើបុណ្យតាមគន្លងប្រពៃណីពុទ្ធសាសនាហើយ នៅឯស្រុកកំណើតខេត្តព្រៃវែង ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាក Prius ពណ៌កណ្តុរប្រមេះ បុករម៉ក់កង់បីធ្លាក់ដួលបែកក្បាល ស្លាប់ភ្លាមៗកាលពីវេលាម៉ោង ១ និង ៤០ នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ នៅត្រង់ចំណុចបណ្តោយផ្លូវលេខ ១៦៣ ទិសដៅពីជើងទៅត្បូង (ផ្តុំភ្លើងស្តុបទួលទំពូង កែងនឹងផ្លូវនៅភោជនីដ្ឋានទន្លេបាសាក់ទី ១)។
បើតាមការបង្ហើបប្រាប់ពីលោក សុន សុភក្តិ ជាក្មួយប្រុសនៃសព បានឲ្យដឹងថា៖ «មូលហេតុនៃការជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់មីងរបស់ខ្ញុំ បណ្តាលមកពីរថយន្តម៉ាក Prius បើកបុករម៉ក់កង់បីរបស់ឥណ្ឌាពីក្រោយហើយធ្វើឲ្យមីងធ្លាក់ដួលបែកក្បាលស្លាប់មួយរំពេចកាលពីម៉ោងជិត២ យប់ បន្ទាប់ពីគាត់ចេញពិធីជប់លៀងមិត្តភក្តិគាត់។ នៅពេលនេះសពមីង បានដឹកមកដល់ផ្ទះនៅស្រុកជាទីកន្លែងកំណើតធ្វើបុណ្យ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែងហើយ»។
បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានអនឡាញក្នុងស្រុកមួយបានឲ្យដឹងបីអត្តសញ្ញានៃជនបង្កគ្រោះថ្នាក់ និងជាម្ចាស់រថយន្តម៉ាក Prius មិនមានស្លាកលេខ មានឈ្មោះ ងួន ស្រីនិច ភេទស្រី វ័យ ២១ ឆ្នាំ បើកពីទិសដៅពីលិចទៅកើតទៅបុករម៉ក់កង់បីរបស់ឥណ្ឌាពីក្រោយពេញទំហឹង ដែលតារាចម្រៀងស្រីរ៉ុកខេនរ៉ូល កាក់ ចន្ធី និងបុរសជនបរទេសកំពុងជិះ។
ក្រោយពីកើតហេតុ ខាងប៉ូលិសសង្កាត់ទួលទំពួង ក៏បានឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ជាម្ចាស់រថយន្តទៅធ្វើកំណត់ហេតុ និងសួរនាំមិនទាន់ប៉ុន្មានផង នាងក៏ភ័យរហូតដួលសន្លប់បាត់សា្មរតី។
ទន្ទឹមនឹងការបាត់បង់ជីវិតតារាចម្រៀងរបស់ខ្លួន នៅមួយម៉ោងមុននេះ ទំព័រហ្វេសប៊ុក Cambodian Space Project បានបង្ហាញការកាន់ទុក្ខដោយប្ដូររូបភាពទាំងអស់ជាពណ៌ខ្មៅ អមដោយសារសោកស្ដាយយ៉ាងខ្លាំងថា៖ «មិនមានពាក្យណាដែលអាចពិពណ៌នាការបាត់បង់របស់យើង។ សូមទៅកាន់សុខគតិភព ចន្ធី ពិតជាលាចាកលោកឆាប់ពេកហើយ។ យើងពិតជាខូចចិត្តខ្លាំងណាស់»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០០៩ ក្រុមតន្ត្រី Cambodian Space Project ដែលបានតារាចម្រៀង កាក់ ចន្ធី និងតន្ត្រីករ Julien Poulson បាននាំមកនូវបទចម្រៀងមរតកដើម រ៉ុកអេនរ៉ូល ពីសម័យកាលដ៏រុងរឿង មកប្រគំសម្ដែងឡើងវិញ។ ក្រុមតន្ត្រីដែលសាងភាពល្បីល្បាញ ពិសេសក្នុងស្រទាប់ជនបរទេសនៅកម្ពុជានោះ ក៏ទទួលបានឱកាសចូលរួមកម្មវិធីមហោស្រពតន្ត្រី ទូទាំងទ្វីបអាស៊ី បណ្ដាប្រទេសនៅអឺរ៉ុប និងអូស្ត្រាលី៕