ភ្នំពេញ៖ ដោយសារ​តែ​មាន​សន្តាន​ចិត្ត​​ចង់​ជួយ​សម្រួល​​ផល​លំបាក​ដល់​​បងប្អូន​ខ្មែរ​ ​មាន​ជីវភាព​ខ្សត់ខ្សោយ​ ដែល​កំពុង​​រស់នៅ​​​​ក្នុង​បន្ទប់​​​ជួល ខណៈ​​ប្រទេស ​កម្ពុជា ក៏​បាន​​ជួប​វិបត្តិ​ បង្ក​​ដោយសារ​ជំងឺ​ឆ្លង​​​កូវីដ​ ​១៩ ដូច​ជា​បណ្តា​ប្រទេស​ក្នុង​​ពិភព​លោក​​​ដែរ​នោះ តារា​ចម្រៀង​​​​​ស្រី​​​ពហុជំនាញ​ ​អ្នកនាង ខាត់ សុ​ឃីម ​ក៏​សម្រេច​​ចិត្ត​​​ប្រកាស​យក​ប្រាក់​ឈ្នួល​​​ត្រឹម​តែ​ ១៥ ដុល្លារ​ ​ក្នុង​ ១ ខែ​ ឬ​ការ​បញ្ចុះ​តម្លៃ ៥០ ភាគរយ​ពី​ការ​ជួល​បន្ទប់​នេះ​សិន ហើយ​​អាច​លែង​យក​​​ថ្លៃ​ជួល​ប្រសិន​​បើ​​​ស្ថានភាព​​កាន់​តែ​យ៉ាប់​ខ្លាំង។​

តារា​ចម្រៀង​​ស្រី​រៀមច្បង​នៃ​ត្រកូល ​ខាត់ គឺ​​អ្នក​នាង ខាត់ សុឃីម ដែល​មហាជន​​ភាគ​ច្រើន​ក៏​​បាន​ជ្រាប​រួច​មក​ហើយ​​ថា អ្នកនាង​​​​​តែងតែ​មាន​​ទឹក​ចិត្ត​​សន្តោស​ប្រណី ​ទៅ​ដល់​អ្នក​​ខ្សត់​ ហើយ​​ក៏​បាន​ជួយ​សម្រួល ទៅ​​​តាម​លទ្ធភាព​​ខ្លួន​​​ផង​ដែរ​។

នេះ​បើ​តាម​ការ​បញ្ជាក់​រឿង​ប្រកាស​​​យក​ប្រាក់​ឈ្នួល​​​បន្ទប់​ត្រឹម​​តែ ​១៥ ដុល្លារ ១ ​បន្ទប់​​ក្នុង ​១ ​ខែ ខណៈ​ពេល​ប្រជាជន​ខ្មែរ​ កំពុង​តែ​​​ជួប​នឹង​​វិបត្តិ​ រឿង​ពិបាក​ចេញ​ទៅ​ប្រកប​របរ​​រក​ស៊ី​យក​ប្រាក់​មក​ចិញ្ចឹម​​​​ជីវិត​​ដោយសារ​ខ្លាច​​ឆ្លង​ជំងឺ​​​កូវីដ ១៩ ​នោះ​​​​​​ថា​៖ «ចាស​បង​ពិត​មែន​ហើយ​! ​នាង​ខ្ញុំ​​​អាច​ជួយ​សម្រួល​ទៅ​តាម​​លទ្ធភាព ​​​ដែល​​ខ្លួន​ឯង​​មាន​តែ​​ប៉ុណ្ណោះ​!​ ហើយ​សម្រាប់​​ការ​បញ្ចុះ​​​តម្លៃ​​ជួល​​​បន្ទប់ ១៥ ដុល្លារ ១ ​​បន្ទប់​ក្នុង​ ១ ខែ​ ​​នេះ ក៏​ដោយសារ​តែ​ចង់​បាន​​​​ប្រាក់​នេះ​ខ្លះ​ [១៥ ដុល្លារ ក្នុង​មួយ​​បន្ទប់​] ដើម្បី​យក​ទៅ​ឲ្យ​អ្នក​គាត់​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​បន្ទប់​ជួល​របស់​នាង​ខ្ញុំ ដែល​មាន​ចំនួន ​៣៦ បន្ទប់​ នៃ​អគារ​ផ្ទះ​ល្វែង​ចំនួន ៣ ជាន់ នៅ​ម្តុំ​លូ ៥ ក្នុង​ខណ្ឌ​មានជ័យ​​​នោះ​ឯង ហើយ​ការ​បញ្ចុះ​​​តម្លៃ​នេះ​ នឹង​បន្ត​រហូត​ដល់​ពេល​ណា​បង​ប្អូន​​គាត់​អាច​វិល​ទៅ​រក​ការ​ប្រកប​របរ​ចឹញ្ចឹម​ជីវិត​ដូច​ប្រក្រតី​វិញ ទើប​នាង​ខ្ញុំ​យក​ប្រាក់​ឈ្នួល​​តាម​តម្លៃ​​ធម្មតា​វិញ ឬ​ដល់​ពេល​ផុត​ទុក្ខ​ព្រួយ​ពី​វិបតិ្ត​​​កូវីដ ១៩​​»។

អ្នកនាង ខាត់ សុឃីម ក៏​បាន​បង្ហើប​​ទៀត​​​ថា៖ «តែ​ប្រសិន​បើ​ស្ថានភាព​នៃ​ការ​ឆ្លង​កូវីដ ​១៩ កាន់​តែ​មាន​ភាព​​យ៉ាប់យ៊ឺន​ដូចជា​បណ្តា​ប្រទេស​នានា​​ដែរ​នោះ នាង​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ថា នឹង​មិន​​យក​ប្រាក់​ឈ្នួល​បន្ទប់​នោះ​​ឡើយ​ពី​បងប្អូន ដែល​បាន​​ជួល​បន្ទប់​ទាំង ៣៦ បន្ទប់​ ខណៈ​​កាលៈទេសៈ​នេះ នាង​ខ្ញុំ​យល់​ថា ជា​​វេលា​ជួយ​​ខ្មែរ​ដូច​គ្នា ដើម្បី​មាន​ជីវិត​រស់នៅ​ឲ្យ​បាន​ឆ្លង​​​​ផុត​ពី​វិបត្តិ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​​កូវីដ ​១៩​​ ហើយ​នេះ​គឺ​ក្នុង​នាម ជា​អ្នក​សិល្បៈ ​១ ​រូប នាងខ្ញុំ​គ្រាន់​តែ​ចង់​ជួយ​សម្រួល​ទៅ​​​ដល់​បងប្អូន​ខ្មែរ ដែល​​មាន​ជីវភាព​លំបាក​​​ក្នុង​​ស្ថានភាព​ពេល​នេះ តាម​លទ្ធភាព​ខ្លួន​អាច​ធ្វើ​​បាន​តែ​​ប៉ុណ្ណោះ»​។

ជា​រឿយៗ ឃើញ​តារា​ចម្រៀង​ស្រី​រៀម​ច្បង​ត្រកូល ​ខាត់ អ្នកនាង ខាត់ សុឃីម តែងតែ​ប្រកាស​ជួយ​ដល់​ជន​ខ្សត់ខ្សោយ​ទោះបី​ជា​នៅ​ទី​ជិត ឬ​ឆ្ងាយ ដូច​ករណី​នាង​​បាន​ប្រកាស​សួរ​រក​ប្រភព​ទីកន្លែង​រស់នៅ​​របស់​កុមារា​ ២ ​នាក់​បងប្អូន ​ដែល​ត្រូវ​ឪពុកម្តាយ​បំបរបង់​ចោល​បណ្តោយ​ឲ្យ​រស់នៅ​តាម​បែប​សម្មាអាជីវោ​ប្រៀប​​ដូច​​ចក​ដែល​រសាត់​អណ្តែត​កណ្តាល​បឹង ក្រោយ​ពី​នាង​បាន​ឃើញ​គេ​ថត​វីដេអូ​បង្ហោះ​តាម​​ហ្វេសប៊ុក​មក​នោះ​។

នេះ​គឺ​​ជា​លើក​ទី ​២ ហើយ​ដែល​កាល​ពី​​ឆ្នាំ ​២០១៩ ​តារា​ចម្រៀង​ស្រី​ពហុជំនាញ​អ្នកនាង ខាត់ សុឃីម បាន​ចេញ​មុខ​ប្រកាស​ជួយ​ទៅ​ដល់​ជន​ក្រីក្រ ឬ​ខ្វះខាត ក្រោយ​ពី​បាន​មើល​ឃើញ​ស្ថានភាព​លំបាក​របស់​អ្នក​ទាំង​នោះ​ ដោយ​កាល​​​លើក​ដំបូង​ ​គឺ​ស្ត្រី​ឈ្មោះ​ ឆេង ដានី អាយុ ២៦ ​ឆ្នាំ​ ដែល​ប្រកប​របរ​រត់​កង់ ​៣ ​ឥណ្ឌា និង​​​កុមារា ​២ ​នាក់​បងប្អូន ដែល​​ត្រូវ​បាន​ឪពុក​- ម្តាយ​បំបរ​បង់​ចោល​ ដែល​​ទំនង​ជា​នៅ​ឯ​តំបន់​មួយ​នៃ​ក្រុង​​ប៉ោយប៉ែត​ កន្លង​មក​នោះ​៕​