ភ្នំពេញ: តារា​ចម្រៀង និង​អ្នកនិពន្ធ​ខ្មែរ អាមេរិក ឡូរ៉ា ម៉ម ត្រូវ​បាន​ប្រគល់​ពាន​រង្វាន់ សិល្បៈ និង​វប្បធម៌​ឆ្នាំ​នេះ ពី​កម្មវិធី «ពាន​រង្វាន់​ស្ត្រី​នៃ​ថ្ងៃ​អនាគត​អាស៊ី​អាគ្នេយ៍» (Women of the Future Awards South East Asia)។ ជាមួយ​ទេព​កោសល្យ​តាក់​តែង​បទ​ចម្រៀង និង​សម្ដែង កញ្ញា ឡូរ៉ា ម៉ម ជា​ម្ចាស់​ផលិតកម្ម Baramey Production ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជួយ​ជ្រោម​ជ្រែង​តន្ដ្រី​អូរីជីណល នៅ​កម្ពុជា។

ស្ថិតក្នុង​ចំណោម​បេក្ខភាព​បញ្ជី​សម្រាំង​ម្នាក់​ចំពោះ​ការ​ប្រកួត​ប្រជែង ចក្ខុវិស័យ​របស់​កញ្ញា​សម្រាប់​ឧស្សាហកម្ម​ចម្រៀង​កម្ពុជា ទាក់​ទាញ​ចិត្ដ​គណៈកម្មការ​ជ្រើស​រើស​យក​រូប​កញ្ញា​ក្នុង​ប្រភេទ​វប្បធម៌។

គណៈកម្មការ Torie Henderson និង Anne Abraham បាន​ឲ្យ​ដឹង​ថា៖ «ឡូរ៉ា បាន​បង្ហាញ​សមត្ថភាព​សាង​អាជីព ដោយ​ចង់​ឲ្យ​មាន​តន្ដ្រី​អូរីជីណល នៅ​កម្ពុជា។ នាង​បាន​សាង​កេរ្ដិ៍​ឈ្មោះ​ខ្លួន​ឯង និង​ប្រើ​វា​ជា​មូលដ្ឋាន​ដើម្បី​ជំរុញ​ទឹកចិត្ដ​សិល្បករ និង​តន្ដ្រីករ​ដទៃ​ពួត​ដៃ​គ្នា​អភិវឌ្ឍ​វិស័យ​សិល្បៈ​នេះ»។

ចំពោះ​កញ្ញា ភាពជោគជ័យ​នេះ គឺជា​មោទនភាព​សម្រាប់​កម្ពុជា​ទាំងមូល មិន​មែន​រូប​កញ្ញា​ម្នាក់​នោះ​ទេ។ ក្នុង​សារ​មួយ​ដែល ភ្នំពេញ ប៉ុស្ដិ៍​ទទួល​បាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ឡូរ៉ា ម៉ម បាន​និយាយ​ថា កញ្ញា សូម​ផ្ញើ​ជូន​ពាន​រង្វាន់​នេះ​ដល់​ប្រជាជន​ខ្មែរ​ទាំង​អស់​ដែល​មាន​ក្ដី​សុបិន​ពន្លឺ​ជីវិត​នា​ពេល​អនាគត។

ទន្ទឹមនឹងនោះ​ផងដែរ តារាចម្រៀង​ខ្មែរ​អាមេរិក​រូបនេះ​ក៏បាន​បន្ដថា កញ្ញា ចង់​ចែក​រំលែក​កិត្ដិយស​ពី​ការ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​ជាមួយ​តារា​ចម្រៀង​រ៉ុក​ខេនរ៉ូល​ល្បី​ខាង​ច្រៀង​បទ​មរតក​ខ្មែរ​ពី​ដើម អ្នក​នាង កាក់ ចាន់ធី ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

កញ្ញា ឡូ​រ៉ា ម៉ម អះអាង​ថា៖ «ខ្ញុំ​ពិតជា​មាន​ក្ដី​សោមនស្ស​រីករាយ និង​មាន​មោទនភាព​ដែល​ខ្ញុំ​បាន​នាំ​យក​ពាន​នេះ​ជូន​ដល់​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​អាច​ជា​និមិត្តរូប​ដ៏​មាន​សក្ដានុពល​សម្រាប់​កម្ពុជា»៕

Suntharoth Ouk

HR