ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំ ដែលពោរពេញទៅដោយឈុតឆាកបែបភ័យ ព្រឺព្រួច និងបង្កប់ភាពអាថ៌កំបាំង សម្តែងដោយតារាភាពយន្តចម្រុះជាតិសាសន៍ រវាងកម្ពុជា និងជប៉ុន ដែលមានចំណងជើងថា «អ្នកស្នងអគារ-Tenement» ការនិពន្ធ និងដឹកនាំដោយផលិតករល្បីៗ គឺជាវណ្ណកម្មនៃផលិតកម្ម Kongchak Pictures និងក្រុមហ៊ុន WML+ នឹងមកបម្រើអារម្មណ៍ទស្សនិកជនឆាប់ៗនេះ។
ទស្សនិកជនទាំងអស់ឲ្យជិតបានស្គាល់ពីទេពកោសល្យនៃការសម្តែងរបស់តួឯកទាំង ២ រូប ដែលចម្រុះជាតិសាសន៍ គឺតួឯកប្រុសជាតារាជនជាតិជប៉ុនលោក Yoshihiko Hosoda និងតួឯកស្រីជាតារាភាពយន្តខ្មែរអ្នកនាង ថន ថាណែត ខណៈក៏មានតួសម្តែងស្រីខ្មែរល្បី ១ រូបទៀតដែរ គឺអ្នកនាង ស្វែង សុជាតា។
បើតាមសេចក្តីប្រកាសព័ត៌មានក្នុងពិធីសូត្រមន្ត និងសែនក្រុងពាលី សម្រាប់សុំសេចក្តីសុខចម្រើនទៅដល់ក្រុមការងារ ព្រមទាំងតួសម្តែងទាំងអស់ក្នុងការចាប់ផ្តើមចេញថតកុនខ្នាតធំរឿង «អ្នកស្នងអគារ-Tenement» នេះ ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០២០ នៅទីតាំងអគារថតផ្ទាល់នោះបានឲ្យដឹងថា៖ «តារាភាពយន្តជប៉ុនរូបសង្ហាលោក Yoshihiko Hosoda បានធ្វើដំណើរមកដល់ប្រទេស កម្ពុជា កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០ ដើម្បីត្រៀមមកថតកុនខ្នាតធំរឿង «អ្នកស្នងអគារ-Tenement» ដែលបានធ្វើពិធីក្រុងពាលីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០។ ក្រោយពីឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលមក នៅពេលនេះយើងសូមបង្ហាញទស្សនិកជនទាំងអស់ឲ្យបានស្គាល់អំពីតួឯកទាំង ២ របស់យើងក្នុងការសម្តែងភាពយន្តខ្នាតធំនេះ គឺលោក Yoshihiko Hosoda និងអ្នកនាង ថន ថាណែត។ លោក Yoshihiko Hosoda គឺជា-តារាភាពយន្តជនជាតិជប៉ុន ១ រូប ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន មិនថា ភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះឡើយ។ ខ្សែភាពយន្តដែលធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពជាងគេនោះ រួមមានដូចជារឿង Peers (2019) រឿងMusashi (2019) និងភាពយន្តបែបវិទ្យាសាស្ត្ររឿង Ultraman X the movie (2016) ជាដើម។ ចំណែកឯតួឯកស្រីខ្មែរវិញ គឺជាតារាភាពយន្តខ្មែរអ្នកនាង ថន ថាណែត ត្រូវបានទស្សនិកជនខ្មែរ កោតសរសើរពីសមត្ថភាពសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំខ្មែររឿង «ចងពៀរ-The Spell» ថតនៅឆ្នាំ ២០១៨ ខ្សែភាពយន្តបរទេសរឿង «The Gate» ថតនៅឆ្នាំ ២០១៤ និងខ្សែភាពយន្តអប់រំជាច្រើនទៀត។ អ្នកនាង ក៏ធ្លាប់ទទួលបានពានរង្វាន់ផ្នែកសម្តែង នៅក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាផងដែរ»៕