ក្រុងប៉េកាំង: តារាភាពយន្ដហុងកុង ស៊ីម៉ុន យេម កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយពីត្រូវបានគេចាក់មួយកាំបិតចំពោះនៅលើវេទិកាពេលព្រឹត្ដិការណ៍ផ្សព្វផ្សាយមួយនៅភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងកាលពីថ្ងៃចន្ទ។
កាសែត Global Times របស់រដ្ឋបានឲ្យដឹងថាលោក យេម អាយុ ៦៤ ឆ្នាំកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់នៅទីក្រុងហុងកុង ក្រោយពីធ្វើការវះកាត់ និង «មានសភាពដុនដាប»។
តារាភាពយន្ដជើងចាស់ត្រូវបានបុរសម្នាក់ចាក់ដោយប្រើកាំបិតចិតផ្លែឈើ កាលពីថ្ងៃសៅរ៍ អំឡុងពេលព្រឹត្ដិការណ៍ផ្សព្វផ្សាយមួយក្នុងទីក្រុងហ្សុងសានភាគខាងត្បូងខេត្ដហ្គ័ងដុងប្រទេសចិន។
វីដេអូឃ្លីបបង្ហោះលើវេបសាយក្នុងស្រុកបានបង្ហាញថា ជនសង្ស័យបានរត់ឡើងវេទិកា និងលើកកាំបិតចាក់លោក យេម។
ពួកគេបានបន្ថែមដោយដកស្រង់ការវាយតម្លៃសុខភាពផ្លូវចិត្ដធ្វើឡើងក្រោយបញ្ជូនទៅកាន់មន្ទីរឃុំឃាំងថា ជនសង្ស័យត្រកូល ឈិន អាយុ ៥៣ ឆ្នាំកើតជំងឺផ្លូវចិត្ដធ្ងន់ធ្ងរ។
យោងតាមកាសែតរដ្ឋចិន Daily បានបង្ហាញថាលោក យេម បានលុបចោលការណាត់ជួបទាំងអស់ក្រោយកើតឧប្បត្ដិហេតុត្រូវជនមានវិបត្ដិផ្លូវចិត្ដចាក់នឹងកាំបិត។
ក្រុមហ៊ុនគ្រប់គ្រងលោក យេម បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍លើបណ្ដាញសង្គម Weibo ថា៖ «យើងមានអារម្មណ៍តក់ស្លុតចំពោះឧប្បត្ដិហេតុនោះមែនទែន»។
តារាភាពយន្ដហុងកុងបានសម្ដែងជាង ២០០ រឿងទាំងភាពយន្ដខ្នាតធំ និងកុនល្ខោនរួមទាំងការបង្ហាញមុខជាតួអង្គមេឧក្រិដ្ឋជនក្នុងឆ្នាំ ២០០៣ នៃរឿង «Lara Croft Tomb Raider: The Cradle of Life» ថែមទៀតផង៕ HR