ភ្នំពេញៈ ទើបតែ​បាន​ប្រឡូក​វិស័យ​សិល្បៈ​សម្តែង​ត្រឹម ២ ឆ្នាំ​សោះ តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង ស្រស់​សោភា ជា​ពន្លក​ថ្មី​កញ្ញា វណ្ណៈ បូរមី ឆក់​បាន​ឱកាស​ថត​កុន​ភាគ ៣ រឿង​ជាប់​គ្នា ហើយ​មាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន ខណៈ​ស្រី​ស្រស់​រូប​នេះ ក៏​ប្រាថ្នា​ចង់​បាន​កំណត់ត្រា​ខាង​សម្តែង​ជា​តួ​បែប​វាយ​តប់​ផង​ដែរ។

តារា​សម្តែង​ស្រី​វ័យក្មេង​ទើបតែ ២០ ឆ្នាំ ដែល​អតីត​ជា​បេ​ក្ខ​នារី​ប្រកួត​កម្មវិធី Freshie Girls & Boys កាល​ពី​ឆ្នាំ ២០១៦ ត្រឹម​ជា​បេក្ខនារី ៦ រូប​ចុង​ក្រោយ​កញ្ញា វណ្ណៈ បូរមី នៅ​ពេល​នេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​នៅ​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ហើយ​ជាពិសេស​រូប​នាង​ក៏មាន​ឱកាស​បាន​ថត​សម្តែង​រឿង​កុន​ភាគ និង​រឿង​កុន​មួយ​ចំនួន​ផង​ដែរ។

តារា​ស្រី​ដែល​តោង​ភាព​ល្បី​តាមរយៈ​ការថត​កុន​ភាគ​ដំបូង​រឿង «បេសកកម្ម​មួយ» ដែល​ដើរ​តួ​ជា​នារី​ក្លាហាន​ផ្នែក​ស៊ើប​អង្កេត​នោះ កញ្ញា វណ្ណៈ បូរមី ក៏​ទទួល​ចំណង​ដៃ​ថ្មី​ថត​កុន​ភាគ​ទី ៣ រឿង «តួ​ខ្ញុំ​គេ​សម្តែង» ដែល​ជា​វណ្ណកម្ម​របស់​អ្នកស្រី ពាន់ ភួង​បុប្ផា សម្រាប់​ចាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ភីអិនអិន ក្រោយ​ពី​បាន​សម្តែង​កុន​ភាគ​ទី ២ រឿង «ផ្កាថ្ម» របស់​ផលិតកម្ម និង​ទូរទស្សន៍​ហង្សមាស នា​ពេល​កន្លង​មក​ថ្មីៗ​នេះ។

បើ​ក្រឡេកមើល​សម្រស់​របស់​នាង​វិញ តារា​ស្រី​រូបនេះ អាច​និយាយបានថា គឺមាន​ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពិតៗ គ្មាន​ការ​កែ​សម្ផស្ស​នោះ​ទេ ជាមួយ​នឹង​ទម្រង់​មុខ​មូល​ពង​ក្រពើ និង​ច្រមុះ​ខ្ពស់​ស្រាប់​តាំង​ពី​ក្មេង ដែល​ផុស​ចេញ​ពី​អាជីព​ដំបូង​ជា​តារា​ម៉ូដែល។

ថ្លែងប្រាប់​ក្រោយពី​ពេល​ថត​ឈុតខ្លះៗសម្រាប់​កុន​ភាគ​ទី ៣ ឲ្យ​ផលិតករ​ជើង​ចាស់​កំពុង​តែ​មាន​ឈ្មោះ​បោះ​សំឡេង​អ្នក​ស្រី ពាន់ ភួង​បុប្ផា កាល​ពី​ចុង​សប្តាហ៍​មុន​ពី​ឱកាស​ល្អ​នេះ​ថា៖ «ដោយ​សារ​ការ​សម្តែង​របស់​នាង​ខ្ញុំ​ដំបូង​នៅ​ក្នុង​រឿង​បេសកកម្ម​មួយ ដែល​ជា​វណ្ណកម្ម​រឿង​និពន្ធ​ដោយ​លោក ម៉ានិត ខណៈ​គាត់​ដូចជា​ចៅ​ប្រុស​គាត់ [អ្នក​ស្រី ពាន់​ភួង​បុប្ផា] នោះ ទើប​បាន​គាត់​សម្រេច​យក​ខ្ញុំ​ឲ្យ​សម្តែង​រឿង​ក្រោយ​នេះ​ទៅ!»។

ទោះបីជា​រយៈពេល​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ខ្លី​ត្រឹម ២ ឆ្នាំ មែន តែ​ស្រី​ស្រស់​សម្រស់​កាន់​តែ​ស្អាត កញ្ញា វណ្ណៈ បូរមី បាន​ថត​កុន​ភាគ ៣ រឿង កុន​ដុំ ១ រឿង និង​កុន​ខ្លី​អប់រំ ១ រឿង ខណៈ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន​ហូរហែ​ទៀត​ផង​ដែរ។

ដោយឡែក​ចំពោះ​ទេពកោសល្យ​សម្តែង​របស់​តារាស្រី​ពន្លក​ថ្មី​រូបនេះ បើតាម​ពិនិត្យ​មើល​ទៅ​គឺ​នាង​សម្បូរ​ការ​សម្តែង​បែប​ជា​វីរនារី ឬ​តួ​ស្រី​ជា​អ្នក​លេង​វាយ​តប់ ឬ​តួ Spy Girl ដោយសារ ការ​សម្តែង​មើល​ទៅ​មាន​ភាព​ល្អ​សម​សួន​ខ្លាំង​តែ​ម្តង។

កញ្ញា វណ្ណៈ បូរ​មី ក៏​ព្រលយ​ថា៖ «តាមពិតទៅ ធ្វើជា​តួ​សម្តែង​ត្រូវតែមាន​ភាព​បត់​បែន​តាម​តម្រូវ​ការ​របស់​ផលិតករ។ តែបើ​និយាយ​ពី​អ្វី​ជា​ចំណូល​ចិត្ត​វិញ​នោះ គឺ​នាង​ខ្ញុំ​ពេញ​ចិត្ត​សម្តែង​ជា​តួ​វាយ​តប់ Spy Girl ឬ ជា​កុន action film ច្រើន។ ព្រោះ​ថា នាង​ខ្ញុំ​ក៏​ចូលចិត្ត​ទស្សនាការ​សម្តែង​បែប​នេះ​តាមរយៈ​តួ Idols ស្ត្រី​ដែល​ជា​តួ​ហូលីវូដ​ដ៏​ល្បី ២ រូប​ផង​ដែរ។ អ៊ីចឹង បើ​អាច​នោះ គឺថា នាង​ខ្ញុំ​ចង់​សម្តែង​បែប​នេះ​ឲ្យ​មាន​ភាព​លេច​ធ្លោ​តែ​ម្តង​នៅ​ជំនាន់​ខ្ញុំ»៕