ភ្នំពេញ៖ ​ទោះបី​ពេល​​ប្រកួត​​​ចម្រៀង​​កម្មវិធី ​Cambodia Idol រដូវ​កាល​​ទី​ ៣ ​​​មិន​​ជោគជ័យ​មែន​​ក្តី​​ ក៏​តារា​ចម្រៀង​ស្រី​រលក​ថ្មី​​កញ្ញា លៀង សំណាង កំពុង​​ស្រូប​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​​​ច្រើន​​ដោយ​បង្ហើរ​សំនៀង​​តាម​ប៉ុស្តិ៍ Channel YouTube ​ខណៈ​កញ្ញា​ក៏​មាន​ក្តី​ប្រាថ្នា​ចង់​មាន​ទ្រនំ​ផលិតកម្ម​ ​ដែល​មាន​ទីផ្សារ​​សិល្បៈ​ល្អ​លើ​​អាជីព​​ចម្រៀង​ទៅ​ថ្ងៃ​មុខ​​ផង​ដែរ​។

អតីត​ជា​បេក្ខភាព​ប្រឡង​​កម្មវិធី​ Cambodia Idol រដូវ​កាល​ទី​ ៣ រូប​នេះ​ នៅ​មិន​ទាន់​មាន​ផលិតកម្ម​ណា​កក់​ទុក​នៅ​ឡើយ​ទេ បើ​ទោះ​បីជា​ខ្លួន​​មាន​ទេពកោសល្យ​ច្រៀង​ល្អ​ សំឡេង​ពីរោះ​មាន​​អ្នក​គាំទ្រ​ច្រើន​​ជា​​សំនៀង​ច្រៀង​ Cover បទ​​​​​មរតក​ដើម​ក្នុង​​ Channel YouTube នានា​ដូច​ជា​ Asian Dragon និង​ Home Music ជា​ដើម​ ក៏​ពិត​មែន​​។​

តារា​ចម្រៀង​ស្រីវ័យ​ ២៣ ឆ្នាំ ​សំឡេង​ស្រួយ​ស្រទន់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ​កញ្ញា លៀង សំណាង ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​ឲ្យ​ដឹង​ពី​​​​គោល​​បំណង​ចង់​បន្ថែម​អាជីព​ទៅ​លើ​ការងារ​សិល្បៈ​ដូច្នេះ​​ថា​៖ ​«​កាល​​​ទើប​ចេញ​ពី​ការ​ប្រកួត​ដំបូង​ក៏​មាន​ខាង​ផលិតកម្ម​មួយ​ចំនួន​ទាក់ទង​មក​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​មាន​​ពេល​​ទំនេរ​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ ទើប​ខ្ញុំ​បដិសេធ​គេ​សិន​ ហើយ​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ ខ្ញុំ​ក៏​​នៅ​​មិន​​ដឹង​ ពេល​ណា​​ទើប​អាច​រៀបចំ​​ការងារ​ ឬ​ក៏​លៃលក​​​ពេល​​​បាន​ទេ​ ព្រោះ​​ខ្ញុំ​ក៏​ចង់​ចូល​​​ក្នុង​​ផលិតកម្ម​ណា​​មួយ​ ជា​ពិសេស​គឺ​ចង់​មាន​​ផលិតកម្ម​ដែល​មាន​ទីផ្សារ​សិល្បៈ​ស្រាប់​ក្នុង​​ស្រុក​យើង​»។

កញ្ញា លៀង សំណាង ក៏​បន្ត​ឲ្យ​ដឹង​អំពី​ចំណូល​ចិត្ត​សិល្បៈ​​ផ្សេង​ពី​ចម្រៀង​នា​​ពេល​អនាគត​ដែរ​ថា៖ «​តាម​ពិត​ទៅ​ខ្ញុំ​ក៏​ស្រឡាញ់​​ការ​​សម្តែង​ដែរ​ ប៉ុន្តែ​ដូច​និយាយ​អ៊ីចឹង​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ទាន់​មាន​ពេល​​គ្រប់គ្រាន់ ហើយ​​ជាពិសេស​នោះ​ក៏​​​​នៅ​មិន​ទាន់​មាន​​​ផលិតករ​​ណា​មួយ​ ទាក់ទង​មក​ខ្ញុំ​ឲ្យ​ចូល​​សម្តែង​​ដូច​គ្នា។ ខ្ញុំ​ក៏​បាន​តែ​សង្ឃឹម​ថា ​នឹង​​បាន​ប្រឡូក​ក្នុង​​​អាជីព​​ទាំង​នេះ​ពេញ​លេញ គឺ​​ទាំង​​ការ​​សម្តែង​ និង​​ចម្រៀង​»។​

ដោយ​ឡែក​តារា​​ចម្រៀង​ស្រី​កំពុង​ប្រែ​សម្ផ្សស​រូប​នេះ​ មុន​​​ប្រឡង​​​​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី ​៣ ​ក៏​ជា​អ្នក​​ចម្រៀង​តាម​វង់​តន្ត្រី​​​ក្នុង​ខេត្ត​តាកែវ​ ក៏​ដូច​ជា​តារា​ចម្រៀង​នៅ​ក្នុង​វង់​តន្រ្តី​លោក​ ​សុខ ​រក្សា ផង​ដែរ​​​​ ក្រៅ​ពី​ខ្លួន​ជា​​អ្នក​ស្រឡាញ់​ខាង​​វិស័យ​​សិល្បៈ​។​

ស្រី​ស្រស់​ស្រអែម​ លៀង សំណាង ​ដែល​​មាន​​ឪពុក​ ​គឺ​ជា​អ្នក​លេង​ឧបករណ៍​ភ្លេង​បុរាណ ​ក៏​បាន​បញ្ជាក់​​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​ធ្លាប់​​ប្រឡង​ក្នុង​កម្មវិធី Cambodia Idol នេះ​ ២ ឆ្នាំ​មក​ហើយ។ ​ពេល​​នេះ​ ខ្ញុំ​ក៏​នៅ​​ទទួល​​ច្រៀង​​តាម​​កម្មវិធី​នានា​ដែរ​ទាំង​​សម័យ​​ និង​បុរាណ​​ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​​ច្រៀង​​នៅ​វង់​បង​​ សុខ រក្សា​ ដូច​គ្នា ដោយ​សព្វ​ថ្ងៃ​ខ្ញុំ​មិន​ទាន់​ចូល​ក្នុង​​ផលិតកម្ម​ណា​មួយ​ដែរ​ទេ​»​៕​