ភ្នំពេញ៖ បើ​ទោះ​បីជា​​បាន​​ដឹង​មុន​ថា នឹង​មាន​ការ​​ថត​​ឈុត​ខ្មោច​​​ក្នុង​កុន​ភាគ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​​លេខ ​៥ ​រឿង​ «ភ្លើង​គំនុំ» ​​ដែល​​អ្នក​ដឹកនាំ​​​តម្រូវ​​ឲ្យ​មាន​ថត​ឈុត​ជា​តួ​ខ្មោច​​​ក្តី ក៏​​តារា​សម្ដែង​សម្បុរ​​ស្រអែម​ដែល​​​ទើប​បន្ថែម​ជំនាញ​បង្ហើរ​សំនៀង​​បទ​អូរីជីណល កញ្ញា ឌី សូនីតា​ បង្ហាញ​ពី​​អារម្មណ៍​រន្ធត់​ខ្លាំង​​​ពេល​​​ទៅ​​ដល់​កន្លែង​ឃើញ​មាន​រូបថត​ខ្លួន​នៅ​ក្នុង​របៀប​​ដូចជា​​ពិធី​បុណ្យ​សព​មែនទែន​នោះ​។​

តារា​​ស្រី​មាន​រាង​ស្លីម​ ដែល​ជា​រឿយៗ​​​មហាជន​រមែង​បាន​​ឃើញ​នូវ​ការ​សម្តែង​របស់​នាង​​ជា​តួអង្គ​​​កាច​​ឆ្នាស និង​​​តួ​ស្រី​ដ៏​រឹង​មាំ ក្បាច់​​គុន​​​វាយ​ប្រហារ​ មើល​​​ទៅ​ហាក់​ដូច​​រាង​ចាល​​តែ​​ម្តង​សម្រាប់​ការ​ថត​កុន ដែល​​តួ​ខ្លួន​មាន​​ឈុត​ស្លាប់​នោះ ទើប​បង្ហើរសារ​ថា​៖ «​វា​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​មិន​ដែល​ទទួល​​ថត​រឿង​​​ខ្មោច​ទេ ​ខ្ញុំ​ដឹង​ថា​មនុស្ស​កើត ​ចាស់​ ឈឺ​ ស្លាប់​ ជា​រឿង​ធម្មតា​ ប៉ុន្តែ​​គ្រាន់​តែ​ថា​ពេល​មក​ដល់​ឃើញ​ ​នឹង​​​​​​ភ្នែក​បែប​នេះ​​ក៏​មាន​អារម្មណ៍​​ពិបាក​និយាយ​ឲ្យ​សម​ណាស់​ គ្រាន់​តែ​ដឹង​ត្រឹម​ថា ឈរ​មើល​រូប​ខ្លួន​ឯង​​ភាំង​មួយ​​សន្ទុះ​ដែរ​! គេច​ណាស់​​ជួប​ណាស់​ខ្ញុំ​ ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ថត​បញ្ចប់​រឿង​ផង​ ​បញ្ចប់​ទាំង​រូបថត​​ទៀត​​​លោក​​​ព្រះ‍​​! សំខាន់​​ថ្ងៃ​នេះ​ អ្នក​ម្តាយ​មក​ជាមួយ​ គាត់​ថា​មក​លេង​កូន​ថ្ងៃ​ចុង​ក្រោយ​នៃ​រឿង​មក​​​​ដល់​​ឃើញ​បែប​នេះ​ចាំ​អង្កាល់​​ក៏​រត់​ទៅ​សុំ​អង្ករ​ពី​លោក​​​ក្នុង​វត្ត​ស្រាប់​យក​មក​បញ្ចេរ​អង្ករ​កូន​ភ្លាម​!»។​

តារា​សម្តែង​ស្រី​ដែល​មហាជន​តែង​ឃើញ​បង្ហាញ​ពី​​ភាព​ស្និទ្ធស្នាល និង​​ផ្អែមល្ហែម​តាម​ភាសា​ហៅ​គ្នា​នៅ​សម័យ​ទំនើប​នេះ ជា​ការ​រាប់​អាន​គ្នា​ដូច​បង​​ប្អូន​ថា «Sis និង Bro» ជា​មួយ​តារា​​សម្តែង​​ប្រុស​​លោក អាឡិច​ហ្ស៊ូ នោះ​បញ្ជាក់​​ទៀត​​ថា៖ «វា​ជា​អារម្មណ៍​ដែល​រន្ធត់​ខ្លាំង​ ពេល​​ដែល​ខ្លួន​ឯង​បាន​ឃើញ​​រូបថត​ និង​ការ​​រៀបចំ​សម្រាប់​ការ​ថត​កុន​នៅ​​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​​ភាគ​​រឿង​ «ភ្លើង​គំនុំ» របស់​​ផលិតកម្ម​ប៉ុស្តិ៍​លេខ ​៥​ ដែល​មាន​ឈុត​ជា​តួអង្គ​ខ្មោច​​នោះ ​គឺ​មើល​វា​ដូច​ជា​​ការ​ពិត​បុណ្យ​សព​របស់​មនុស្ស​​ស្លាប់​មែន​ទែន​នោះ​ឯង​។​ ម្យ៉ាង​ទៀត​​​តាំង​ពី​ដើម​មក​ ខ្ញុំ​តែង​បដិសេធ​ការ​​ថត​កុន​ណា​ដែល​មាន​តួ​សម្តែង​ជា​ខ្មោច​ តែ​​រឿង​នេះ​ ខ្ញុំ​ក៏​មិន​ស្មាន​ថា ឈុត​មាន​តួ​​ខ្មោច​គឺ​មាន​ការ​រៀបចំ​ដូច​ពិត​បែប​នេះ​​ឡើយ​​ដែរ ​គឺ​គ្រាន់​គិត​ថា​​យ៉ាង​ហោច​មាន​ការ​ដើរ​កាន់​រូបថត​មាន​ស៊ុម ​គឺ​អស់​បាត់​ទៅ​ហើយ តែ​​​នេះ​គឺ​មាន​មួយ​ឈុត​​ដូច​ការ​ពិត​តែ​ម្តង ទើប​ខ្ញុំ​ស្លុត​អារម្មណ៍​ ខណៈ​សូម្បី​តែ​ម្តាយ​​ខ្ញុំ​ក៏​គាត់​តក់​ស្លុត​ដែរ ​ពេល​បាន​ទៅ​ចូលរួម​ការ​ថត​កុន​​​ចុង​ក្រោយ​របស់​ខ្ញុំ​​ក្នុង​កុន​​រឿង ​«​ភ្លើង​គំនុំ​» នោះ»។​​

កញ្ញា ឌី សូនីតា ក៏​បាន​បញ្ជាក់​ប្រាប់​ពី​លក្ខខណ្ឌ​​ទទួល​ថត​កុន​លើក​ក្រោយ​​ផង​ដែរ ក្រែង​​​​មាន​ឈុត​​បែប​​នេះ​​ទៀត ហើយ​ម្តាយ​​​នាង​ក៏​មិន​ចូលចិត្ត​ឲ្យ​កូន​ស្រី​ថត​កុន​ជា​តួអង្គ​មាន​ការ​ស្លាប់​នោះ​ទេ​។

តារា​ស្រី​មាន​ពហុ​ជំនាញ​ទាំង​វ័យ​ក្មេង​ដែល​មហាជន​បាន​​ដឹង​ថា ​មាន​ជំនួញ​ខាង​អចលនទ្រព្យ​ នា​​ពេល​​ថ្មីៗ​នេះ​បាន​​បន្ថែម​​​ថា៖ «សម្រាប់​ទស្សនៈ​ម្តាយ​ខ្ញុំ មិន​សូវ​ខុស​ពី​​ផ្នត់​គំនិត​ចាស់ៗ​មួយ​ចំនួន​ ដែល​ជឿ​រឿង​លេង​ក្តី ឬ​រឿង​សម្តែង​ក្តី​ ​ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​ដូច្នេះ ​គឺ​គាត់​មិន​សូវ​​ចូលចិត្ត​ទេ​ព្រោះ​ជា​រឿង​ធ្វើ​ឲ្យ​គាត់​​គិត​បារម្ភ​ច្រើន​។ តែ​ថ្ងៃ​នោះ គាត់​ក៏​បាន​ធ្វើ​​ពិធី​កាត់​គ្រោះ​​​តាម​ទំនៀម​ទម្លាប់​​រួច​ហើយ​ ខណៈ​គ្រួសារ​ខ្ញុំ​ក៏​មាន​ការ​សូត្រមន្ត​រំដោះ​គ្រោះ​រាល់​ចុង​ឆ្នាំ​ដែរ​»៕​