ក្រុងតូក្យូ: អូ​គី​គុ ឬ «តុក្កតា​ខ្មោច​នៅ​កោះ​ហុក​កៃ​ដូ» ជា​តុក្កតា​ជប៉ុន​បុរាណ​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​ទី​អារាម​មួយ​ក្នុង​ប្រាសាទ​អ៊ីវ៉ាមីហ្សាវ៉ា ដែល​បាន​ដុះ​សក់​មនុស្ស។ ច្បាស់​ណាស់ ពលរដ្ឋ​ជប៉ុន​មាន​ជំនឿ​ថា ព្រលឹង​ខ្មោច​ក្មេង​ស្រី​តូច​សណ្ឋិត​ក្នុង​តុក្កតា​នេះ។

មានរឿង​តំណាលខុសៗគ្នា​អំពី​តុក្កតា​ខ្មោច អូ​គី​គុ តែ​ការនិយាយ​តៗ​គ្នា​ដ៏​ពេញនិយម​បំផុត​មួយ​ចំពោះ​តុក្កតា​បុរាណ​ជប៉ុន​នេះ​គឺ​វា​ត្រូវ​បាន​ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ អៃ​គីឈិ ស៊ូហ្ស៊ូគិ មក​ពី​កោះ​ហុកកៃដូ បាន​ទិញ​វា​ជា​កាដូ​ឲ្យ​ប្អូនស្រី​ក្នុង​ឆ្នាំ ១៩១៨។

មាន​រឿង​តំណាល​ថា កុមារី​វ័យ ៣ ឆ្នាំ​ឈ្មោះ គីគូកុ ស្រឡាញ់​តុក្កតា​នេះ​យ៉ាង​ខ្លាំង ដែល​តែងតែ​នាំ​យក​តាម​ខ្លួន​ជានិច្ច សូម្បី​តែ​គេង​រៀងរាល់​រាត្រី។ ប៉ុន្តែ​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​តុក្កតា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ​ប្រែ​ក្លាយ​ជា​វត្ថុ​គួរ​ឲ្យ​ព្រឺព្រួច​នោះ​គឺ ក្មេងស្រី​តូច គីគូកុ បាន​ស្លាប់​មួយថ្ងៃ​ក្រោយ​កើត​ជំងឺ​ផ្ដាសាយ។ ពេល​នោះ​ហើយ​រឿង​តក់​ស្លុត​រមែង​កើត​ឡើង​ឥត​ស្រាក​ស្រាន្ដ។

គ្រួសារ​របស់​ក្មេងស្រី​រក្សាទុក​តុក្កតា​ដែល​នាង​ស្រឡាញ់ ដោយ​ដាក់​ក្នុង​ទីសក្ការៈ​តូច​មួយ​សម្រាប់​ជាការ​ចងចាំ។

ពួកគេ​បាន​ហៅ​វា​ថា «អូគីគុ» ក្រោយ​ពី​បាត់បង់​កូន​ស្រី​ជាទី​ស្រឡាញ់ និង​ចាប់ផ្ដើម​បួង​សួង​ដល់​តុក្កតា​នេះ​ជានិច្ច។ មិន​យូរ​ប៉ុន្មាន ពួកគេ​បាន​សម្គាល់​ឃើញ​មាន​បញ្ហា​មិន​ប្រក្រតី​កើត​ឡើង ដែល​តុក្កតា​មាន​ម៉ូដ​សក់ «អូកាបប៉ា» (ម៉ូដ​សក់​សេះ និង​សក់​មាន​ប្រវែង​ខ្លី​លើ​ចង្កា) ហើយ​ពេល​នេះ​វា​បាន​ដុះ​វែង។ ពួកគេ​ចាត់​ទុក​ថា តុក្កតា​នេះ​ត្រូវ​បាន​វិញ្ញាណ​ក្មេង​ស្រី គីគូកុ សណ្ឋិត។

អារាម​ម៉ានណេនជី ដែល​ល្បីដោយសារ​ជំនឿ​តុក្កតា​ដុះសក់​មនុស្ស​។ ហ្វេសប៊ុក​

ក្នុង​ឆ្នាំ ១៩៣៨ ក្រុមគ្រួសារ​កុមារី គី​គូ​កុ បានសម្រេច​ចិ​ត្ដ​រើ​ផ្ទះ​ពី​ហុក​កៃ​ដូ ដោយ​អត់​យក​តុក្កតា​នោះ​មក​តាម ពីព្រោះ​ពួកគេ​យល់​ថា វា​គួរតែ​ស្ថិត​នៅ​ទីតាំង​ដដែល។

ដូច្នេះ ពួកគេ​បាន​ប្រគល់​វា​ដល់​ព្រះសង្ឃ​នៅ​អារាម​ម៉ាន​ណេនជី និង​បាន​ទូល​ប្រាប់​អំពី​អាថ៌កំបាំង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​របស់​តុក្កតា​នេះ។ តុក្កតា អូគីគុ ត្រូវ​បាន​រក្សាទុក​ក្នុង​ទី​អារាម​នោះ​រៀង​រហូត​មក ហើយ​មនុស្សម្នា​តែង​តែ​មក​មើល​សក់​មនុស្ស​បន្ដ​ដុះ តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថតរូប​តុក្កតា​ឡើយ។

បច្ចុប្បន្ន តុក្កតា អូ​គី​គុ បាន​ដុះ​សក់វែង​ដល់​ត្រឹម​ជង្គង់ តែ​ព្រះសង្ឃ​ក៏​តែងតែ​កាត់​តម្រឹម​ជានិច្ច​កាល។

រឿងរ៉ាវ​ដ៏​ព្រឺព្រួច​របស់​តុក្កតា អូ​គី​គុ បាន​ទាក់​ចិ​ត្ដ​អ្នក​សរសេរ​ប្រលោម​លោក ផលិតករ​ភាពយន្ដ និង​ល្ខោន​បុរាណ កាប៊ូគិ ជាច្រើន​ថែម​ទៀត៕HR