ក្រុងស្ទឹងសែនៈ បន្ទាប់ពី​មាន​ការគាំទ្រ​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​កាលពី​រៀបចំ​ជា​លើកដំបូង​នៅ​ឆ្នាំ​មុន​នោះ មហោស្រព​សិល្បៈ និង​បរិស្ថាន​ក៏​ត្រូវ​ប្រារព្ធ​ធ្វើ​លើក​ទី​ ២ ឆ្នាំ​ ២០១៩ ​នេះ​ដែល​មាន​ចំនួន ៤ ថ្ងៃ និង​មាន​កម្មវិធី​ជាច្រើន សម្រាប់​ចែកជូន​មហាជន​​រីករាយ​ចូលរួម​កម្សាន្ត និង​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ និង​បញ្ហា​បរិស្ថាន​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ច្បាស់លាស់​។

រាល់​ទម្រង់​នៃ​ទស្សនីយភាព​សិល្បៈ​ចម្រុះ​មាន​ការសម្តែង​សិល្បៈ​មហាជន ការតាំងពិព័រណ៍ ការចាក់ផ្សាយ​ពី​ឯកសារ​ស្រាវជ្រាវ​ទាក់ទង​ទៅ​នឹង​សិល្បៈ រាំ​ធន ក៏​ដូចជា​ការរៀបចំ​សិក្ខាសាលា​ជាមួយ​នឹង​សិស្ស ពលរដ្ឋ​នៃ​សហគមន៍ អ្នកលក់ដូរ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ប្រារព្ធ​ធ្វើ​នៅក្នុង​បរិវេណ​វត្ត​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២០ រហូត​ទី ២៤ ខែ​ឧសភា ឆ្នាំ​ ២០១៩ ។

សិល្បៈ​ប្រឌិត​ស្តីពី​ប្លាស្ទិក​ក្នុង​មហោស្រព​សិល្បៈ និង​បរិស្ថាន​ឆ្នាំ​មុន​។ រូបថត សហការី

កញ្ញា សួស ស៊ីណាត ប្រធាន​ក្រុម​គម្រោង​រៀបចំ​កម្មវិធី «​មហោស្រព​សិល្បៈ និង​បរិស្ថាន​» នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA) ​បាន​រៀបរាប់​ពី​គោលបំណង​និង​កម្មវិធី​សំខាន់ៗ​​ឲ្យ​ដឹងថា​៖ «​ទី​ ១​ ​យើង​ចង់​លើក​កម្ពស់​ការយល់ដឹង​ពី​តួនាទី​សិល្បៈ​ក្នុង​ការអភិវឌ្ឍ​សង្គម ខណៈ​ចំណុច​ទី​ ២ ចង់​លើកកម្ពស់​ការយល់ដឹង​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លាស្ទិក និង​​ទី​ ៣ ចង់​ឲ្យ​ផ្លាស់ប្តូរ​អំពី​ការគិត​របស់​មនុស្ស​ចំពោះ​ទម្លាប់​ប្រើប្រាស់​ប្លាស្ទិក​គឺ​ចង់​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កាត់បន្ថយ​​មក​នៅ​ត្រឹម​កម្រិត​តិច​បំផុត​។ ដោយឡែក​តាមរយៈ​សិល្បៈ​នេះ​ដែរ វា​មិន​ត្រឹម​តែ​អាច​ជួយ​បម្រើ​នូវ​ភាព​រីករាយ​ដល់​មនុស្ស​ឲ្យ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជា​វិធី​ផ្ញើ​សារ​ល្អៗ​ដែល​ជា​ចំណេះដឹង​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​ផល​ផង​ដែរ​»​។

ប្រធាន​ក្រុម​គម្រោង​រៀបចំ​កម្មវិធី កញ្ញា សួស ស៊ីណាត ក៏​បាន​បញ្ជាក់​​ពី​កម្មវិធី​នានា​ឲ្យ​ដឹង​ត្រួសៗ​ដែរ​ថា​៖ «​សម្រាប់ សិក្ខាសាលា​ស្តីពី​ការបង្កើត​ភ្លេង​ថ្មី​មាន​ចាប់​ថ្ងៃទី ២០ ដល់ទី ២៤ ខែ​ឧសភា ឆ្នាំ​ ២០១៩ ខណៈ​ថ្ងៃទី ២១ ដល់​ទី ២៣ ខែ​ឧសភា ២០១៩ ជា​កម្មវិធី​សិក្ខាសាលា​ជាមួយ​សិស្ស ពលរដ្ឋ​សហគមន៍ អ្នក​លក់ដូរ និង​អាជ្ញាធរ​ពាក់ពន្ធ័​នៅ​ខេត្ត​កំពង់ធំ​នៃ​តំបន់​សំបូរ​ព្រៃគុក​ទៅលើ​ប្រធានបទ​គឺ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ប្លាស្ទិក និង​ការចែក​ដើមឈើ ដើម្បី​ដាំ​បន្ថែម​»​។

គួរ​បញ្ជាក់​ដែរ​ថា​សម្រាប់​ប្រាសាទ​សំបូរ​ព្រៃគុក​ទើប​តែ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា​ឆ្នាំ​ ២០១៧ នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រើ​អស់​រយៈពេល ១០ ថ្ងៃ​នៅឯ​ទីក្រុង​ក្រាកូ​នៃ​ប្រទេស​ប៉ូឡូញ ហេតុដូច្នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​មាន​ការរៀបចំ​ជា​ព្រឹត្តិការណ៍​សំខាន់​នានា នៅឯ​តំបន់​នេះ​ឲ្យ​កាន់​តែ​មាន​សក្ដានុពល​ខ្លាំង ដើម្បី​ទាក់ទាញ​ក្រុម​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​៕