ភ្នំពេញ៖ នៅក្នុងបន្ទប់ឌីជេ យុវជនឌីជេម្នាក់ដែលគ្រងឈុតខ្មៅកំពុងតែបញ្ជាឧបករណ៍ចាក់ភ្លេង និងកុំព្យូទ័រ ខណៈពិធីករម្នាក់ទៀតបន្លឺសំឡេងស្វាគមន៍ទស្សនិកជនពីលើតន្ដ្រីហ៊ីបហបកន្ដ្រាក់អារម្មណ៍។
ទស្សនិកជនដែលពិធីករចង់សំដៅខាងលើនេះមានលក្ខណៈខុសគ្នាពីអ្នកកម្សាន្ដក្នុងបន្ទប់ក្លិបរំលេចភ្លើងពណ៌គួរឲ្យចង់រាំញ័រញាក់។ ពួកគេជាអ្នកទស្សនាវីដេអូផ្សាយតាមហ្វេសប៊ុកនៅគេហដ្ឋានរៀងៗខ្លួន។
ឌីជេចាប់ផ្ដើមដំឡើងសំឡេងតន្ដ្រី និងអញ្ជើញប្រិយមិត្ដដែលកំពុងតែមានអារម្មណ៍ធុញថប់នៅផ្ទះឡើងរាំតាមចង្វាក់ភ្លេងរន្ថាន់។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ រួមទាំងការបិទក្លិបកម្សាន្ដជាដើម។
ដូច្នេះ ដើម្បីរក្សាទំនាក់ទំនង ក្លិបរាត្រីមួយចំនួនចាប់ផ្ដើមឲ្យឌីជេរបស់ខ្លួនផ្ដល់ការកម្សាន្ដតាមអនឡាញ។ សម្រាប់ឱកាសនេះ ឌីជេបានស្វាគមន៍ប្រិយមិត្ដ តាមរយៈការបង្ហោះវីដេអូលើហ្វេសប៊ុករបស់ខ្លួន។
ក្នុងវីដេអូខ្លះ ដែលទំនងជាថតនៅក្រៅក្លិប ឌីជេ កំពុងតែសម្ដែងក្នុងបន្ទប់បញ្ចាំងផ្ទាំងសំពត់សខាងក្រោយ ជាមួយឧបករណ៍តន្ដ្រីឌីជេចាំបាច់មួយចំនួន។
វីដេអូបង្ហោះផ្សាយលើហ្វេសប៊ុកចំនួន ៤៦ នាទីកាលពីថ្ងៃទី ៤ ខែមេសា វេលាម៉ោងជាង ១០:៣០ យប់ បានទាក់ទាញអ្នកទស្សនាជាង ១ ម៉ឺនដង ការចែករំលែងជាង ២៥០ ដងលើបណ្ដាញសង្គមហ្វេសប៊ុក។
ខណៈឌីជេ Jay Bee បន្ថយសំឡេងតន្ដ្រីបន្ដិច ពិធីករ Kodak-Y បាននិយាយស្វាគមន៍ប្រិយមិត្ដថា៖ «សូមស្វាគមន៍សម្រាប់ថ្ងៃសៅរ៍សប្ដាហ៍នេះ ចំពោះការ live-stream របស់ Pontoon Club»។
លោកបង្អង់មួយភ្លែតដើម្បីឲ្យអ្នកទស្សនាបានបន្ដស្ដាប់ភ្លេងមួយសន្ទុះ និងមានឱកាសបានរាំតាមចង្វាក់ភ្លេងកំពុងរន្ថាន់ មុនពេលបន្ដស្វាគមន៍ទៀតថា៖ «ផ្ញើជូនសុភាពនារីចង្កេះទន់ទាំងអស់គ្នា។ តោះរាំគ្រលែងចង្កេះមួយៗតាមចង្វាក់ភ្លេង ពេល stay at home»។
មានសំណេរជាច្រើននៅលើហ្វេសប៊ុក ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះសរសេរថា «ចូលចិត្ដបទនេះ» «រាំជាមួយខ្ញុំ» «ល្អណាស់» និង «នឹក» ជាដើម។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ Parmjy Pjy បានសរសេរថា៖ «វាជាពិធីបុណ្យដាក់ខ្លួនឲ្យនៅដាច់ដោយឡែក»។
ក្លិបកម្សាន្ដល្បីមួយទៀតក្នុងក្រុងភ្នំពេញ Epic Club កំពុងតែផ្ដល់ការកម្សាន្ដតាមអនឡាញដល់ប្រិយមិត្ដ ដែលនឹកតន្ដ្រីឌីជេ។ ក្រោមសំណេរលើវីដេអូ «STAY HOME» ឬ «នៅផ្ទះ» វីដេអូនេះទាក់ទាញអ្នកទស្សនាជាង ២ ម៉ឺនដង និងចែករំលែកជិត ៥០០ ដងលើហ្វេសប៊ុក។
ក្លិបកម្សាន្ដអនឡាញមិនត្រឹមតែអាចបំពេអារម្មណ៍ប្រិយមិត្ដតាមផ្ទះនោះទេ ប៉ុន្ដែអាចផ្ដល់បទពិសោធសម្រាប់អ្នកអត់ធ្លាប់ចូលក្លិបរាត្រីផងដែរ។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Kem Vuthara បានសរសេរថា៖ «ពេលនេះខ្ញុំបានស្គាល់ក្លិបរាត្រីដូចអ្នកដទៃហើយ។ អរគុណកូរ៉ូណា ដែលឲ្យខ្ញុំបានស្គាល់អ្វីទៅជាក្លិបរាត្រីនោះ»។
ទោះគោលបំណងក្លិបអនឡាញ គឺផ្ដល់ការកម្សាន្ដដល់ប្រិយមិត្ដដែលនឹកក្លិបរាត្រី និងចង់រក្សាទំនាក់ទំនងរវាងក្លិប និងអតិថិជន ពួកគេក៏មិនភ្លេចរំឭកអ្នកទស្សនាវីដេអូឲ្យចេះថែរក្សាអនាម័យ និងស្នាក់នៅក្នុងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យពីជំងឺកូវីដ-១៩។
ពិធីករ Kodak-Y បាននិយាយអមដោយតន្ដ្រីថា៖ «កុំភ្លេចថែរក្សាសុខភាពទាំងអស់គ្នា។ សុំលាងដៃជាមួយសាប៊ូ និងទឹក ឬជែល ដើម្បីកម្ចាត់វីរុស។ នៅផ្ទះ! នៅផ្ទះ!»។
នៅលើហ្វេសប៊ុករបស់ Pontoon បានសរសេរថា៖ «ឌីជេរបស់យើងនៅទីនេះ និងត្រៀមខ្លួនជាស្រេចចំពោះការផ្សាយវីដេអូនូវចង្វាក់ភ្លេងពេញនិយមដល់អ្នកនៅផ្ទះ។ ដូច្នេះ លោកអ្នកអាចបន្ដរីករាយជាមួយយើង ខណៈចៀសផុតពីហានិភ័យខាងក្រៅ»។
លោក វណ្ណនី មកពី Epic Club ដែលសុំបញ្ចេញត្រឹមនាមខ្លួន ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការផ្សាយតន្ដ្រីឌីជេតាមអនឡាញមានបំណងរក្សាទំនាក់ទំនងជាមួយអតិថិជនដែលនៅផ្ទះ និងផ្ដល់ការកម្សាន្ដដល់ពួកគេ។ យើងថតវីដេអូទុក រួចចាក់ផ្សាយផ្ទាល់លើហ្វេសប៊ុកចន្លោះម៉ោង ៩ ទៅម៉ោង ១០ យប់ ២ ដងក្នុងសប្ដាហ៍»។
លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ដ និងកីឡាទេសចរណ៍ បាននិយាយថា ឌីជេមិនអាចប្រើប្រាស់ក្លិបកម្សាន្ដផលិតវីដេអូ ឬផ្សាយផ្ទាល់តាមបណ្ដាញសង្គមបានទេ ពីព្រោះវាខុសច្បាប់។
លោកបន្ដថា៖ «ប៉ុន្ដែបើពួកគេប្រើប្រាស់ទីតាំងផ្សេង ដូចជា បន្ទប់ក្នុងផ្ទះធម្មតា វាមិនអីទេ»។
លោកបានប្រាប់ថា ការផ្សាយវីដេអូមិនត្រូវបានលើកលែងចំពោះបម្រាមស្ដីពីការជួបជុំទ្រង់ទ្រាយធំនោះទេ មិនថាពួកគេថតចេញពីទីណាក៏ដោយ។
លោកបានឲ្យដឹងថា៖ «ការជួបជុំចាប់ពី ១០ នាក់ ឬអ្នកទស្សនាជុំគ្នាច្រើនមិនត្រូវបានអនុញ្ញាតឡើយ។ ប៉ុន្ដែបើការជួបជុំត្រឹមតែឌីជេម្នាក់ ពិធីករម្នាក់ កាមេរ៉ាម្នាក់ ២ ហើយអ្នកទស្សនាជាលក្ខណៈគ្រួសារតូចៗ ដោយអនុវត្ដរក្សាគម្លាតឲ្យបានខ្ជាប់ខ្ជួន នោះវាមិនអីទេ»។
លើសពីនេះ លោក វណ្ណា បានបញ្ជាក់ថា ម្ចាស់ក្លិបត្រូវតែស្នើសុំការអនុញ្ញាតពីក្រសួងព័ត៌មានមុនបង្ហោះ ឬផ្សាយវីដេអូតាមអនឡាញ។
នេះមិនមែនជាលើកដំបូង ដែលក្លិបរាត្រីផ្ដល់ការកម្សាន្ដតាមអនឡាញនោះទេ។ ក្លិបនៅសិង្ហបុរី ផ្ដល់កម្មវិធី «Cloud-clubbing» សម្រាប់ប្រិយមិត្ដនៅផ្ទះ ខណៈ Quarantine Club នៅកាណាដា បង្កើតកម្មវិធីជួបជុំតាមZoom យ៉ាងសប្បាយផងដែរ៕