ភ្នំពេញៈ កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៧ នឹងមាន​ស្តង់​ចំនួន ១១៤ ស្តង់ សម្រាប់​ត្រៀម​ដាក់​តាំង​បង្ហាញ​សៀវភៅ​នានា ដែល​នាំ​មក​ពី​បណ្តា​គ្រឹះស្ថាន​បោះពុម្ព​ជិត ៨០០ ធ្វើ​នៅ​បរិវេណ​នៃ​បណ្ណាល័យ​ជាតិ មាន​រយៈពេល ៣ ថ្ងៃ​គឺ​ចាប់​ថ្ងៃ​ទី ៧-៩ ខែ ធ្នូ ឆ្នាំ ២០១៨ នា​ចុង​សប្តាហ៍​នេះ។

កម្មវិធី​ពិព័រណ៍​សៀវភៅ​ដែល​តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ខណៈ​ការ​ប្រារព្ធ​ដំបូង​ឆ្នាំ ២០១១ ដោយ​មាន​អ្នក​ចូល​រួម​តិច និង​ចំនួន​ស្តង់​តាំង​សៀវភៅ​ក៏​តិច​តួច​នោះ ឥឡូវ​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទាំង​អ្នក​ចូលរួម បណ្តា​គ្រឹះស្ថាន​បោះពុម្ព ក៏​ដូច​ក្រុមហ៊ុន​ស្ពនស័រ កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួរ​ឲ្យ​កត់សម្គាល់​ក្រោម​ប្រធាន​បទ «សៀវភៅ​រស់​ចំណេះ​រីក»។

លោកស្រី ខ្លូត វិបុល​ឡា​ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា បង្ហើប​ឲ្យ​ដឹង​ពី​ភាព​ប្រែប្រួល​នៃ​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៧ នៅ​ក្នុង​ឆ្នាំ​នេះ​ថា៖ «ចំពោះ​ដំណើរ​ការ​រៀបចំ​គឺ​នៅ​តែ​មាន​របៀប​វារៈ​ដូច​ឆ្នាំ​មុន តែ​អ្វី​ដែល​ប្រែប្រួល​គឺ​សកម្មភាព​រៀបចំ។ ឆ្នាំ​នេះ យើង​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយសារ​មាន​បណ្តា​គ្រឹះស្ថាន​បោះពុម្ព​ជាច្រើន​មាន​ប្រមាណ​ជិត ៨០០ គ្រឹះស្ថាន បាន​ទំនាក់​ទំនង​ដាក់​ស្តង់ (Booth) តែ​យើង​អាច​មាន​កន្លែង​ដាក់​អស់​លទ្ធភាព​ត្រឹម​តែ​ចំនួន ១១៤ ស្តង់ ព្រោះ​បរិវេណ​បណ្ណាល័យ​ជាតិ​យើង​មាន​ទំហំ​តូច។

សកម្ម​ភាព​រៀបចំពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ ២០១៥​​។ ហុង មិនា

ដូច្នេះ​ស្តង់នីមួយៗអាច​នឹងមាន​ដាក់តាំង​រួមគ្នា​ច្រើន​រហូតដល់​ចំនួន ១០ គ្រឹះស្ថាន​ក៏មាន​ដែរ។ ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន គឺ​យើង​រៀបចំ​មាន​ចំនួន​ជាង ៨០ ស្តង់។ យើង​មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ជា​ម្ចាស់​ស្ពនស័រ​នៅ​ឆ្នាំ​នេះ ដូចជា ក្រុមហ៊ុន​ជីបម៉ុង ធនាគារ ANZ Royal និង​ក្រុមហ៊ុន Crab។ ចំពោះ​ក្រុមហ៊ុន Crab ចូលរួម​ជួយ​ផ្នែក​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក​ចូលរួម​គឺមាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចំនួន ៥០ ភាគរយ​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​សេវាកម្ម Crab»។

ដោយមាន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអាន​សៀវភៅ និង​ការ​រៀបចំ​ពិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា ពេល​កន្លង​មក​ប្រកប​ដោយ​ការ​សហការ​ផ្សព្វផ្សាយ​បាន​ទូលំ​ទូលាយ​នោះ ទើប​គេ​សង្កេត​ឃើញ​សម្ទុះ​នៃ​ក្រុម​សិស្ស និស្សិត ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

លោកស្រី ខ្លូត វិបុល​ឡា ក៏បាន​រំឭក​ពី​ចំនួន​អ្នកចូលរួម​សរុប​កាល​ឆ្នាំ​ចាស់​ថា៖ «កាល​ពី​ឆ្នាំ ២០១៧ អ្នក​ចូលរួម​សរុប​ទាំង​អស់​ក្នុង​រយៈពេល ៣ ថ្ងៃ គឺ​យើង​ទទួល​បាន​នូវ​ចំនួន ៥១ ០០០ នាក់ ខណៈ​ឆ្នាំ​នេះ​យើង​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ទាំង ៣ ថ្ងៃ អាច​បាន​ចំនួន ៧ ម៉ឺន​នាក់។ នេះ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​តាមរយៈ​អ្នក​ចូលរួម​បាន​ចូល​គេហទំព័រ​របស់​បណ្ណាល័យ​ជាតិ»៕