ភ្នំពេញៈ គម្រោង​តោះ​អាន! Let''s Read! គឺជា​គម្រោង​ឌីជីថល​របស់​អង្គការ​មូលនិធិ​អាស៊ី បាន​បង្កើត​ក្នុង​គោល​ដៅ​លើក​ស្ទួយ​ការ​អាន​សៀវភៅ​របស់​កុមារ ដោយ​ការ​និយាយ​ពី​តំបន់​ក្នុង​ស្រុក តួអង្គ​សំខាន់ និង​ភាសា នៅ​តាម​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាស៊ី។

ចាប់ពី​ថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងមក ក្រុមហ៊ុន​កាហ្វេ Starbucks កម្ពុជា និង​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា បាន​សហការ​គ្នា​បោះ​ផ្សាយ​សៀវភៅ​រឿង​និទាន សម្រាប់​កុមារ​ឈ្មោះ​ថា «ខាល់​ឌី និង​ពពែ​រាំរែក»។ តាមរយៈ​សៀវភៅ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​សប្បុរស​ធម៌ (Give Good) នៅ​ឆ្នាំ ២០១៨ របស់ Starbucks ក្នុង​គោល​បំណង​បង្កើន​ភាព​រីករាយ​នៃ​ការ​អាន​សម្រាប់​កុមារ​កម្ពុជា។

សាធារណជន ក៏​អាច​ចូលរួម​យុទ្ធនាការ​សប្បុរសធម៌​នេះដែរ តាមរយៈ​ការជួយ​ទិញ​សៀវភៅ​រឿង «ខាល់​ឌី និង​ពពែ​រាំរែក» ដែល​មាន​ដាក់​លក់​ទូទាំង ១៥ សាខា​នៃ​ហាង​កាហ្វេ​របស់ Starbucks កម្ពុជា ទូទាំង​ទីក្រុង​ភ្នំពេញ និង​នៅ​ទី​រួម​ខេត្ត​សៀមរាប ១ ក្បាល មាន​តម្លៃ ៦ ដុល្លារ។

អ្នកស្រី Meloney Lindberg ជា​តំណាង​អង្គការ​មូលនិធិ​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ថា៖ «សៀវភៅ​រឿង​ពី​កាហ្វេ នឹង​ជួយ​កុមារ​យល់​ដឹង​ពី​ប្រវត្តិ​របស់​កាហ្វេ។ គម្រោង​តោះ​អាន ចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ។ គោល​បំណង​សំខាន់​យើង​គឺ​បង្កើត​ធនធាន​នៃ​ការ​អាន​ឲ្យ​កាន់​តែ​ច្រើន និង​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​នៃ​ការ​អាន​ដល់​កុមារ​នៅ​កម្ពុជា»។

តាមរយៈ​យុទ្ធនាការ​នេះដែរ Starbucks កម្ពុជា ក៏​គាំទ្រ​ដល់​គម្រោង​តោះ​អាន! របស់​អង្គការ​មូលនិធិ​អាស៊ី ដែល​មាន​គោល​ដៅ​ពង្រឹង​ធនធាន​សៀវភៅ​កុមារ ដែល​មាន​ភាសា សាច់​រឿង តួអង្គ តាម​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​បង្កការ​ងាយ​ស្រួល​ដល់​កុមារ​សម្រាប់​ការ​ស្រមៃ​មើល​ឃើញ។

សៀវភៅអានកុមាររឿង «ខាល់ឌី និងពពែរាំរែក»។សហការី

កាលពី​ឆ្នាំមុន Starbucks កម្ពុជា បាន​គាំទ្រ​ជួយ​បោះពុម្ព​សៀវភៅ​កុមារ​ចំនួន ៥០០ ក្បាល។ លោក ប៉ោ លីម ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Starbucks កម្ពុជា ឲ្យ​ដឹង​ថា​៖ «យើង​ពិត​មាន​ក្តី​រីករាយ​មែន​ទែន នឹង​លទ្ធផល​នៃ​កិច្ច​សហការ​រវាង​យើង និង​អង្គការ​មូលនិធិ​អាស៊ី កាល​ពី​ឆ្នាំ​មុន ហើយ​រំពឹង​ថា នឹង​បន្ត​ការងារ​នេះ​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត»។

យុទ្ធនាការ​ឆ្នាំនេះ​ក៏​ផ្តល់់ឱកាស​ដល់​អ្នកនិពន្ធ និង​វិចិត្រករ​កម្ពុជា សហការ​នឹង​អ្នក​ជំនាញ​ផ្នែក​ឆុង​កាហ្វេ​របស់ Starbucks ដើម្បី​ផលិត​សៀវភៅ​រឿង «ខាល់​ឌី និង​ពពែ​រាំរែក» ជា​រឿង​ព្រេង​និទាន​ស្តីពី​ការ​រក​ឃើញ​កាហ្វេ​ដំបូង។

ចំពោះ​ប្រាក់ចំណេញ​ដែល​រកបាន​ពី​ការលក់​សៀវភៅ នឹង​យកទៅ​បន្ត​គាំទ្រ​ដល់​គម្រោង Let''s Read! នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី។ សៀវភៅ​រឿង​នេះ មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​ក៏​អាច​រក​បាន​នៅ​លើ​គេហទំព័រ​ទាំង ២ នេះ។

គម្រោង​បណ្ណាល័យ​ឌីជីថល តោះ​អាន! មាន​សៀវភៅ​កុមារ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ជា​ភាសា​ខ្មែរ ចំនួន​ជាង ២៦០ ក្បាល និង​ជាង ១,៦០០ ក្បាល​ទៀត​ជា ភាសា ២០ ផ្សេង​ទៀត។ លោក​អ្នក អាច​អាន និង​ទាញ​យក​សៀវភៅ​ទាំង​នេះ​ដោយ​មិន​គិត​ថ្លៃ នៅ​លើ​គេហទំព័រ www.letstreadasia.org ឬ​ដោន​ឡូត​អេប Let''s Read! នៅ​លើ Google PlayStore៕