ក្រុងអាំស្ទែរដាំ: ម៉ោង​ជិត ១១ អាធ្រាត្រ​ទៅ​ហើយ ខណៈ​ព្រឹល​បន្ដ​ធ្លាក់​គ្រប​ដណ្ដប់​លើ​ដង​វិថី​តូចៗ​នៃ ក្រុង​អាំស្ទែរដាំ ប្រទេស​ហូឡង់។ យុវជន ២ នាក់​គ្រង​ឈុត​ពាក់​អាវ​មួក​ដើរ​ទៅ​កាន់​បង្អួច​ធំ​មួយ​ក្នុង​ខណ្ឌ​ភ្លើង​ក្រហម​ដ៏​ល្បី​បំផុត​ក្នុង​ពិភពលោក។

Daily Mail បាន​រាយការណ៍​ថា ក្រោម​ពន្លឺ​ភ្លើងពណ៌​ក្រហម​ព្រឹមៗ មាន​នារី ៣ នាក់​ស្លៀក​តែ​ខោ​ទ្រនាប់​ក្រណាត់​ប៉ាក់។

ម្នាក់​អង្គុយ​ចុច​ទូរស័ព្ទ ឥត​ខ្វល់​យក​ភ្នែក​ដៀង​តប​ការ​រំពៃមើល​របស់​បុរស។ ម្នាក់​ទៀត លាប​ក្រែម​បបូរ​មាត់ ហើយ​អ្នក​ទី ៣ អង្គុយ​យោល​ខ្លួន​តិចៗ រំលេច​ស្នាម​ញញឹម​ពព្រាយ។

សេវាកម្ម​ផ្លូវភេទ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ថ្ងៃ​សម្បូរ​ម៉ូយ នារីៗ​អាច​រក​ចំណូល​បាន​រហូត​ដល់ ៤៨០ ដុល្លារ​ក្នុង ១ ថ្ងៃ។

ភ្ញៀវ​ភាគច្រើន​ជា​ពលរដ្ឋ​មក​ពី​ចក្រភព​អង់គ្លេស។ ពួកគេ​មក​ទីនេះ​ដោយ​បើកបរ​រថយន្ដ នៅ​ថ្ងៃ​វិស្សមកាល ឬ​ថ្ងៃ​ចុង​សប្ដាហ៍ ដើម្បី​លួច​ដៀង​កន្ទុយ​ភ្នែក​មើល​នារីៗ​លក់​ខ្លួន​តាម​ទ្វារ​កញ្ចក់។ បុរស​ខ្លះ​ថែម​ទាំង​បាន​តប​នឹង​កាយវិការ​អូស​ទាញ​របស់​ពួក​នាង​ទៀត​ផង។

ប៉ុន្ដែ​ភ្ញៀវទេសចរ មក​ក្រុង​អាំស្ទែរដាំ ត្រូវបាន​ជម្រាប​ជូន​ដំណឹង​ឲ្យ​បញ្ឈប់​ឌឺដង និង​បង្ហាញ​កាយវិការ​មិន​សមរម្យ​ចំពោះ​នារី​រកស៊ី​ផ្លូវភេទ​ក្នុង​តំបន់​ភ្លើង​ក្រហម​ដ៏​អសោច​នោះ​ទៀត។ មគ្គុទេ្ទសក៍​នឹង​ត្រូវ​ឲ្យ​ប្រាកដ​ថា ភ្ញៀវ​របស់​ខ្លួន​ត្រូវ​បែរ​ខ្នង​ចេញ​ពី​នារីៗ​បោយ​ដៃ​សម្ញែង​រាង​ក្នុង​បន្ទប់​កញ្ចក់។

ទេសចរ​ត្រូវ​ហាម​​ប្រើ​កាយវិការ​មិន​សមរម្យ​ដាក់​ពួកនាង​​។ AFP

ច្បាប់​ដ៏​តឹងរ៊ឹង​ថ្មី ដែល​ចូល​ជា​ធរមាន​ក្នុង​ខែ​មេសា ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ដ​ដោយ​អាជ្ញាធរ​ក្រុង​ដើម្បី​បង្ក្រាប​លើ​ទេសចរ​ចូលចិត្ដ​ឌឺដង​ដោយ​នាំគ្នា​ដើរ​ជា​ក្រុម​តាម​តំបន់​ផ្ទះបន​នេះ។

ការស្រែក​ឡូឡា ផឹក​គ្រឿង​ស្រវឹង និង​លេង​ថ្នាំ​ក៏ត្រូវ​ហាមឃាត់​ចំពោះ​ភ្ញៀវទេសចរ​ដែរ ដោយ​សូម្បី​តែ​ការ​ថតរូប​ក៏​លែង​មាន​ទៀត។

ប្រតិបត្ដិករ​ទេសចរណ៍​ត្រូវបាន​បង្គាប់​ឲ្យ​ជម្រាប​ជូន​ដល់​ភ្ញៀវ​ឲ្យ​ចេះ​គោរព​ចំពោះ​នារី​រកស៊ី​ផ្លូវភេទ និង​ពលរដ្ឋ​ក្នុង​តំបន់​ផ្ទះបន​ទាំង​នេះ។

ដំណើរ​កម្សាន្ដ​ត្រូវតែ​បិទ​នៅ​ម៉ោង ១១ យប់ និង​កំណត់​ត្រឹម​មនុស្ស​តែ ២០ នាក់​ប៉ុណ្ណោះ។ មគ្គុទេ្ទសក៍​ដែល​ល្មើស​នឹង​បទបញ្ជា​នេះ នឹង​ត្រូវ​ពិន័យ ២៣៧ ដុល្លារ ខណៈ​ក្រុមហ៊ុន​អាច​ត្រូវ​ជាប់​ពិន័យ ១ ១៧៥ ដុល្លារ​ថែម​ទៀត។

ពេស្យាកម្ម​ជា​របរ​ស្របច្បាប់​នៅ​ហូឡង់ តែ​មិន​រាយប៉ាយ​តាម​ដងផ្លូវ​ឡើយ ដូច្នេះ​នារី​រកស៊ី​ផ្លូវភេទ​ក្នុង​ក្រុង​អាំស្ទែរដាំ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទូកញ្ចក់​ដើម្បី​ទាក់​ទាញ​ម៉ូយ៕HR

ស្ត្រី​រកស៊ី​ផ្លូវភេទ នៅ​តំបន់​ភ្លើង​ក្រហម ក្រុង​អាំស្ទែរដាំ​​។ AFP