ភ្នំ​ពេញ:​ តា​រា​ចម្រៀង​ប្រុស​ និងរ៉េប​ ឯក​រាជ្យ​លោក​ ថេ​ណា​​ ដែល​ធ្លាប់​តែ​មាន​ការ​គាំ​ទ្រ​ពី​ស្រ​ទាប់​យុ​វ​វ័យ​ ព្រម​ទាំង​មាន​ការ​សរសើរ​ពី​មហា​ជន​ថា​ពូ​កែ​និ​ពន្ធ​បទ​ចម្រៀង​បាន​ពីរោះ​ និង​មាន​អត្ថ​ន័យ​ចាក់​ដោត​អា​រម្ម​ណ៍​ តែ​នៅ​ពេល​​តា​រា​ចម្រៀង​ប្រុស​រូប​នេះ​បាន​បង្ហើរ​សំ​នៀងរ៉េបទម្រង់ (១៨+) ​​បទ ​«​អេម​» បាន​​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​មាន​ការ​ខក​ចិត្ត​ពី​បណ្តា​អ្នក​គាំ​ទ្រ​របស់​លោក​ជា​ខ្លាំង​។

តាម​រ​យៈ​បទ ​«​អេម​»​ វា​មាន​អត្ថ​ន័យ​ក្នុង​ទម្រង់​អាស​អា​ភាស​ បើក​បង្ហាញ​កេ​រ្តិ៍​ចំ​ពោះ​មនុស្ស​ទាំង​បី​ភេទ​ ជា​ពិ​សេស​ភេទ​ជា​ស្រ្តី​ ដែល​ធ្វើ​ឲ្យម​ហា​ជន​ទាំង​អស់​មិន​អាច​ទ​ទួល​យក​បាន​ រ​ហូត​ដល់​មាន​ការ​សុំ​ឲ្យ​ចាត់​វិ​ធាន​ការ​ឲ្យ​ក្រ​សួង​វប្ប​ធម៌​​ធ្វើ​ការ​ពិ​ចារ​ណា​ទៀត​ផង​។

បទ​ «​អេម» ​ទ​ទួល​បាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​ប្រ​ធាន​សមា​គម​សិល្បៈ អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិ​ណា​ ថា​៖ «ជា​រឿង​ធម្ម​ជាតិ​របស់​មនុស្ស​ពិត​មែន​ ប៉ុន្តែ​ក៏​មិន​គួរ​យក​បើក​ចំ​ហរ​ជា​សា​ធា​រណៈ​បែប​នេះ​នោះ​ទេ...»​។

ព្រម​ទាំង​មាន​ការ​ខំ​មិន (Comments) ​ជា​ហូរ​ហែរ​ដូច​គ្នា​ទៅ​នឹង​សម្តី​របស់​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិ​ណា​ និង​បាន​បង្ហាញ​អា​រម្ម​ណ៍​សោក​ស្តាយ​ចំ​ពោះ​ស្នា​ដៃ​ដែល​លោក​ ថេ​ណា​ ធ្លាប់​បាន​លើក​ឡើង​កន្លង​មក​ មិន​គួរ​ណា​លោក​លើក​យក​ការរ៉េប​ បែប​រឿង​អាស​អា​ភាស​បែប​នេះ​មក​បង្ហាញ​ក្នុង​សង្គម​សោះ​។

ក្រោយ​ពី​បាន​ទ​ទួល​រង​ការ​រិះ​គន់​ពី​សំ​ណាក់​ម​ហា​ជន​ ព្រម​ទាំង​បណ្តា​អ្នក​គាំ​ទ្រ​ហើយ​នោះ​តា​រា​ចម្រៀង​ឯក​រាជ្យ​លោក​ ថេ​ណា​ បាន​ធ្វើ​ការ​បក​ស្រាយ​ដូច្នេះ​ថា​៖​ «សុំទោស​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា ​ដែល​មិន​ពេញចិត្ត​នៅ​ចម្រៀង​មួយ​បទ​នេះ​ខ្ញុំ​ដឹង​ថា​ប៉ារ៉ូល​វា​ខ្លាំង​តែ​ចម្រៀង​បែប​នេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ធ្វើ​បង​ប្អូន​មានចម្រៀង​បរទេស​ចម្រៀង​ខ្មែរ​ ថៃ​ និង​​ប្រទេស​ច្រើន​ណាស់​ ដែលរ៉េប​​បារ៉ូ​ល​បែប​នេះ​ខ្លាំង​ជាង​ខ្ញុំ​ផង​សិល្ប​នៃ​ការ​រ៉េប​​ វាតែង​តែ​មាន​ពាក្យ​ធ្ងន់​ខ្លះ​ហើយ​បងប្អូន ​ហើយ​ខ្ញុំ​ក៏​បាន​ដាក់​ logo ដែល​ខ្ញុំ​គូរង្វង់​សនឹង​ហើយ​ដាក់​ថា​ 18+ ទៀត...»។

លោក​បន្ត​ទៀត​ថា៖ «ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ធ្វើ​ភ្លេង​តាម​ internet តែ​ប៉ុណ្ណោះ​ ​មិន​មែន​អ្នក​ចម្រៀង​ផ្លូវ​ការ​ឯណា​ហើយ​បទ​នេះ​ពួក​ខ្ញុំ​ធ្វើ​លែងទុក​ស្ដាប់​ជាមួយ​មិត្តភ័ក្ដិ​​ខ្ញុំ​​តែ​ប៉ុណ្ណោះ​ ​តែ​ក៏​ឃើញ​ fans របស់​ខ្ញុំ​គាត់​ចូល​ចិត្ត​ក៏​បង្ហោះ​ទៅមិន​បាន​លក់​លើក​ទី​ផ្សា​នោះ​ទេ។ ​ខ្ញុំ​ដឹង​ថា​ទោះ​និយាយ​យ៉ាង​មិច​ក៏​នៅតែមាន​កំហុស​ព្រោះ​មនុស្ស​មាន​ការ​គិត​ខុស​គ្នា​តែ​ចង់​បកស្រាយ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​អគុណ​បាទ»។

ទន្ទឹម​នឹងវីដេអូ​មាន​សម្លេង​បទ​នេះ​ត្រូវ​បានដក​ចេញ​ ​តា​រា​សម្រៀង​ពូ​កែ​និ​ពន្ធ​បទ​ចម្រៀង​មាន​ការ​ពេញ​និ​យម​ច្រើន​ពី​យុ​វ​វ័យ​រូប​នេះ​ក៏​បាន​បង្ហោះ​សារ​ជា​បន្ត​ក្នុង​ផេក​របស់​លោក​ទៀត​ថា​៖​ «​ពួក​យើង​នឹង​ធ្វើ​ការ​ remove បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​សុំទោស​អ្នក​ទាំង​អស់​គ្នា​ផង​បាទអរគុណ​បាទសំរាប់​អ្នក​ដែល​យក​ ​video​ទៅ​ post បន្ត​យើង​​មិន​ទទួល​ខុស​ត្រូវ​នោះទេ»​។

បន្ទាប់​ពី​មាន​ការ​សុំ​ទោស​ជា​សា​ធា​រ​ណៈ​ និង​បាន​លុប​បទ​ចម្រៀង​ចេញ​ពី​បណ្តាញ​សង្គម​មក​មាន​គាំ​ទ្រ ​​ដែល​បាន​ខក​ចិត្ត​នឹងបទ​​ចម្រៀង​«​អេម» បាន​ខំ​មិន​ថាទុកឱ​​​កាស​ឲ្យ​តា​រា​ចម្រៀង​ប្រុស​សម្លេង​ផ្អែម​រូប​នេះ​ម្តង​ចុះ​ ហើយ​អ្នក​ខ្លះ​បែរ​ជា​និ​យាយ​ថា​ជា​ន័យ​បែប​អប់​រំ​ទៅ​វិញ​៕