ក្រុង​ប៉េកាំង: ស្ដ្រី​វ័យ​កណ្ដាលមក​ពី​ក្រុង​ហារប៊ីន ប្រទេស​ចិន ទើប​រក​ឃើញ​​ថ្លើម​ផ្ទុក​ជាតិ​គីមី ដែល​ទំនង​ជា​បង្ក​​ឡើង​ដោយ​ចំណូល​ចិត្ដ​លាប​ថ្នាំ​សក់​រៀង​រាល់​ខែ អស់រយៈពេល​ ១០ ​ឆ្នាំ​​។

ដោយ​ស្គាល់​ជា​អ្នកស្រី ឈិន លើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​ចិន ស្ដ្រី វ័យខ្ទង់ ៥០ ឆ្នាំ​រូបនេះ បាន​អះអាង​ថា សក់​ស្កូវ​របស់​អ្នកស្រី​កាន់តែ​ច្រើន​ស្ទើរ​ពេញ​ក្បាល។ ដូច្នេះ ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ អ្នកស្រី​ត្រូវ​លាប​សក់​នៅ​សាឡន​រៀង​រាល់​ខែ។ ទើបតែ​​ថ្មី​ៗ​នេះ អ្នកស្រី បាន​ដឹង​ថា ទម្លាប់​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ថ្លើម​។

កាល​ពី ២ ខែ​មុន ពេល​អ្នកស្រី ឈិន ដើរ​ឡើង​ជណ្ដើរ​ទៅកាន់​បន្ទប់​គេង​ពេល​រាត្រី អ្នកស្រី​ចាប់​ផ្ដើម​មាន​អារម្មណ៍​ហត់​ និង​ថប់​ដង្ហើម​ប្លែក​ បន្ទាប់​មក​ ស្វាមី​បាន​សម្គាល់​ឃើញ​ថា ស្បែក​របស់​អ្នកស្រី​ប្រែ​ជា​ពណ៌​លឿង​ និង​ភ្នែក​ឡើង​ស​។ ពួកគេ​បាន​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម។

នាយក​ដ្ឋាន​វេជ្ជ​សាស្ដ្រ​ជំងឺ​ឆ្លង ក្រុង​ហារប៊ីន បាន​រក​ឃើញ​ថា អ្នកស្រី​ផ្ទុក​សារ​ធាតុ​គីមី​ ប៊ីលីរូប៊ីន លើ​ស្បែក​លើស​ប្រក្រតី​ជាង ១០ ដង​។

ក្រុម​វេជ្ជ​បណ្ឌិត រក​ឃើញ​ថា ថ្លើម​របស់​ស្ដ្រី​រូប​នេះ កើត​ជំងឺ​ថ្លើម​​​តំណាក់​កាល​ចុង​ក្រោយ​ និង​ព្យាយាម​ស្វែង​រក​មូល​ហេតុ​។

ស្ដ្រី​រូប​នេះ​មិន​ប៉ះ​គ្រឿង​ស្រវឹង ហើយ​ប្រវត្ដិ​ការ​ប្រើ​ប្រាស់​ឱសថ​មិន​បង្ហាញ​សញ្ញា​ប៉ះពាល់​ដល់​ថ្លើម​ធ្ងន់​ធ្ងរ​ឡើយ​។

ក្រោយ​ពី​ឮ​ទម្លាប់​លាប​ថ្នាំ​សក់​រៀង​រាល់​ខែរយៈ​ពេល ១០ ឆ្នាំ ក្រុម​វេជ្ជ​បណ្ឌិត​សន្និដ្ឋាន​ថា សារធាតុ​គីមីថ្នាំ​លាប​សក់​ជា​ដើម​ចម​បង្ក​ជំងឺ​ថ្លើម​ធ្ងន់​ធ្ងរ​នេះ​។

ក្រោយ​ពី​ការ​ព្យាយាម​រយៈ​ពេល ២០ ថ្ងៃ អ្នកស្រី ឈិន មាន​អាការ​ប្រសើរឡើង​បន្ដិច​តែ ក្រុម​អ្នក​ជំនាញ​និយាយ​ថា សារធាតុ​គីមី​បាន​ធ្វើ​ឲ្យ​ខូច​ថ្លើម​មួយ​ចំនួន​ដែល​អាច​បង្កើន​ឱកាស​កើត​ជំងឺ​មហារីក​ថែម​ទៀត​។

វេជ្ជបណ្ឌិត ហ្វូ លីជួន នាយក​នៃ​នាយកដ្ឋាន​វេជ្ជសាស្ដ្រ​ទូទៅ​សម្រាប់​ជំងឺ​ឆ្លង បាន​និយាយ​ថា ថ្នាំ​លាប​សក់​ភាគ​ច្រើន​ផ្ទុក​នូវ​សារធាតុ​គីមី​ជា​ច្រើន ដោយ​ខ្លះ មាន​ជាតិ​ពុល​ខ្លាំង​ចំពោះ​រាងកាយ​​មនុស្ស​ ដូចជា នីត្រូបេនហ្សេន​ និង​អានីឡាញ​ជា​ដើម​។

សមាសធាតុ​ទាំង​នេះ ងាយ​ស្រូប​ចូលតាម​ស្បែក​ក្បាល ហើយ​ពេល​វា​ចូល​ដល់​ក្នុង​រាងកាយ វា​ត្រូវ​បាន​រំលាយ​ដោយ​ថ្លើម​។

ជា​រឿយ​ៗ វា​មិនត្រឹម​តែ​​បំផ្លាញ​ដល់​សរីរាង្គ​​ប៉ុណ្ណោះ​ទេ​ តែថែមទាំង​​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ ដូចជា ករណី​របស់​អ្នកស្រី ឈិន ជាដើម​។

វេជ្ជបណ្ឌិត បាន​លើក​ឡើង​ថា អ្នក​មិន​គួរ​លាប​ថ្នាំ​សក់​ទេ ដើម្បី​សុខភាព​ថ្លើម។ តែ​បើ​អ្នក​ត្រូវ​តែ​លាប​ថ្នាំ​សក់​​ដោយ​ខាន​មិន​បាន លោក​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​លាប​ចម្រាញ់​ពី​ផលិត​ផល​រុក្ខជាតិ​។

បើ​​​​​​​​​​​​​​អ្នក​ជ្រើស​រើស​យក​ថ្នាំ​លាប​គីមី វេជ្ជ​បណ្ឌិត ហ្វូ អះអាង​ថា អ្នក​មិន​គួរ​ប្រើ​វា​ញឹក​ញាប់​លើស​ពី​ម្ដង​ក្នុង​រយៈ​ពេល​ ៦ ខែ​ឡើយ​៕ HR

ប្រភព Odditycentral.com