ក្រុងសៀមរាប៖ ក្រោយពីបានចូលសិក្ខាសាលាស្តីពីបញ្ហាបរិស្ថាន និងសត្វព្រៃនានាមកនោះ ក្រុមយុវជនស្ម័គ្រចិត្តចំនួន ១២ រូប បានរៀបចំនូវទិវាយល់ដឹងអំពីសត្វព្រៃ មាននៅខេត្តសៀមរាប ជាលើកដំបូង ក្នុងគោលបំណងផ្សព្វផ្សាយបន្តទៅដល់ពលរដ្ឋស្គាល់សត្វជាតំណាងជាតិ និងចង់ឲ្យស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្សសត្វព្រៃ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលរបកគំហើញធម្មជាតិ ចូលរួមដោយសេរី នៅថ្ងៃអាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០។
ដោយសារភាគច្រើនប្រជាពលរដ្ឋខ្មែរយើង មិនសូវបានស្គាល់ពពួកសត្វទាំងឡាយ ជាសត្វតំណាងជាតិខ្លួន ឬស្គាល់ក្រុមសត្វកម្រ ដែលកំពុងតែជិតផុតពូជ មាននៅក្នុងប្រទេស កម្ពុជា នោះឡើយ។ ដូច្នេះហើយទើបពួកយើងទទួលបានការសហការពីបណ្តាអង្គការនានា ដែលមានគោលដៅដូចគ្នា ក៏ដូចជាកញ្ចប់នៃថវិកាសម្រាប់រៀបចំទិវាយល់ដឹងពីសត្វព្រៃនៅខេត្តសៀមរាបនេះឡើង។
ខណៈហេតុផលនេះ ទើបបានដាក់ឈ្មោះថា «ទិវាយល់ដឹងអំពីសត្វព្រៃខេត្តសៀមរាប» ក៏ព្រោះតែយើងចង់កំណត់គោលដៅរបស់យើងសម្រាប់តំបន់ខេត្តសៀមរាប ឬការផ្សព្វផ្សាយចំពោះប្រជាជន នៅតំបន់សៀមរាបតែម្តង ដើម្បីឲ្យពួកគាត់បានជ្រាបជាដំណឹង និងអាចទស្សនាស្វែងយល់ពីបញ្ហានេះ និងចង់ឲ្យបណ្តាស្ថាប័នពាក់ព័ន្ធមួយចំនួន ចូលរួមសហការផ្សព្វផ្សាយអំពីបញ្ហាអភិរក្សសត្វព្រៃនៅប្រទេស កម្ពុជា។
កញ្ញា សឿម ហឿង សមាជិកនៃក្រុមអ្នករៀបចំទិវាយល់ដឹងអំពីសត្វព្រៃខេត្តសៀមរាបបានឲ្យដឹងពីគោលបំណងនៃការរៀបចំទិវានេះដែរថា៖ «យើងមានគោលបំណងធំ ២ សម្រាប់ការរៀបចំទិវាយល់ដឹងពីសត្វព្រៃ នៅសៀមរាបនេះ។ ចំណុចទី ១ ធ្វើឡើងដើម្បីបង្កើនការយល់ដឹងបន្ថែមអំពីសត្វតំណាងជាតិ និងសត្វកម្រនានានៅប្រទេស កម្ពុជា។ ចំពោះពពួកសត្វជាតំណាងខ្មែរមួយចំនួនទាំងនោះ រួមមានដូចជាសត្វត្រយងយក្ស គឺជាសត្វស្លាបតំណាងជាតិខ្មែរយើង ខណៈសត្វអណ្តើកហ្លួង ជាសត្វល្មូនក្នុងទឹករបស់ខ្មែរ និងសត្វគោព្រៃជាដើម។
ចំណុចទី២ យើងចង់ដឹងព័ត៌មានអំពីស្ថាប័នធ្វើការងារពាក់ព័ន្ធនឹងការអភិរក្សសត្វព្រៃរបស់ខ្មែរ ដែលមាននៅក្នុងតំបន់ខេត្តសៀមរាប ឲ្យចូលរួមជួយបង្ហាញឲ្យដឹងអំពីការងាររបស់ស្ថាប័នទាំងនោះ និងចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរ»។
លើសពីនេះទៅទៀត នៅក្នុងទិវាយល់ដឹងអំពីសត្វព្រៃ សៀមរាបក៏មានកម្មវិធីកម្សាន្ត និងការទស្សនាខ្សែភាពយន្តឯកសារស្តីពីការងារអភិរក្សសត្វព្រៃ ក៏ដូចជាការធ្វើបទបង្ហាញនានាពីស្ថាប័នពាក់ព័ន្ធផងដែរ។
កញ្ញា សឿម ហឿង បានបន្តឲ្យដឹងថា៖ «ទិវានេះ បងប្អូនអាចចូលរួមដោយសេរី នៅថ្ងៃអាទិត្យទី ១៩ ខែ មករា ឆ្នាំ ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច នៅឯមជ្ឈមណ្ឌលរបកគំហើញធម្មជាតិនៅខេត្តសៀមរាប។ យើងមានកម្មវិធីចម្បងៗមួយចំនួនផងដែរដូចជា ការតាំងបង្ហាញពីសត្វតំណាងជាតិ ការតាំងបង្ហាញពីក្រុមស្ថាប័នអភិរក្សនៅក្នុងខេត្តសៀមរាបការលេងល្បែងកម្សាន្តផ្សេងៗ (ដូចជាបង្វិលកង ខ្លាស៊ីគោ ឆ្លើយសំណួរយករង្វាន់ គូរគំនូរ និងការផាត់ពណ៌យករង្វាន់សម្រាប់ក្មេងៗ។
យើងក៏មានការចាក់បញ្ចាំងនូវខ្សែភាពយន្តឯកសារស្តីអំពីធម្មជាតិនៅក្នុងប្រទេស កម្ពុជា និងភាពយន្តឯកសារសត្វក្រៀល។ ម្យ៉ាងវិញទៀត ក៏មានការធ្វើបទបង្ហាញស្តីពី «លក្ខណពិសេសនៃបឹងទន្លេសាប» និង«មេអំបៅ នៅប្រទេស កម្ពុជា» ដែលជាតំបន់ប្រកបទៅដោយសក្តានុពលនៃវិស័យទេសចរណ៍នានាផងដែរសម្រាប់ទាក់ទាញភ្ញៀវទេសចរ»៕