ក្រុងគីតូ៖ ការ​ថែទាំ​បរិស្ថាន​ធ្វើ​ឲ្យ​ប្រទេស ​អេក្វាទ័រ ​ទទួល​បាន​ជោគជ័យ យ៉ាង​ហោច​ណាស់​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ហ្គាយ៉ាឃ្វីល​។

គម្រោង​ថ្មី​នេះ​មាន​បំណង​ទប់​ស្កាត់​ការ​ពង្រាយ​សំរាម​ និង​ការ​បំពុល​បរិស្ថាន​ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ផ្លាស់ប្ដូរ​ដប​ប្លាស្ទិក​ជំនួស​ប្រាក់​ដើម្បី​ទិញ​សំបុត្រ​រថយន្ត​ក្រុង​។

ទីក្រុង​កំពង់ផែ​ ភាគនិរតី​ប្រទេស ​អេក្វាទ័រ គឺ​ជា​ទីក្រុង​ល្បី​បំផុត​ទី​២ ប្រចាំ​ប្រទេស​ ជាមួយ​ប្រជាជន​ ២,៧ លាន​នាក់​ តែ​វា​ក៏​ជា​ទីក្រុង​ផលិត​សំរាម​ដ៏​ច្រើន​ផង​ដែរ​។ អ្នក​ដំណើរ ដែល​ប្រើ​ប្រព័ន្ធ​សេវាកម្ម​រថយន្ដ​ក្រុង​ Metrovia ពេល​នេះ​នាំ​គ្នា​តម្រង់​ជួរ​នៅ​មុខ​ម៉ាស៊ីន​ទើប​ដំឡើង​ថ្មី​ ដោយ​រង់ចាំ​ញុក​ដប​ប្លាស្ទិក​ជំនួស​ប្រាក់​ ២ សេន ដែល​ពួក​គេ​ត្រូវ​ចំណាយ​លើ​ការ​ជិះ​រថយន្ដ​ក្រុង​។

អ្នក​ដំណើរ​ គ្រីស្ទៀន ខាដេណាស បាន​និយាយ​ថា​៖ «​ចូរ​ស្រមៃ​ថា ២ សេន (១ ដប) ​ហើយ​​ដប​ប្លាស្ទិក ១៥ ស្មើ​នឹង ៣០ សេន ​យើង​អាច​ប្រើ​សម្រាប់​បង់​ថ្លៃ​រថយន្ត​ក្រុង​ជា​ស្រេច​»។

ជន​ចូល​និវត្ដន៍​អាយុ ៧៦ ឆ្នាំ​ ឈ្មោះ វ៉ាស៊ីនតោន ប្រាវូ ត្រូវ​​ចំណាយ​ប្រាក់ ៩ ដុល្លារ​ជិះ​តាក់ស៊ី​ទៅ​ក្នុង​ក្រុង។ ពេល​នេះ​លោក​ត្រូវ​ដើរ​រើស​ដប​តាម​ធុង​សំរាម និង​តាម​ដង​ផ្លូវ​ពេល​ធ្វើ​ដំណើរ​​​ម្ដង​ក្នុង​មួយ​សប្ដាហ៍​។

រូបតំណាង : ត្រឹមតែ​ ២ ខែ​ ប្លាស្ទិក​ជាង ២៤ ០០០ ដប​ ត្រូវ​បាន​ប្រមូល​។ រូបថត AFP

ទីក្រុង​ហ្គាយ៉ាឃ្វីល ផលិត​សំរាម​ ៤ ២០០ តោន​ក្នុង ​១ ​ថ្ងៃ ហើយ​មាន​តែ ​១៤ ភាគរយ​ទេ ដែល​អាច​កែ​ច្នៃ​​។

ទោះ​ជា​យ៉ាង​ណា ប្រព័ន្ធ​ទូទាត់​សំរាម​​​នៅ​មិន​ទាន់​ពេញ​និយម​នោះ​ទេ​ដោយ​មាន​តែ​​ម៉ាស៊ីន​​ទូទាត់​​​ប្រាក់​តែ ១ គ្រឿង ​សម្រាប់​ការ​ដោះដូរ​ជាមួយ​ដប​ប្លាស្ទិក​ជំនួស​ការ​​​បង់​ប្រាក់​ជិះ​រថយន្ត​ក្រុង​​​។

នាយក​គ្រប់គ្រង​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ Metrovia លោក ឡេអូប៉ូលដូហ្វាល់​ឃ្វេស បាន​ឆ្លើយ​តប​ថា ម៉ាស៊ីន​ថ្មីៗ​ នឹង​មក​ដល់​​​ឆាប់ៗ ដែល​នឹង​ទូទាត់​ថ្លៃ​សេវាកម្ម​ជិះ​រថយន្ត​ក្រុង​ភ្លាមៗ​ ដោយ​មិន​ចាំបាច់​រង់ចាំ​យូរ។

រយៈពេល ២ ខែ​ តាំង​ពី​ដាក់​ដំណើរការ​ប្លាស្ទិក​ជាង ២៤ ០០០ ដប​ត្រូវ​បាន​ប្រមូល​កែ​ច្នៃ៕ AFP/HR