ក្រុង​ប៊ែ​រ​ឡាំង: ឆ្លងថ្នល់ ជា​ឱកាស​ត្រូវ​ប្រញាប់​ដើរ​បន្ទាន់។ តែ​នោះ​ជា​អ្វី​ដែល​ពលរដ្ឋ​ក្រុង ហ្រ្វែដប៊ឺក ប្រទេស​អាល្លឺម៉ង់​ស្រឡាំង​កាំង ពេល​ភ្លើង​សញ្ញា​ចរាចរណ៍​លោត​ពណ៌​បៃតង​បង្ហាញ​រូប​លោក Elvis Presley។

ដើម្បី​រំឭក​ការផ្សារភ្ជាប់​រវាង​តារាចម្រៀង «Love me Tender» ជាមួយ​ទីក្រុង ហ្រ្វ៊ែដប៊ឺក អាជ្ញាធរ​មូលដ្ឋាន​បាន​កែច្នៃ​ពន្លឺ​ភ្លើង​ពណ៌​ចរាចរណ៍​ចំនួន ៣ ទៅ​ជា​ពន្លឺ​ភ្លើង​រូប​រាង​តារា​ចម្រៀង​រ៉ុក​អេនរ៉ូល Elvis។

ពេល​ភ្លើងស្ដុប​ចេញ​ពណ៌​ក្រហម វា​បង្ហាញ​ពី​និមិត្តសញ្ញា​តន្ដ្រី ដែលមាន​រូប​ក្បាល​មេក្រូ​របស់​លោក។ ពេល​ចេញ​ពណ៌​បៃតង រូប​លោក Elvis រំលេច​រាង​ឈរ​កន្ធែក​ជ្រែង ដែល​ជា​កាយ​វិការ​ពេញ​និយម​របស់​លោក។ លោក​បាន​ស្លាប់​នៅ​អាយុ ៤២ ឆ្នាំ ទាំង​មិន​នឹក​ស្មាន​ដល់ ក្នុង​ឆ្នាំ ១៩៧៧។

ទីក្រុង​អាល្លឺម៉ង់​នានា​ចូល​ចិ​ត្ដ​រចនា​ភ្លើងស្ដុប​ដើម្បី​ឧទ្ទិស​រំឭក​ដល់​បុគ្គល​ល្បីៗ។ ទីក្រុង បោ​ន បាន​ដំឡើង​ភ្លើង​ស្ដុប​រំលេច​មុខ​តន្ត្រីករ Beethoven ខណៈ​ទីក្រុង​ខាង​លិច ទ្រីយើរ បាន​ប្រារឰ​ខួប ២០០ ឆ្នាំ​របស់ អ្នក​ប្រាជ្ញ Karl Marx ដោយ​រចនា​ភ្លើង​ស្ដុប​រូប​ពុក​ចង្កា​របស់​លោក៕