ក្រុងអង់តាណាណារីវ: ម៉ាដាហ្គាស្កា ដែល​សម្បូរ​សត្វព្រៃ និង​ការផលិត​វ៉ានីឡា​បាន​បង្កើត​ភាពលេចធ្លោ​ថ្មី​មួយ​ទៀត​គឺ​ដែន​កោះ​នេះ​ជា​ប្រទេស​តែ​មួយគត់​នៅ​អាហ្វ្រិក​ដែល​មាន​ពងត្រី​ខាវីយ៉ា​តម្លៃ​កប់​ពពក​។

ដោយ​សារ​ភាព​ថា សហគ្រិន​របស់​ខ្លួន​ស្ថិត​ក្នុង​ភាពប្រថុយប្រថាន​អ្នកស្រី Delphyne Dabezies ប្រធាន​ក្រុមហ៊ុន Rova Caviar បាន​និយាយ​ថា​៖ «​មនុស្ស​ជាច្រើន​នាំ​គ្នា​សើចចំអក​ឲ្យ​យើង​។ ប៉ុន្ដែ​យើង​អាច​បញ្ជាក់​ថា នេះ​ជា​ជំនួញ​ដ៏ល្អ​ពិតប្រាកដ​។ ពងត្រី​ខាវីយ៉ាម៉ាដាហ្គាស្កា​គឺជា​ពងត្រី​តែ​មួយ​គត់​ផលិត​ក្នុង​ទ្វីប​អាហ្វ្រិក និង​មហាសមុទ្រ​ឥណ្ឌា​»​។

ត្រី​ស្ទឺហ្គន ដែល​ផលិត​ពងត្រី​ខាវីយ៉ា​អត់​កូន​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​បឹង​ម៉ានតាសូយ៉ា ស្ថិត​នៅ​រយៈកម្ពស់ ១៤០០ ម៉ែត្រ​លើ​នីវ៉ូទឹក​សមុទ្រ​ភាគ​ខាង​កើត​ទីក្រុង​អង់តាណាណារីវ​។

ត្រី ស្ទឺហ្គន ត្រូវ​បាន​នាំចូល​ពី​រុស្ស៊ី​ជា​ស៊ុត​បង្ក​កំណើត​ដែល​ភ្ញាស់ និង​ទទួល​ការថែទាំ​យ៉ាង​យក​ចិត្ដ​ទុកដាក់​នៅក្នុង​បឹង​ម៉ានតាសូយ៉ា​។ ពេល​វា​មាន​ទម្ងន់ ៧ ​ក្រាម ពួកវា​ត្រូវ​ផ្ទេរ​ទៅ​នៅក្នុង​ត្រពាំង​ទឹកសាប និង​ក្នុង​ទ្រុង​ទឹកបឹង​។ នៅ​ទម្ងន់ ១,៥ គីឡូក្រាម សត្វ​ឈ្មោល​ត្រូវ​បាន​សម្លាប់ និង​រក្សាទុក​តែ​ត្រី​ញី​រហូត​ដល់​ពួកវា​បញ្ចេញ​ពង​។ នីតិវិធី​នេះ​ត្រូវការ​ភាពអត់ធន់ និង​ជំនាញ​ខ្ពស់​។

ពងត្រី​ខាវីយ៉ា ១ ខាំ មាន​តម្លៃ​ប្រមាណ ១១៤ ដុល្លារ​។ រូបថត AFP

ត្រី​នាំ​ចូល​ដំបូង​បាន​មក​ដល់​បឹង​ម៉ានតាសូយ៉ា​ក្នុង​ឆ្នាំ​ ២០១៣ ហើយ​រហូត​ដល់​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា ឆ្នាំ ២០១៧ ទើប​មាន​ការប្រមូលផល​ចំ​ថ្ងៃ​ទិវា​ឯករាជ្យ​ម៉ាដាហ្គាស្កា តែ​ម្ដង​។

ពង​ត្រូវ​បាន​រក្សាទុក​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព ០ អង្សាសេ​។

អ្នក​ជំនាញ​ភ្លក្ស​រសជាតិ Georges Heriniaina Andrianjatovo បាន​ប្រាប់​ថា​៖ «​ពងត្រី​ល្អ​រលាយ​នៅក្នុង​មាត់​មាន​រសជាតិ​ដូច​ប៊ឺ​ស្រស់ៗ​»​។

តម្លៃ​ពងត្រី​ខាវីយ៉ា ១ ខាំ​ ថ្លៃ​ប្រមាណ​ ១៤៤ ដុល្លារ​ដែល​មាន​តម្លៃថោក​ជាង​នៅ​អឺរ៉ុប​ឆ្ងាយ​ណាស់​។

ក្នុង​កំណត់ត្រា​ហ្គីនណេស​ពងត្រី​ខាវីយ៉ា​ដ៏ថ្លៃ​បំផុត​ពី​ត្រី​ភឿកស្ទឺហ្គន​នៅ​ឆ្នេរ​អ៊ីរ៉ង់​មាន​តម្លៃ​ជាង ២៥ ០០០ ដុល្លារ​ឯណោះ​៕ HR