ភ្នំពេញៈ ទន្ទឹម​នឹងមាន​អ្នក​ពេញចិត្ត ដែល​សាទរ​ជា​ភាព​រីករាយ​សប្បាយ​ចិត្ត​ផ្ទុះ​សំណើច​ពី​កម្មវិធី​កម្សាន្ត​នានា​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​គឺ​ទូរទស្សន៍​ថោន នោះ ក៏មាន​អ្នក​មើល​ឃើញ​ថា មាន​ចំណុច​ខុស​ឆ្គង​ផង​ដែរ​ក្នុង​កម្មវិធី​ផលិត​ជា​វីដេអូ​យក​មក​ចាក់​ផ្សាយ​ក្នុង​ប៉ុស្តិ៍​ជូន​អ្នក​ទស្សនា​ជិត​ឆ្ងាយ​នាពេល​ថ្មីៗ​នេះ។

កម្មវិធី​កម្សាន្ត «កំប្លែង​ហ្មង» ដែល​ទើប​តែ​បាន​ចាក់ផ្សាយ​កុន​កំប្លែង​រឿង «ជ័យ​គ្រត​ឆ្នាំ ២០១៨» ដែល​មាន​តួ​ស្រី​សម្តែង​ជា​តួ​នាង គ្រត និង​តួ​ប្រុស​នាយ ចេនឡា ដើរ​តួ ជ័យ នោះ​បាន​ចាក់​ផ្សាយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ថោន​នៅ​វេលា​ម៉ោង ៧ ដល់​ម៉ោង ៨ យប់ ដែល​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ច្រើន​គួរសម​តាម​អនឡាញ​នៃ​គេហទំព័រ ទូរទស្សន៍​ដែរ​នោះ បែរ​ជា​ត្រូវ​រង​ការ​រិះគន់​មិន​សំចៃ​ពាក្យ​ពេចន៍​ឡើយ​តាម​បណ្តាញ​ហ្វេសប៊ុក។

ចេញ​ពី​ហ្វេសប៊ុក «យើង​ខ្មែរ» បាន​បង្ហោះ​សារ​រិះគន់​ចំៗ​ចំពោះ​រឿង​កំប្លែង «ជ័យ​គ្រត​ឆ្នាំ ២០១៨» នោះ​ថា៖ «ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប សូម​រិះគន់​ទូរទស្សន៍​ថោន​ដែល​បាន​ផលិត​ឡើង​វិញ​នូវ​រឿង​ជ័យ​គ្រត គ្មាន​គុណភាព​ដូចជា​ការ​រំពឹង​ទុក​របស់​អ្នក​ទស្សនា សូម​មើល​ខាង​ក្រោម ៖ ១.កាឡៃ​សាច់​រឿង​ខ្លី​ពេក​ខុស​សាច់​រឿង​ដើម ២.ប្លង់​ថត​អត់​ស្អាត​មិន​សម​ជា​ភាពយន្ត ៣.ខ្វះ​ប្លង់​ច្រើន​ណាស់ ដូចជា​ប្លង់​បាយ​ទឹក ប្លង់​សម្ល​អណ្តើក ប្លង់​ជោះ​បូស​កូន​ជាដើម ប្លង់​ជ្រុះ​កូន​ក្បែរ​ដើម​ត្រប់។ ៤.ចប់​អត់​ន័យ​ពីដំបូង​គ្រាន់​បើ​តែ​ដល់​ពេល​ចុង​បញ្ចប់​ទទេ ៥.តួ​ប្រុស​នាយ ចេនឡា សម្តែង​ឆ្គង​ណាស់​មិន​អាច​ប្រៀប​ជាមួយ​ពូ​កុយ​ទេ ៦.ឆ្គង​នាង​គ្រត ដំបូង​ល្ងង់​ដល់​ពេល​បាន​ជ័យ​ទៅ​ជា​ឆ្លាត​វិញ»។

ក្រៅពី​មិន​ប្រតិកម្ម​អ្វី​តប​នោះ លោក ប៊ុន រតនា ជា​អ្នក​គ្រប់គ្រង​ការ​ផលិត​កម្មវិធី​ទូរទស្សន៍​ថោន បញ្ជាក់​ការ​រិះ​គន់​នេះ​ថា៖ «យើង​ចាំ​ស្វាគមន៍​រាល់​ការ​រិះគន់​ដើម្បី​ស្ថាបនា​ពី​មហាជន​ជានិច្ច ហើយ​ប្រសិន​បើ​ការ​រិះគន់​ណា​យើង​ពិនិត្យ​ទៅ មាន​ការ​ខុស​ឆ្គង​មែន​គឺ​យើង​ទទួល​យក​ដើម្បី​កែ​តម្រូវ»។

លោក ប៊ុន រតនា ក៏​បន្តថា៖ «ចំពោះ​រឿង​ជ័យ​គ្រត​ឆ្នាំ ២០១៨ នេះ ដោយសារ​យើង​គិតថា​គ្រាន់​តែ​ជា​ការ​ផលិត​រឿង​កំប្លែង ដើម្បី​ចាក់​ផ្សាយ​ឲ្យ​បងប្អូន​ទស្សនា​របៀប​ដូចជា​ឈុត​សម្តែង​កំប្លែង​ខ្លីៗ​លើ​ឆាក​អ៊ីចឹង ហើយ​គិត​ដែរ​ថា រឿង​កំប្លែង​សង្ឃឹម​ថា បង​ប្អូន​មិន​ប្រកាន់​ឡើយ»៕