ក្រុង​​បាន​លុងៈ​ ដើម្បី​ថែរក្សា និង​​អភិរក្ស​សត្វ​ដំរី​កម្ពុជា និង​ប្រពៃណី​ហ្ម​ដំរី​តាំង​ពី​បរម​បុរាណ ដែល​​​នៅ​សេសសល់​​ក្នុង​​​​​ខេត្ត​ភាគ​ឦសាន​ ប្រទេស មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា ត្រូវ​​​បង្កើត​កាល​ពី ៤ ឆ្នាំ​មុន ​ដោយ​​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​ទេសចរ​ទទួល​បាន​ភាព​ស្និទ្ធស្នាល​ ជាមួយ​នឹង​​សត្វ​​ដំរី​​ចិញ្ចឹម​​ក្នុង​តំបន់​​ព្រៃ​សហគមន៍​​កាទៀង ស្ថិត​នៅ​ភូមិ​កាទៀង​​ ឃុំ​ល្បាំង​ ២ ស្រុក​លំផាត់ ខេត្ត​រតនគិរី​​​​។

ជាយថាផល ថ្មីៗ​នេះ​មាន​ដំរី​ឈ្មោល​មួយ​ក្បាល​​ឈ្មោះ​ថា ​«បុកវ៉ា-Bokva» ក្នុង​​ចំណោម​ដំរី​ ៤​ នៅ​ពុំ​​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ បើ​ទោះ​បីជា​ត្រូវ​បាន​​ព្យាបាល​ជំងឺ​ពី​គ្រូ​ពេទ្យ​សត្វ​ ប្រើ​ពេលវេលា​អស់ ​៣ ខែ ​មក​ហើយ​​​នោះ ទើប​ពេល​​ថ្មីៗ​នេះ ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​ សម្រេច​​ធ្វើ​ពិធី​សែន​ព្រេន​ទៅ​តាម​​​ទំនៀម​ដើម​របស់​ជន​ជាតិ​ភាគ​​តិច ដែល​ជា​ហ្ម​ដំរី​នោះ​គឺ​ពិធី​សែន​ព្រេន​កាប់​ជ្រូក ដុត​​មាន់ និង​សែន​ស្រា​ ដើម្បី​សុំ​សេចក្តីសុខ​ និង​សុំ​ឲ្យ​ដំរី​ឈ្មោះ «បុកវ៉ា» ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​របស់​វា​។​

ប្រធាន​​មូលនិធិ​សមាគម​​អភិរក្ស​ដំរី​អៃរាវត្តា អ្នកស្រី ខៃ ចិន្តា​ ហៅ ចិន្តា ក្លេ បាន​បង្ហើប​ឲ្យ​​ដឹង​ពី​ការ​ធ្វើ​ពិធី​សែន​ព្រេន​ ដើម្បី​​​សុំ​​សេចក្តីសុខ​សប្បាយ​​ ជា​ពិសេស​សុំ​​ឲ្យ​ដំរី​ឈឺ​ឆាប់​ជា​ពី​ជំងឺ​តាម​ទំនៀម​ដើម​នៃ​ជនជាតិ​​ព្រៅ ជា​ហ្ម​ដំរី​នោះ​ដែរ​​ថា៖ «​​ទោះបី​ជា​យើង​រស់នៅ​ក្នុង​សម័យ​ទំនើប​​បែប​វិទ្យាសាស្រ្ត​យ៉ាង​ណា​​ក្តី ក៏​យើង​មិន​បាន​​បំភ្លេច​​តាម​ទំនៀម​ទម្លាប់​របស់​បងប្អូន​ជនជាតិ​ដើម ដែល​ជា​ម្ចាស់​ទឹក​ដី និង​ជា​ហ្ម​ដំរី​នោះ​ដែរ​ ដូច​ពាក្យ​ចាស់​តំណាល​ថា ​អាគម​ផ្សំ​អាយុ​នោះ​ឯង​។

ទេសចរ​ចូល​រួម​​ពិធី​សែន​ព្រេន​សុំ​សេចក្តី​សុខ​ឲ្យ​ដំរីឈឺ​ «បុកវ៉ា» ឆាប់ជាពី​ជំងឺ​​តាម​ទំនៀម​បុរាណ។ រូបថត Airavata Elephant​ Foundation

ម្យ៉ាង​ទៀត​​យើង​ក៏​មិន​ចង់​ឲ្យ​មាន​ការ​ខុស​​ទំនៀម​​របស់​ពួក​គាត់​ដែរ ខណៈ​​យើង​ក៏​បាន​ប្រើ​វិធី​តាម​សម័យ​ទំនើប ​​រក​គ្រូ​ពេទ្យ​​​សត្វ​​​ព្យាបាល​​​រយៈ​​ពេល​ប្រមាណ​​ ៣​ ខែ​​ហើយ​​ដែរ​។ ​ដូច្នេះ​ហើយ​​បាន​ជា​ប៉ុន្មាន​ថ្ងៃ​នេះ ​ខ្ញុំ​ក៏​យល់ព្រម​​ឲ្យ​ហ្ម​ដំរី​ រៀបចំ​ពីធី​សែន​ព្រេន​ឲ្យ ​«បុកវ៉ា​» តាម​ទំនៀម​ ដោយ​​មាន​កាប់​ជ្រូក​ ១ ក្បាល ​កាប់​​មាន់ និង​ស្រា​​ជនជាតិ​ជា​លើក​​ដំបូង​​​​ សម្រាប់​រយៈពេល​ដែល​​យើង​​បង្កើត​បាន​ជា​សមាគម​នេះ ៤ ឆ្នាំ​មក​»​។​

អ្នកស្រី​ ចិន្តា ក្លេ បាន​បន្ត​ថា៖ «​ទោះជា​យ៉ាង​ណា​ក៏​យើង​នៅ​តែ​បន្ត​​ខំ​រក​គ្រូ​ពេទ្យ​ជំនាញ​​ ដើម្បី​មក​​ព្យាបាល «បុកវ៉ា» ឲ្យ​បាន​ជា​សះស្បើយ​ដែរ»។​

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ​១០ ​គីឡូម៉ែត្រ ​ពី​ក្រុង​បាន​ឡុង តំបន់​អភិរក្ស​ដំរី​អៃរាវត្តា គឺជា​ជំរំ​​សត្វ​ដំរី​ដែល​​ផ្ដល់​ឱកាស​​ដល់​​ភ្ញៀវ​ទេសចរ​បាន​ជួប​សត្វ​ប្រមោយ​វែង និង​ហ្ម​របស់​វា​ជា​ជនជាតិ​ភាគ​តិច​។ នៅ​មាន​សកម្មភាព​អេកូ​ទេសចរណ៍​ដទៃ​​ទៀត​ដូចជា ការ​ជិះ​ដំរី​​កម្សាន្ត​​សហគមន៍​ ការ​ថតរូប​​អនុស្សាវរីយ៍​មុន​​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​នឹង​​សត្វ​ដំរី ផ្ដល់​ចំណី និង​ថែទាំ​ដំរី​ក្នុង​ជម្រក​ព្រៃ​​ធម្មជាតិ​​សហគមន៍​កាទៀង ដែល​​មាន​​ផ្ទៃដី​ទំហំ​​ប្រមាណ​ ៣០០ ហិកតា។​

នា​ថ្មីៗ​នេះ ​តំបន់​សហគមន៍​កាទៀង​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កា​ទៀង​ ឃុំ​ល្បាំង​ ២ ស្រុក​​លំផាត់ ខេត្ត​រតនគិរី​ឯណោះ​មាន​​​កន្លែង​សម្រាប់​ថត Pre-Wedding តាម​បែប​ប្រពៃណី​ខ្មែរ ឬ​ក៏​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​​ ដែល​មាន​សត្វ​ដំរី​ធំៗ​ចំនួន​ ៤ ជា​យាន​ជំនិះ​គឺជា​លក្ខណៈ​​ប្លែក​អារម្មណ៍​បែប​ធម្មជាតិ​ពិតៗ​តែ​ម្តង​៕​