ក្រុងញូវដែលី៖ ចំពោះ យុវតី នីឡានស៊ី ផាថែល ​(Nilanshi Patel) នាង​មាន​កម្ពស់​ត្រឹម​តែ ​១,៦៧ ម៉ែត្រ​ទេ ប៉ុន្តែ​ក្មេង​ស្រី​​មក​ពី​តំបន់​ម៉ូដាសា ភាគ​ខាង​ជើង​រដ្ឋ​ហ្គូចារ៉ាត់​រូប​នេះ ​មាន​សក់​វែង​ជាង​រាងកាយ​របស់​នាង​ដល់ទៅ​ ២០ សង់ទីម៉ែត្រ​។

កញ្ញា នីឡានស៊ី ផាថែល អាយុ ១៧ ឆ្នាំ ដែល​ត្រូវ​បាន​ប្រគល់​វិញ្ញាបនបត្រ​នៃ​កំណត់ត្រា​ហ្គីនណេស​ពិភព​លោក​ឆ្នាំ ​២០១៩ ចំពោះ​សក់​ដ៏​វែង​បំផុត​ជាមួយ​ប្រវែង​ដល់​ទៅ​ ១៩០ សង់ទីម៉ែត្រ បាន​បង្ហោះ​រូបភាព​ជាមួយ​​ម្ដាយ​ កាមីនីបេណាត់ (Kaminibenat) នៅ​ទីក្រុង​ម៉ូដាសា ចម្ងាយ​ប្រមាណ​ ១១០ គីឡូម៉ែត្រ ​ពី​អាមេដាបាដ កាល​ពីថ្ងៃ​ទី ១៩ ខែ ​មករា ឆ្នាំ ​២០២០​។

យោង​តាម​វិបសាយ​ក្នុង​ស្រុក ​នាង​បាន​ទុក​សក់​ឲ្យ​ដុះ​តាម​ធម្មជាតិ​តាំង​ពី​អាយុ ៦ ឆ្នាំ​ ហើយ​សក់​ដ៏​វែង​អន្លាយ​របស់​នាង ​គឺ​ជា​ភាព​ទាក់ទាញ​ចម្បង​របស់​យុវតី​រូប​នេះ​ផង​ដែរ។

កញ្ញា នីឡានស៊ី ជា​សិស្ស​រៀន​ផ្នែក​វិទ្យាសាស្ដ្រ​ ដែល​ត្រៀម​ខ្លួន​ជា​វិស្វករ​កុំព្យូទ័រ​ម្នាក់ ​​បាន​បំបែក​កំណត់ត្រា​​ក្នុង​នាម​ជា​មនុស្ស​វ័យ​ក្រោម ១៨ ឆ្នាំ ដែល​មាន​សក់​វែង​ជាង​គេ​បំផុត​ក្នុង​លោក។ កញ្ញា នីឡានស៊ី ដែល​ត្រូវ​ចំណាយ​ពេល​កន្លះ​ម៉ោង​សម្ងួត​សក់​ និង​សិត​សក់​ដ៏​យូរ​​បាន​ពោល​​ថា៖ «សំណាង​ណាស់ ខ្ញុំ​មាន​ហ្សែន​ល្អ​។ មនុស្ស​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​ជួប​ចង់​ដឹង​ពី​អាថ៌​កំបាំង​ចំពោះ​សក់​ដុះ​លូត​វែង​របស់​ខ្ញុំ​ តែ​ខ្ញុំ​ហាក់​ដូចជា​មិន​បាន​ធ្វើ​អ្វី​ខុស​ពី​ធម្មជាតិ​ឡើយ​។ ខ្ញុំ​កក់​សក់​ ​១ សប្ដាហ៍​ម្ដង ដែល​ចំណាយ​ពេល​ដល់​ទៅ ២ ម៉ោង​»។

នាង​រំសាយ​សក់​​ឥណ្ឌា កញ្ញា ​នីឡានស៊ី ​សារភាព​ថា ខ្លួន​បាន​ប្រើ​ប្រេង​ដែល​អ្នក​ម្ដាយ​ធ្វើ​ឲ្យ​ ជា​រូប​មន្ដ​សម្ងាត់ ដែល​នាង​មិន​អាច​លាត​ត្រដាង​។ ​ភាគ​ច្រើន​នាង​បួង​សក់​ ដោយ​មិន​ទម្លាក់​វា​វែង​អន្តាយ​នោះ​ឡើយ​​៕ AFP/HR