ក្រុង​ប៊ុយដាប៉ែស៖ នាយក​រដ្ឋមន្ដ្រី​ហុងគ្រី វីកទ័រ អូរបាន ​បាន​ប្ដេជ្ញា​ដាំ​កូន​ឈើ ១០ ដើម​រៀង​រាល់​កំណើត​ក្មេង​នីមួយៗ​ ក្នុង​បំណង​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។

នាយក​រដ្ឋមន្ដ្រី​ជាតិ​និយម​បាន​និយាយ​ថា សេចក្ដី​ប្រកាស​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ «​គម្រោង​វិធានការ​ទប់ទល់​​បម្រែបម្រួល​» ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​សប្ដាហ៍​មុន។

សេចក្ដី​ប្រកាស​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា៖ «​យើង​នឹង​ដាំ​កូន​ឈើ​ ១០ ដើម ​សម្រាប់​ឱកាស​កំណើត​កូន​នីមួយៗ​ ដែល​​វិធានការ​នេះ​នឹង​បង្កើន​គម្រប​ព្រៃ​ឈើ​ទូទាំង​ប្រទេស​ដល់ ២៧ ភាគរយ ​នៅ​ឆ្នាំ ​២០៣០​»។

លោក​នាយក​រដ្ឋមន្ដ្រី​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត ​ជុំវិញ​វិធានការ​នេះ​នៅ​ឡើយ​ទេ។​

លោក អូរបាន កាល​ពី​ខែ​មុន​បាន​ចាត់​ទុក​គម្រោង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ «​ទស្សនៈ​គ្រឹះ​ប្រជាធិបតេយ្យ» ដើម្បី​ទប់ទល់​នឹង​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​។ វា​ជា​អ្វី​ដែល​លោក​បាន​​ប្រើ​សម្រាប់​គោល​នយោបាយ​របស់​លោក រួម​ទាំង​ការ​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​អន្ដោប្រវេសន៍​មក​ពី​បណ្ដាល​ប្រទេស​មូស្លីម​។

ទីភ្នាក់ងារ​ថាមពលជាតិ និង​គម្រោង​​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ដាក់​គោល​ដៅ​ជា​ច្រើន​ រួម​មាន​ការ​ផលិត​អគ្គិសនី​ដោយ​មិន​បំភាយ​សារធាតុ​កាបូន​នៅ​ឆ្នាំ ​២០៣០​ ដែល​ភាគ​ច្រើន​ប្រើ​ថាមពល​នុយក្លេអ៊ែរ និង​ថាមពល​សូឡា។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ធ្លាប់​គិត​ថា អឺរ៉ុប​គឺ​ជា​អនាគត​របស់​យើង។ ពេល​នេះ យើង​ដឹង​ថា​យើង​គឺ​ជា​អនាគត​របស់​អឺរ៉ុប​វិញ​»។

លោក​បាន​ប្រកាស​កាត់​ពន្ធ និង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ដ​ដល់​ក្រុម​គ្រួសារ​​ទាំងឡាយ​ណា​ដែល​បង្កើត​កូន​ច្រើន​បន្ថែម​ទៀត​។ នេះ​ជា​វិធានការ​​ឆ្លើយ​តប​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ប្រជាជន​សរុប​៕ AFP/HR