ភ្នំពេញ៖ ក្រុម​និស្សិត​ខ្មែរ​មក​ពី ៧ ​សាកល​វិទ្យាល័យ ដែល​មាន​ចំនួន​ ១២ រូប ជា​ជយលាភី​ទាំង ​៦ ក្រុម​ ​ដែល​​​​បាន​​​​ឆ្លង​កាត់​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​​ក្នុង​ប្រទេស ​កម្ពុជា​ ​កាល​​ពី​ថ្ងៃ​ទី ​១៧ ខែ តុលា ឆ្នាំ ២០១៩ កន្លង​មក​នៅ​​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) បាន​ចេញ​​ទៅ​ចូលរួម​នៅ​​ក្នុង​​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​ និសិ្សត និង​យុវជន​​​រវាង​​ប្រទេស ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាង​​កើត​​​​​ឆ្នាំ ​២០១៩ ឬ​កម្មវិធី JENESYS 2019 ហើយ​។

នេះ​បើ​តាម​សេចក្តី​ប្រកាស​​នៃ​សន្និសីទ​​ព័ត៌មាន​​ពី​​ចុង​​សប្តាហ៍​កន្លង​​មក​​បាន​ឲ្យ​ដឹង​ថា៖ «​តាមរយៈ​​ការ​អញ្ជើញ​របស់​ក្រសួង​ការ​បរទេស​ជប៉ុន​ និស្សិត​​កម្ពុជា​​​ចំនួន​ ​១២​ រូប ​មក​ពី​ ៧​ សាកល​វិទ្យាល័យ​​រួម​ជាមួយ​​​នឹង​និស្សិត​​បណ្តា​ប្រទេស​​នៅ​អាស៊ាន​ និង​ប្រទេស​​​ទីម័រ​ខាង​​កើត នឹង​ធ្វើ​ទស្សនកិច្ច​​ទៅ​​​​កាន់​​​​​ប្រទេស ​ជប៉ុន ​ចាប់​​ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១៨​ ខែ ​កុម្ភៈ​ ឆ្នាំ ​២០២០​ ក្រោម​កម្មវិធី​បណ្តាញ​​​ផ្លាស់ប្តូរ​​សិស្ស​និស្សិត​​​ និង​យុវជន​រវាង​ប្រទេស ជប៉ុន និង​បណ្តា​ប្រទេស​​​អាស៊ី​ខាង​កើត​ ដែល​ហៅ​កាត់​ថា JENESYS 2019។

ក្រុម​និស្សិត​ជយលាភី​ និង​ក្រុម​ប្រតិភូ​​​ ដែល​ចេញ​ទៅ​ប្រទេសជប៉ុន​​។ រូបថត សហ​ការី

និស្សិត​ប្រតិភូ​នឹង​ត្រូវ​បែងចែក​ជា ៥ ក្រុម តាម​ប្រធាន​បទ​ផ្សេងៗ​ដូច​ជា​ ១. វិស័យ​​ទេសចរណ៍ ​និង​​​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព ២. ​ពលករ​អន្តោប្រវេសន៍ ៣.​​ការ​អប់រំ​​ប្រកប​​​ដោយ​​គុណភាព​ ៤. ការ​ខ្ជះខ្ជាយ​​អាហារ ​៥. ការ​យល់​ដឹង​អំពី​កាត់​បន្ថយ​គ្រោះ​មហន្តរាយ»។ ក្រុម​ជយលាភី​ពី​ការ​ប្រកួត​កម្មវិធី JENESYS 2019 ក្រុម​ទាំង ៦ ​ដែល​រៀបចំ​ការ​ប្រកួត​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​​​​​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​​កម្ពុជា​-​ជប៉ុន កន្លង​មក​​​គឺ​ក្រុម​ជយលាភី​លេខ ១ គឺ​បាន​ទៅ​ក្រុម​និស្សិត​​​​​មក​​​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពញ ​និង​​​សាកល​​វិទ្យាល័យ​លីម​កុក​វីង មាន​​សមាជិក​ ៤ រូប ដែល​បាន​​ធ្វើ​​បទ​បង្ហាញ​​​ប្រធានបទ ​«ស្រុក​ខ្ញុំ​ចម្លាក់​ខ្ញុំ» ផ្តោត​​​​លើ​ការ​ប្រកប​របរ​ជាង​​ប្រាក់​​ស្ពាន់​ ឬ​ជាង​​​ចម្លាក់​ខ្មែរ​ពី​បុរាណ​​កាល កំពុង​តែ​ជិត​អស់​អ្នក​​​បន្ត​វេន​។ ចំណែក​​ក្រុម​ជយលាភី​លេខ ​២ បាន​​លើ​ក្រុម​​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​​ភូមិន្ទ​​​ភ្នំពញ​មាន​​សមាជិក ៤ រូប បាន​ធ្វើ​​​​បទ​បង្ហាញ​ប្រធាន​បទ ​«​កេរ​ដំណែល​​​វប្បធម៌​នៃ​ខេត្ត​​ពោធិ៍សាត់» បាន​លើក​យក​ពី​របាំ​​​ឈ្មោះ​ថា​​របាំ​បេះ​​ក្រវាញ​ជា​​កេរ​ដំណែល​ត​ពី​ដូន​​តា​​​របស់​​អ្នក​នៅ​ខេត្ត​​ពោធិ៍សាត់​ ខណៈ​ឥឡូវ​​​លែង​សូវ​មាន​​អ្នក​បាន​ស្គាល់​ហើយ ជា​ពិសេស​គឺ​កូន​ខ្មែរ​នៅ​ជំនាន់​ក្រោយ​​។ ​

ជយលាភី​លេខ ​៣ បាន​​​លើ​ក្រុម​និស្សិត​​រួម​គ្នា​មាន​ ៣ ​សាលា ​គឺ​​សាកល​​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពញ​ មក​ពី​​សាកល​​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​សាកល​វិទ្យាល័យ​​​កម្ពុជា ដែល​មាន​សមាជិក ៤ រូប បាន​​ធ្វើ​បទ​​បង្ហាញ​ពី​រឿង​សត្វ​​ ​«​រពីង​»​។ ​រីឯ​ជយលាភី​លេខ ​៤ វិញ​បាន​​ទៅ​លើ​ក្រុម​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​​ភ្នំពញ​មាន​​សមាជិក ៤ រូប ដែល​​បាន​ធ្វើ​បទ​បង្ហាញ​​​ប្រធានបទ ​«​ព្រះវិហារ​ស្រុក​កំណើត​ខ្ញុំ/ដែន​ដី​នៃ​មាស​បៃតង» ខណៈ​ក្រុម​​ជយលាភី​លេខ ​៥ បាន​ទៅ​លើ​​ក្រុម​និស្សិត ដែល​​មាន​សមាជិក​ចំនួន​ ៤ ​រូប បាន​ធ្វើ​បទ​បង្ហាញ​​ប្រធាន​បទ​ «​របាំ​បណ្តាំ​​បាត់ដំបង» និង​ក្រុម​ជយលាភី​លេខ ៦ បាន​ទៅ​​លើ​ក្រុម​និស្សិត​​​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ មាន​សមាជិក ៤ រូប ដែល​បាន​​​ធ្វើ​បទ​បង្ហាញ​ក្រោម​​ប្រធាន​បទ​ «ខេត្ត​រតនគិរី​កន្លែង​ ដែល​យើង​​ហៅ​​ថា​ផ្ទះ​»៕​