ភ្នំពេញ: ក្រោយ​បាត់​មុខ​ពី​ឆាក​តន្ត្រី ក្រោម​ឥទ្ធិពល​ព័ត៌មាន​រហិច​រហៀង​ថា តារាច​ម្រៀង​ស្រី​ត្រកូល ខេមរៈ សំងំ​ព្យាបាល​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ​ឯ​ស្រុក​កំណើត​ស្រុក​ព្រៃឈរ កាល​ពី​ដើម​ឆ្នាំ ២០១៦ រហូត​មាន​ដំណឹង​ក្រោយ​ទៀត​ថា នាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ហើយ​ថែម​ទាំង​អាច​និពន្ធ​បទ​ចម្រៀង​ឲ្យ​បង​ប្រុស​ច្រៀង​ទៀត​នោះ ពេល​នេះ​កញ្ញា ខេមរៈ ស្រីពៅ ក៏​ទើប​តែ​បាន​ប្រកាស​ជំហរ​យ៉ាង​ជឿ​ជាក់​ថា នាង​នឹង​វិល​ចូល​សិល្បៈ​វិញ។

ក្នុង​សំណេរ​ភ្ជាប់​រូបថត​បង្ហាញ​ស្នាមញញឹម តារាចម្រៀង​រាង​ខ្ពស់​ស្រ​លូន ខេមរៈ ស្រី​ពៅ បាន​បរិយាយ​សារ​ក្នុង​បណ្ដាញ​សង្គម​ថា៖ «បង​ប្អូន និង fan (អ្នក​គាំទ្រ) ទាំង​អស់​គ្នា ប្រាកដ​ជា​នៅ​រង់ចាំ​នាង​ខ្ញុំ​ឲ្យ​ចូល​សិល្បៈ​វិញ»។

តារាចម្រៀង ដែល​បន្សាត់​ខ្លួន​ពី​សិល្បៈ និង អវត្តមាន​សូន្យឈឹង​ពី​ឆាក​តន្ត្រី​អស់​រយៈពេល​មិន​តិច​ជាង ៣ ឆ្នាំ​មក​ហើយ​នោះ នាង​បាន​បង្ហើប​ប្រាប់​មហាជន​ថា៖ «កុំ​បារម្ភ​អី​ណា នាង​ខ្ញុំ​ប្រាកដ​ជា​ចូល​សិល្បៈ​វិញ។ ចង់​និយាយ​ថា ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ណាស់។ កុំ​ភ្លេច​ណា ជួយ like, comment, share បន្ត​ផង ដើម្បី​ឲ្យ​បងប្អូន​ដឹង​ទាំង​អស់​គ្នា»។

ទោះជា​អះអាង​យ៉ាង​ជឿជាក់ថា នាង​នឹង​ត្រឡប់​មកកាន់​វិថី​សិល្បៈ​វិញ​ក្ដី ក៏​តារា​ចម្រៀង​ស្រី​ត្រកូល ខេមរៈ រូប​នេះ​មិន​បង្ហើប​ឲ្យ​ដឹង​ពី​ពេល​វេលា​ជាក់​លាក់ ថ្ងៃ​ណា ខែ​ណា ឬ​ឆ្នាំ​ណា ទើប​កញ្ញា ខេមរៈ ស្រី​ពៅ វិល​មក​បង្ហើរ​សំនៀង​អង្រួន​ឆាក​តន្ត្រី​ឡើយ។

ខណៈ​មាន​ប្រិយមិត្ត​ជាច្រើន​នាំគ្នា​ជជីក​សួរ​នាង​តាម​បណ្ដាញ​សង្គម​ថា៖ «តើ បង​ពៅ មក​វិញ​ពេល​ណា?» ទាំង​មិន​មាន​ចម្លើយ​ចេញ​ពី​នាង​ផ្ទាល់ អ្នក​គាំទ្រ​នាង​ឯទៀត​បាន​បង្ហាញ​ទឹកចិត្ត​នៅ​តែ​ស្រឡាញ់​គាំទ្រ​នាង ដោយ​ខ្លះ​សរសេរ​ថា៖ «ស្រឡាញ់​អាយ​ដល» និង​ខ្លះ​ទៀត​បង្ហាញ​ការ​ជឿ​ជាក់​ថា៖ «ខ្ញុំ​រង់ចាំ​បង»។

គួរ​រំឭក​ដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ ២០១៦ តារាចម្រៀង ខេមរៈ ស្រី​ពៅ ត្រូវបាន​ប្រភព​ព័ត៌មាន​ទម្លាយ​ពី​អ្នក​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​ថា នាង​រសាត់​ខ្លួន​ពី​សង្គម​សិល្បៈ ដោយ​សារ​តែ​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ ទៅ​ព្យាបាល​នៅ​ថៃ។

ដំណឹង​នេះ​កន្លងមក​ត្រូវបាន​បងប្រុស​របស់​នា​ង​លោក ខេមរៈ ភិ​រុណ និង​តារា​ចម្រៀង ខេមរៈ សិរីមន្ត ច្រាន​ចោល​ថា​ជា​រឿង​មិន​ពិត ដោយ​អះអាង​ថា ប្អូន​ស្រី​លោក​មាន​ជំងឺ​ក្រពះ​ពោះវៀន មិន​មែន​មាន​បញ្ហា​ប្រតិកម្ម​ស្បែក​ធ្ងន់ធ្ងរ​ត្រូវ​សំងំ​ព្យាបាល​នោះ​ទេ។

កន្លងមក​ជាង ១ ឆ្នាំ គឺ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ ២០១៧ ទោះ​ជា​កញ្ញា ខេមរៈ ស្រី​ពៅ នៅ​តែ​មិន​បង្ហាញ​មុខ​លើ​វិថី​សិល្បៈ​ក្ដី ក៏​មហាជន​ឃើញ​ឈ្មោះ​នាង​រំលេច​ស្នាដៃ​និពន្ធ​ទំនុក​ច្រៀង​បទ «ស្រុក​ខ្ញុំ​គេ​រាំ​តែ​អ៊ី​ចឹង» ឲ្យ​លោក ខេមរៈ សិរីមន្ត ជា​បង​ប្រុស​ច្រៀង​ផង​ដែរ។

កាលពី​ឆ្នាំមុន ខេមរៈ សិរីមន្ត ធ្លាប់​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ពី​ដំណើរ​ចូល​ច្រៀង​វិញ​របស់​ប្អូន​ស្រី តាម​ការ​ទទូច​ពី​អ្នក​គាំទ្រ​នាង​ថា៖ «តាម​ពិត​វត្តមាន​ប្អូន​ស្រី​ខ្ញុំ ស្រី​ពៅ មិន​ទាន់​អាច​វិល​មក​បង្ហាញ​ខ្លួន និង​បក​ស្រាយ​បទ​ចម្រៀង​តប​តាម​សំណូមពរ​ពី​មហាជន​បាន​ទេ»៕