ក្រុងគួឡាឡាំពួរ : មន្ដ្រីម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកអគ្គីភ័យម៉ាឡេស៊ីម្នាក់មានរហស្សនាម «អ្នកបង្វឹកពស់» បានស្លាប់រយៈពេល ៤ ថ្ងៃក្រោយពីលោកត្រូវបានពស់វែកចឹក ខណៈពលរដ្ឋបានហៅលោកទៅចាប់ពស់ពិសមួយក្បាល។
ពស់វែកបានចឹកយុវជនវ័យ ៣៣ ឆ្នាំ លោក អាប៊ូ ហ្សារីន ហ៊ូស៊ីន កាលពីថ្ងៃចន្ទ នៅភាគកណ្ដាលរដ្ឋប៉ាហាង ជាទីដែលលោកបានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃសុក្រ។ បុគ្គលិកអគ្គីភ័យរូបនេះ មានឈ្មោះល្បីនៅប្រទេសម៉ាឡេស៊ី ចំពោះសមត្ថភាពបង្វឹកស្និទ្ធនឹងពស់មរណៈ។
លោកត្រូវបានថតរូបភាព និងវីដេអូពីសកម្មភាពថើបពស់វែកល្បីពេញអនឡាញ និងបង្ហាញវត្ដមានក្នុងកម្មវិធី Asia''s Got Talent កាលពីឆ្នាំមុន ចំពោះសមត្ថភាពយកច្រមុះថើបកពស់ពិស។
លោក ឃីរូដឌីន ដ្រាមេន ជានាយកនៃនាយកដ្ឋានអគ្គីភ័យ និងសង្គ្រោះ ក្រុងគួឡាឡាំពួរ បានប្រាប់ AFP ថា លោក អាប៊ូ ហ្សារីន បានទទួលការហៅទូរស័ព្ទពេលកំពុងឈប់សម្រាកជាមួយភរិយា។
លោកបាននិយាយថា៖ «ពស់វែកដែលលោកចាប់ពស់វែកដ៏ខិងសម្បា។ ពិសរបស់វាអាចសម្លាប់ទាំងដំរីមាឌយក្សទៀត។ យើងបានបាត់បង់មន្ដ្រីមានសមត្ថភាពម្នាក់។ វាជាសោកនាគកម្មដ៏អាក្រក់មួយ»។
បុគ្គលិកសង្គ្រោះរមែងត្រូវបានបញ្ជូនទៅចាប់ពស់ពិសក្នុងតំបន់ប្រជាជនរស់នៅនៃប្រទេសម៉ាឡេស៊ី។ លោក អាប៊ូ ហ្សារីន ជាអ្នកមានជំនាញបង្វឹកបុគ្គលិកថ្មីៗពីវិធីចាប់ពស់ពិស»។
លោករៀនជំនាញនេះពីឪពុក ដែលមានរហ្សនាមថា «អ្នកបង្ក្រាបពស់» និងចាប់ផ្ដើមបង្វឹកសត្វក្នុងឆ្នាំ២០០៧។ នេះបើយោងតាម Star Online។
កាលពីប៉ុន្មាន ៣ ឆ្នាំមុន លោកធ្លាក់ខ្លួនឈឺពីរថ្ងៃដោយសារពស់វែកចឹក។ កាលពី ២ ឆ្នាំមុន លោកមានឈ្មោះល្បីក្រោយពីបានរៀបការជាមួយពស់ពីព្រោះលោកជឿថា ពស់វែកជាសង្សារចាប់ជាតិ។
សពរបស់លោកត្រូវបានបញ្ចុះនៅស្រុកកំណើតភាគខាងកើតរដ្ឋ ខេឡានតាន៕ AFP/HR