ក្រុង​បាងកក៖ ដំរី​ជាង ១៦០ ក្បាល​បាន​ដើរ​ក្បួន​ព្យុហយាត្រា​កាត់​ដង​វិថី​​នៅ​ខេត្ដ​ស៊ូរីន ភាគ​ឦសាន​ប្រទេស ​ថៃ​ នា​ចុង​សប្ដាហ៍​មុន ​ដែល​មាន​ងារ​ជា​ទីក្រុង​ដំរី​ និង​បាន​រីករាយ​ជាមួយ​អាហារ​ផ្លែ​ឈើ​ដ៏​សម្បូរ​បែប​នៅ​មុន​ពិធី​បុណ្យ​ជំនួប​ដំរី​ខេត្ដ​ស៊ូរីន​ នា​ចុង​សប្ដាហ៍​នេះ​។

មនុស្ស​រាប់​ម៉ឺន​នាក់​នឹង​បង្ហាញ​វត្ដមាន​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ឆ្នាំ ​២០១៩​ ដែល​ជឿ​ថា ជា​ព្រឹត្ដិការណ៍​ដ៏​​ធំ​បំផុត​ក្នុង​ពិភព​លោក​។ ដឹកនាំ​ក្បួន​ព្យុហយាត្រា​ហ្វូង​ដំរី ដំរី​ភ្លោះ​ ​១ គូ ​ឈ្មោះ តុង​ ខាម និង​តុង តាង​។

ប្រពៃណី​បង្ហាញ​របាំ​ដំរី​បាន​ផ្ដល់​ការ​កម្សាន្ដ​ដល់​មនុស្ស​ម្នា​​ឈរ​ត្រសង​​តាម​ដង​វិថី​ឆ្ពោះ​ទៅ​កាន់​វិមាន​ប្រាយ៉ា ស៊ូរីន ផាកឌី​។ បន្ទាប់​មក ហ្វូង​ដំរី​នាំ​គ្នា​ស៊ី​ផ្លែ​ឈើ​ ៥០ តោន ​ដែល​តម្រៀប​លើ​ផ្លូវ​ប្រវែង ៤០០ ម៉ែត្រ​។

បុណ្យ​ជំនួប​ដំរី​ខេត្ដ​ស៊ូរីន​ ត្រូវ​បាន​ប្រារឰ​ឡើង​ស្ដីពី​ទំនាក់ទំនង​រវាង​មនុស្ស និង​ដំរី​នៅ​ខេត្ដ​ភាគ​ឦសាន​ តាំង​ពី​ឆ្នាំ ​១៩៦២​។ វា​ជា​ជម្រក​ជនជាតិ​ដើម​ភាគ​តិច​គួយ​ ដែល​ស្គាល់​ជា​កុលសម្ព័ន្ធ​មាន​ចាប់ និង​បង្វឹក​ដំរី​ ខេត្ដ​នេះ​​មាន​ឈ្មោះ​ល្បី​លើ​ជំនាញ​ផ្សាំង​ដំរី​តាំង​ពី​សម័យ​អាយុធ្យា​។

ឆ្នាំ​នេះ ដំរី ១៦០ ក្បាល​​ បាន​មកជួបជុំគ្នា​ ក្នុង​បុណ្យដំរី​ខេត្ត​ស៊ូរីន​។ រូបថត AFP

ដំរី​ជាង ១៦០ ក្បាល ​បាន​បង្ហាញ​ការ​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍​បុណ្យ​ជំនួប​​ដំរី​នា​ចុង​សប្ដាហ៍​ ជាមួយ​អ្នក​សម្ដែង​ជាង ១ ពាន់​នាក់ ​នៅ​កីឡដ្ឋាន​ Surin Elephant Show Stadium។

កម្មវិធី​ដ៏​ធំ​សម្បើម​នា​ឆ្នាំ​នេះ ត្រូវ​បាន​​បែង​ចែក​ជា​ការ​សម្ដែង​ ៤ ដោយ​មាន​​ការ​បង្ហាញ​ពី​ការ​រស់នៅ​របស់​ហ្ម​ដំរី​ និង​តួនាទី​សំខាន់​របស់​ដំរី​ក្នុង​ប្រវត្ដិសាស្ដ្រ​ថៃ​។ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤៥៧ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​បាងកក​ ខេត្ដ​ស៊ូរីន ជាប់​ងារ​​ជា​ដែន​ដី​ដំរី​តាំង​ពី​សម័យ​អាយុធ្យា​។ ខេត្ដ​នេះ​ជា​ផ្ទះ​របស់​ជនជាតិ​ដើម​ភាគ​តិច​គួយ​។

យោង​តាម​និទាន​កថា ភូមិ ជា​មេ​កុល​​សម្ព័ន្ធ​គួយ បាន​ជួយ​ទាក់​ដំរី​រាជា​ពណ៌​​ស ដែល​រស់​ពី​អាយុធ្យា​ទៅ​កាន់​ភាគ​ឦសាន​។ ស្ដេច​រាមា​ទី ១ បាន​ផ្ដល់​រង្វាន់​នូវ​ងារ​ជា​ច្រើន​ រួមទាំង អភិបាល​ខេត្ដ​ផង​ដែរ​។

បច្ចុប្បន្ន ជនជាតិ​ដើម​ភាគ​តិច​គួយ ជា​សហគមន៍​កសិកម្ម តែ​ពួក​គេ​បន្ដ​ចិញ្ចឹម​ដំរី​។ ​ពេល​បុណ្យ​ជំនួប​ដំរី​រាល់​ឆ្នាំ ដំរី​ជា​ច្រើន​មក​ពី​ភូមិ​បាន​ក្លាង ក៏​មក​ចូលរួម​ផង​ដែរ៕ AFP/HR