ក្រុងតូរ៉ុនតូ: ដោយចាត់ទុកខ្លួនឯងជាអ្នកវិទ្យាសាស្ដ្រខុសប្រក្រតី បុរសកាណាដាម្នាក់សម្រេចរស់នៅក្នុងតង់ប្លាស្ទីកហប់ខ្យល់ដ៏តូចមួយជាមួយរុក្ខជាតិ ២០០ ដើមដើម្បីអង្កេតមើលថា តើដើមឈើទាំងនោះអាចបំលែងកាបោនអុកស៊ីដទៅជាអុកស៊ីសែនគ្រប់គ្រាន់ឲ្យលោករស់បាន ឬអត់។
លោក ឃឺទីស បោត បានឃុំខ្លួនឯងក្នុងតង់រុក្ខសាស្ដ្ររុំប្លាស្ទីក ៣ x ៣ ម៉ែត្រនៅទីធ្លារផ្ទះបងប្អូនក្នុងខេត្ដប្រ៊ីធីស កូឡុំប៊ី ប្រទេសកាណាដា កាលពីសប្ដាហ៍មុន តែលោកបានប្រកាសគម្រោងដ៏ក្លៀវក្លារបស់ខ្លួនដល់ក្រុមអ្នកគាំទ្រលើបណ្ដាញសង្គមយូរធូប កាលពីខែសីហា។
លោករំពឹងថានឹងស្វែងយល់ថា តើការរស់នៅហ៊ុំព័ទ្ធដោយរុក្ខជាតិ សម្បូរសមាសធាតុកាបោនអុកស៊ីដដែលលោកដកដង្ហើមចេញចូល អាចត្រូវបានបំលែងជាអុកស៊ីសែនសម្រាប់ស្រូបខ្យល់រស់យ៉ាងតិច ៣ ថ្ងៃបាន ឬយ៉ាងណា។
អកុសល លោកត្រូវបោះបង់ការពិសោធរបស់ខ្លួនចោលក្រោយតែ ១៥ ម៉ោង ខណៈកម្រិតកាបោនអុកស៊ីដ កើនដល់ចំណុចគ្រោះថ្នាក់ ដែលលោកអាចប្រឈមការប៉ះពាល់ដល់ខួរក្បាល ឬអាចធ្លាក់ខ្លួនពិការជាមនុស្សរុក្ខជាតិ។
លោក បោត បានសរសេរលើវេបសាយរបស់ខ្លួនថា៖ «ខ្ញុំអាចរស់ក្នុងតង់អត់ខ្យល់រយៈពេល ៣ ថ្ងៃ។ ប៉ុន្ដែគោលដៅរបស់ខ្ញុំមិនត្រឹមតែដឹងថា «មិនស្លាប់» នោះទេ តែជាការបញ្ចប់គម្រោងដោយមិនប្រែក្លាយជាពណ៌ខៀវ ខូចខួរក្បាល ហប់ខ្យល់ ឬប៉ះពារដល់រាងកាយជាដើម»។
ប៉ុន្ដែលទ្ធផលបង្ហាញថា រុក្ខជាតិ ២០០ ដើមក្នុងតង់ប្លាស្ទីក មិនអាចបំពេញនូវតម្រូវការរបស់លោកឡើយ។ ច្បាស់ណាស់ មេឃាស្រឡះល្អរារាំងដើមឈើទាំងនោះទទួលពន្លឺព្រះអាទិត្យ ពេលវាត្រូវការសំយោគពន្លឺ។ ដូច្នេះ វាមិនអាចបំលែងកាបោនអុកស៊ីដទៅជាអុកស៊ីសែនគ្រប់គ្រាន់ឡើយ។
លោក បានសរសេរទៀតថា៖ «បញ្ហាចំពោះការពិសោធរបស់ខ្ញុំគឺថា ការបរាជ័យរបស់ខ្ញុំក្នុងថ្ងៃនេះ គ្រាន់តែជាបទពិសោធដែលមនុស្សជាច្រើនជួបប្រទះរៀងរាល់ថ្ងៃប៉ុណ្ណោះ។ មនុស្សគ្រប់រូបសមនឹងទទួលខ្យល់អាកាសបរិសុទ្ធ តែមិនទាំងអស់នោះទេ»៕ HR
ប្រភព Odditycentral.com