ក្រុង​បាងកក : ក្រោយ​ពី​រូប​ភាព​បុរសក្រុង​បាងកក​​ម្នាក់​ដែល​មាន​ភរិយា​ដ៏​ស្រស់​ស្អាត​ពីរ​​នាក់ ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​រយៈ​ពេល​ជាង​ពីរ​សប្ដាហ៍​មក​នេះ អ្នក​ទាំង​ ៣ និង​កូន​ទាំង ៩ នាក់​របស់​ពួកគេ ចាំ​តែ​ឆ្លើយ​នឹង​សំណួរ​សុំ​ចែក​រំលែក​រូបមន្ដ​សម្ងាត់​ពី​វិធី​រួម​រស់​ក្នុង​ទ្រនំ​អាពាហ៍​ពិពាហ៍​ត្រី​កោណ​ដ៏​សុខ​សាន្ដ​បែប​នេះ​។

វា​ចាប់​ផ្ដើម​ពេល​ដែល​ភរិយា​ទី​ពីរ ឈ្មោះ វ៉ារីសសារ៉ា ផូក​ស្រ៊ីចាន់ អាយុ ៣២ ឆ្នាំ បាន​​បង្ហោះ​រូប​ភាព​ពួកគេ​ទាំង​ ៣ នាក់​កាល​ពី​ទិវា​នៃ​ក្ដី​ស្រឡាញ់​ ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ដជាង ៦​០០០ ដង​ថា​៖ «មនុស្ស​ម្នា​នាំ​គ្នា​កោត​ស្ញប់​ស្ញែង​​ចំពោះ​ស្វាមី​យើង​​លើ​ហ្វេស​ប៊ុក​យ៉ាង​ច្រើន។ ចាស! ស្វាមី​ខ្ញុំ​ប្រាកដ​ជា​មាន​ភរិយា​ពីរ​នាក់​មែន​»។

អ្នកស្រី បាន​និយាយ​លេង​សើច​ពី​ដើម​ទ្រូង​ធំ​មូល​ក្លំ​របស់​ខ្លួន និង​ភរិយា​ម្នាក់​ទៀត​ថា​៖ «​វា​មាន​រយៈ​ពេល​យូរ​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​មិន​ដែល​ផ្លាស់​ប្ដូរ​ចិត្ដ​ស្រឡាញ់​ចំពោះ​បង​ឡើយ​។ អ្វី​ដែល​បាន​ផ្លាស់​ប្ដូរ​នោះ​គឺ​ទំហំ​ដើម​ទ្រូង​ ៦០០ សេសេ និង ៤៥០ សេសេ​។ បង​ចូលចិត្ដ​វា​ណាស់​»។

បុរស​ជា​ស្វាមី ម៉ាណុប នុត​ថា​យូធីន អាយុ ៤២ ឆ្នាំ បាន​ប្រាប់​បណ្ដាញ​ផ្សព្វ​ផ្សាយ​ថា តាម​ពិត​លោក​មាន​ភរិយា​ ៣ នាក់ តែ​ភរិយា​ដើម​ឈ្មោះ «​ឌៀរ» បាន​ស្លាប់​ក្រោយ​ពី​ពួកគេ​មាន​តំណក់​ឈាម​កូន ៣ នាក់​។ លោក​បាន​រួម​រស់​ជាមួយ​ភរិយា​ទីពីរ​ឈ្មោះ វ៉ារីសសារ៉ា ផូក​ស្រ៊ីចាន់ នេះ​ រយៈ​ពេល​ជាង ១០ ឆ្នាំ ហើយ​ក្រោយ​មក​ បាន​រៀប​ការ​ភរិយា​ម្នាក់​ទៀតឈ្មោះ ណាត់​តាយ៉ា តុង​ផាន អាយុ ២៦ ឆ្នាំ។ លោក​មាន​កូន ៣ នាក់​ជាមួយ​ភរិយា​នីមួយ​ៗ​។

ភរិយា​ទាំង​ពីរ​បាន​ជួយ​កិច្ច​ការ​រក​ស៊ី​ស្វាមី ជា​ការ​លក់​គ្រឿង​បន្លាស​រថយន្ដ​នៅ​ព្រឹត្ដិ​ការណ៍​ប្រណាំង​រថយន្ដ​ធំ​ៗ​ក្នុង​ប្រទេស​ថៃ​។ លោក ម៉ាណុប បាន​និយាយ​ថា លោក​បាន​ផ្ដល់​ប្រាក់​ខែ​ឲ្យ​ភរិយា​ទាំង​ពីរ តែ​មិន​ប្រាប់​អំពី​ចំនួន​ទឹក​ប្រាក់​នោះ​ឡើយ​។

ប៉ុន្ដែ​អ្នកស្រី ណាត់តាយ៉ា បាន​និយាយ​ថា៖ «វា​មិន​មែន​ដោយ​សារ​តែ​លុ​យទេ​។ គាត់​ភាគ​ច្រើន​ផ្ដោត​លើ​ការ​ទំនុប​បម្រុង​កូន​ៗ»។

អ្នកស្រី​ វ៉ារីសសារ៉ា បាន​ឯក​ភាព​ថា​៖ «​វា​ពិតជា​ត្រឹមត្រូវ​។ សម្រាប់​កូន​ៗ​ គាត់​បាន​ផ្ដល់​ជូន ១០០ ភាគរយ​។ សម្រាប់​ភរិយា បើ​យើង​ស្នើ​សុំ​ ១០០០ បាត​ គាត់​គ្រាន់តែ​ឲ្យ​ ២០០ បាត​ប៉ុណ្ណោះ​»។

ចំពោះ​លោក ម៉ាណុប លោក​បាន​សារភាព​ថា លោក​ពិតជា​បុរស​​សំណាង​ដែល​មាន​ភរិយា​ដល់ ៣ នាក់ ហើយ​រូប​មន្ដ​សម្ងាត់​ចំពោះ​សុភមង្គល​នេះ លោក​ត្រូវ​ដោះ​ស្រាយរាល់​​ជម្លោះ​ភ្លាម​ៗ​ កុំ​ឲ្យ​វា​ឆេះ​ខ្លាំង​។

លោក​និយាយ​ថា​៖ «​ពេល​កើត​មាន​បញ្ហា​ ខ្ញុំ​ជជែក​ជាមួយ​ពួកគាត់​អំពីវា​ភ្លាម​ៗ​​នៅ​ថ្ងៃ​កើត​បញ្ហា​តែ​ម្ដង​»៕ HR/ប្រភព Coconut Bangkok