ក្រុងរ៉ូម : ប៉ម​ផ្អៀង ពីសា (Leaning Tower of Pisa) ពេល​នេះ​កាន់តែ​មាន​លំនឹង​រាង​ត្រង់​បន្ដិច ដែល​អរគុណ​ដល់​ក្រុម​វិស្វករ​ខិតខំ​សង្គ្រោះ​ទីឋាន​ទេសចរណ៍​ល្បីល្បាញ​ក្នុង​លោក​មួយ​នេះ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។

Surveillance Group ដែល​មាន​ភារកិច្ច​ជួសជុល​អគារ​ទ្រេត​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ក្រោយពី​ការជួសជុល​រយៈពេល ១៧ ឆ្នាំ ប៉ម​ផ្អៀង​ពីសា កាន់តែ​មាន​លំនឹង និង​ងើប​ត្រង់​ជាង​មុន​។

បណ្ដាញ​ផ្សព្វផ្សាយ​អ៊ីតាលី បាន​បង្ហាញ​ថា​សាស្ដ្រាចារ្យ​វិស្វករ Nunziante Squeglia មកពី​សាកលវិទ្យាល័យ​ពីសា​បាន​និយាយ​ថា វិមាន​កម្ពស់ ៥៧ ម៉ែត្រ​ត្រូវ​បាន​កែសម្រួល​ឲ្យ​ឈរ​ត្រង់​ជាង​មុន ៤០ សង់ទីម៉ែត្រ​។

ក្រុម​ការងារ Surveillance Group ត្រូវ​បាន​បង្កើតឡើង​ក្រោយ​ពី​វិស្វករ​ជនជាតិ​ប៉ូឡូញ Michele Jamiolkowski ដែល​បាន​កាន់​អត្ដសញ្ញាណប័ណ្ណ​អ៊ីតាលី​បាន​បង្កើត​គណៈកម្មការ​អន្ដរជាតិ​មួយ​ដើម្បី​សង្គ្រោះ​អគារ​បុរាណ​ចន្លោះ​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​ ២០០១​។

ជា​សំណង់​ខ្ពស់​រាង​ទ្រេត​ដែល​ភ្ញៀវទេសចរ​និយម​ថត​រូប​យក​ដៃ​ទ្រ​នោះ ប៉ម ពីសា ដ៏ល្បីល្បាញ​នេះ​ត្រូវ​បាន​បិទទ្វារ​ក្នុង​ខែ​មករា ឆ្នាំ​ ១៩៩០ រយៈពេល ១១ ឆ្នាំ​ដោយ​បញ្ហា​សុវត្ថិភាព ខណៈ​វា​បាន​ទ្រេត​ផ្អៀង ៤,៥ ម៉ែត្រ​។ ក្រោយ​មក​នេះ​វា​ត្រូវ​បាន​កែ​តម្រង់​បាន​ជាង ៤ តឹក​ហើយ​។

ប៉មទ្រេត ដែល​ជា​និម្មិត​រូប​អំណាច​របស់​សាធារណរដ្ឋ​ដែន​សមុទ្រ​ពីសា ក្នុង​សម័យ​យុគកណ្ដាល​បាន​ផ្អៀង​ទ្រេត​ទៅ​ម្ខាង​តាំងពី​កសាង​ក្នុង​ឆ្នាំ​ ១១៧៣៕ HR