ក្រុង​ឡូសអេនជឺលេស៖ ប៉ូលិស​នៅ​រដ្ឋ​​ អូរីហ្គេន ភាគ​និរតី​​​សហរដ្ឋ​អាមេរិក​ បាន​ទទូច​​សុំ​ពលរដ្ឋ​ ដែល​ភ័យ​ខ្លាច​ការ​ឆ្លង​វីរុស​កូរ៉ូណា មេត្តា​កុំ​ទូរស័ព្ទ​មក​កាន់​លេខ​សង្គ្រោះ​បន្ទាន់ ៩១១ ក្នុង​ករណី​ពួក​គេ​អស់​ក្រដាស​បង្គន់​ប្រើ​។

វីរុស​កូរ៉ូណា​បាន​បង្ក​ឲ្យ​​មាន​ការ​ចលាចល​​​ដោយ​ប្រជាជន​​ជ្រួល​ទិញ​ទំនិញ​ស្ដុកទុក​នៅ​ផ្ទះ​ទូទាំង​​សហរដ្ឋ​អាមេរិក និង​បណ្ដា​​ប្រទេស​នានា​ជុំវិញ​ពិភព​លោក។

ផលិតផល​ដែល​​មនុស្ស​សម្រុក​ទិញ​ជាង​គេ​បំផុត​រួមមាន ជែល​​​លាង​សម្អាត​ដៃ ទឹក​រ៉ែ និង​​ក្រដាស​បង្គន់ ដែល​ស្ទើរ​តែ​លែង​មាន​លើ​ធ្នើរ​ទំនិញ ក្នុង​បណ្ដា​ផ្សារ​ទំនើប។

មន្ត្រី​ប៉ូលិស​​​បាន​បង្ហោះសារ​ក្នុង​​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​សំណេរ​របស់​លោក​​ត្រូវ​បាន​ដក​ស្រង់​ដោយ​ Newport ថា៖ «ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ខ្ញុំ​ត្រូវ​បង្ហោះ​រឿង​អ៊ីចឹងៗ។ សូម​មេត្តា​កុំ​ទូរស័ព្ទ​មក​លេខ ៩១១ ដោយសារ​តែ​លោក​អ្នក​អស់​ក្រដាស​បង្គន់​ឲ្យ​សោះ​»។

សំណេរ​នោះ​បាន​បញ្ជាក់​​ប្រាប់​សាធារណជន​ទៀត​ថា៖ «អ្នក​​ច្បាស់​នៅ​រស់ ហើយ​​គ្មាន​បញ្ហា​អី​ធំ​ដុំ​ដល់​ថ្នាក់​​​ត្រូវ​ការ​ជំនួយ​របស់​ពួក​យើង​ទេ»។

ការ​បង្ហោះ​សារ​ដោយ​ប៉ូលិស​នេះ ក៏​មិន​បាន​បញ្ជាក់​ថា ក្រុម​ប៉ូលិស​បាន​ទទួល​​ទូរស័ព្ទ​ប៉ុន្មាន​លើក​សម្រាប់​ការ​​សុំ​ជំនួយ​​​​ដោះស្រាយ​បញ្ហា​​អត់​ក្រដាស​បង្គន់​នោះ​ទេ។

ប៉ុន្តែ​សារ​ដដែល​នេះ​​ក៏​បាន​លើក​ឡើង​នូវ​ជម្រើស​​ដោះ​ទ័ល​ក្នុង​ករណី​​អត់​មាន​ក្រដាស​បង្គន់​ប្រើ ដោយ​​ការ​យក​សន្លឹក​​សៀវភៅ​​​ ខិត្តប័ណ្ណ​​​ពាណិជ្ជកម្ម អេប៉ុង និង​ពោត ជា​ឧបករណ៍​​​សម្អាត​​ជំនួស​វិញ។

សំណេរ​របស់​មន្ត្រី​ប៉ូលិស​នោះ បាន​ក្រើន​រំឭក​ទៀត​ថា៖ «សូម​មេត្តា​ចេះ​ច្នៃ​លៃលក​ខ្លួន​ឯង សូម​មេត្តា​ចេះ​អត់ធ្មត់​បន្តិច។ ក្រដាស​បង្គន់​ ​គឺ​ខ្វះខាត​ហើយ ប៉ុន្តែ​វា​មិនមែន​ជា​បញ្ហា​អ្វី​ធំ​ដុំ ដល់​ថ្នាក់​ត្រូវ​ទូរស័ព្ទ​​ហៅ​ក្រុម​សង្គ្រោះ​បន្ទាន់​​នោះ​ទេ។ យើង​មិន​អាច​យក​ក្រដាស​បង្គន់​​ទៅ​ឲ្យ​អ្នក​ប្រើ​ដល់​ផ្ទះ​នោះ​ទេ»៕ AFP