ភ្នំពេញៈ នាពេលថ្មីៗនេះ បង្ក​នូវ​ការ​ភ្ញាក់​ផ្អើល​សាជាថ្មី​ទៅនឹង​ការ​បែក​ធ្លាយ​វីដេអូ​នារី​ក្មេង​ម្នាក់​បាន​យក​នំ​ខួប​កំណើត​ឲ្យ​តារា​សម្តែង​ប្រុស និង​ជា​ពិធីករ​ទូរទស្សន៍​លោក ប៉ែន ចំ​រ៉ុង បង្ហើរ​សូរស័ព្ទ​ដ៏​ផ្អែម​ល្ហែម​នឹង​គ្នា​ដោយ​អ្នក​ទាំង ២ បាន​ប្រើ​ពាក្យ​ហៅ​គ្នា​ថា​ប្តី​ប្រពន្ធ​ពេញៗ​មាត់​តែ​ម្តង។

ផ្តើមចេញពី​វីដេអូ​ឃ្លី​ប​មួយ​មាន​រយៈពេល ២ នាទី ដែល​នារី​ក្មេង​ម្នាក់​កាន់​នំ​ខួបកំណើត បញ្ចេញ​នូវ​ភាសា​ផ្អែម​ល្ហែម មាន​ថើប​បឺត​មាត់​គ្នា​បី​ដូចជា​ប្តី​ប្រពន្ធ​ដែល​បាន​រៀបការ​ហើយ អ៊ីចឹង និង​មាន​សំណូមពរ​យ៉ាង​ទទូច​ផង​ដែរ​ថា៖ «សុំ​ឲ្យ​ប្តី​ឈប់​ខូច​ទៀត» ក្រោយ​ពី​ឲ្យ​លោក ប៉ែន ចំរ៉ុង ធ្វើការ​បួង​សួង​រួច​មក​នោះ។

ប្រាកដ​ណាស់​ទាំង​មហាជន​ទូទៅ និង​អ្នកគាំទ្រ​របស់​តារា​សម្តែង​ប្រុស និង​ពិធីករ​ទូរទស្សន៍ SEATV និង​ប៉ុស្តិ៍ PNN ប៉ែន ចំរ៉ុង ក៏​នាំគ្នា​ជជីក​សួរ​ដេញ​ដោល​ចង់​ដឹង​អំពី​អត្តសញ្ញាណ​នារី​ក្មេង​នោះ​ភ្លាម​តែ​ម្តង​ថា «តើ​ស្រី​ស្នេហ៍​ថ្មី​លោក ប៉ែន ចំរ៉ុង ជា​អ្នក​ណា? តើ​នាង​ជា​អ្នក​សិល្បៈ​ដែរ ឬ​យ៉ាង​ណា?» ក្រោយ​ពី​ឃើញ​វីដេអូ​បែក​ធ្លាយ​នោះ​មក។

ហាក់ដូច​ជាមាន​ចេតនា​មិន​ចង់​ប្រាប់ ឬ​ជា​ជម្រើស​ប្រាប់ថា សុំ​មិន​បរិយាយ​ងាយ​ជាង​ការ​បកស្រាយ​ព្រោះ​អាច​មាន​ខុស និង​ត្រូវ​នោះ តារា​សម្តែង និង​ពិធីករ​សម្បូរ​ពាក្យ​លេង​សើច​លោក ប៉ែន ចំរ៉ុង ដែល​មុន​នេះ​តែង​តែ​ដើរ​ពកូន​គេ​ដើម្បី​បន្លប់​ចិត្ត​នឹក​កូន​ស្រី​ខ្លួន​ជាមួយ​នឹង​អតីត​កូន​ស្រី​ចាង​ហ្វាង​ផលិតកម្ម​មហាហង្ស​គឺ​អ្នក​នាង ភិន សុដាលីស នោះ​មិន​បាន​បំភ្លឺ​អ្វី​ច្រើន​ដែរ​នឹង​រឿង​លេច​វត្តមាន​នារី​ស្រី​ស្នេហ៍​ថ្មី។

លោក ប៉ែន ចំរ៉ុង គ្រាន់​តែ​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ចំពោះ​រឿង​នេះ [នារី​ក្មេង​ដែល​រៀបចំ​នំ​ខួប​កំណើត​ជូន​លោក ហៅ​ប្តី​ពេញ​មាត់​ក្នុង​វីដេអូ​ឃ្លីប] ខ្ញុំ​សុំ​មិន​ធ្វើការ​បក​ស្រាយ​អ្វី​ទាំង​អស់​បង! ដោយសារ​នេះ​គឺជា​រឿង​ជីវិត​ឯកជន​នៃ​បុគ្គល​ម្នាក់ៗ ដូច្នេះ ខ្ញុំ​នឹង​មិន​បរិយាយ​ប្រាប់​អ្វី​ទេ ហើយ​ក៏​ទុក​សិទ្ធិ​ឲ្យ​មហាជន​បញ្ចេញ​ជា​មតិ​យោបល់​តាម​ការ​គួរ​ទៅ​ចុះ!»។

មុននេះ​បន្តិច​ចំហាយ​ព័ត៌មាន​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ ដោយ​គេ​ឧស្សាហ៍​ឃើញ​តារា​សម្តែង​ប្រុស និង​ពិធីករ​ទូរទស្សន៍​លោក ប៉ែន ចំរ៉ុង តែង​តែ​ដើរ​ពកូន​គេ ដើម្បី​បន្លប់​ចិត្ត​នឹក​កូន​ស្រី​ខ្លួន លេច​ឮ​ទៅ​ដល់​អ្នក​នាង ភិន សុដាលីស តាមរយៈ​សង្គម​អ្នក​សិល្បៈ​នោះ​ហើយ បាន​ជា​ក្រោយ​មក​ក៏​ល្បី​នាង​ព្រលយ​ចេញ​ជា​ពាក្យ​តប​ថា អតីត​ជា​ស្វាមី​មិន​បាន​រៀបការ​នោះ គឺ​គ្រាន់​តែ​សម្តែង​ឫក​ពា​ប្រាប់​គេ​តែ​ប៉ុណ្ណោះ។

ខណៈ​ដំណឹង​នេះ​បាន​លេចឮ កាលពី​ថ្ងៃ​បើកសម្ពោធ​ខ្សែភាពយន្ត​ភាគ​ថ្មី​គឺ​រឿង «ម្ចាស់​បំណុល» ដែល​ជា​កុន​ភាគ​ទី ៤ របស់​តារា​ស្រី​ជា​កូន​ស្រី​ច្បង​បង្កើត​ថៅកែ​ផលិតកម្ម​មហាហង្ស ក្រោយ​ពី​សម្រាល​កូន​ស្រី​មក និង​នាពេល​បច្ចុប្បន្ន​កូន​ស្រី​នាង​មាន​វ័យ​ជិត ២ ខួប​ទៅ​ហើយ​ដែរ។ កាល​ពី​ពេល​បើក​សម្ពោធ​ដាក់​បញ្ចាំង​កុន​ភាគ​របស់​ផលិតកម្ម​មហាហង្ស​ជា​ផ្លូវការ ដែល​បាន​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ PNN កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០១៨ នា​ពេល​កន្លង​មក​នោះ៕