ក្រុងរ៉ូម៖ ប្ដីប្រពន្ធអ៊ីតាលី ១ គូ បានរួចផុតគ្រោះរអិលបាក់ដីដល់ជីវិត ដែលធ្វើឲ្យពួកគេបាក់រលំក្រោយពីត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេកដោយឆ្មារបស់ពួកគេ ដែលអនុញ្ញាតឲ្យពួកគេមានឱកាសរត់គេចខ្លួន។ នេះបើយោងតាមរបាយការណ៍ព័ត៌មានចុះផ្សាយកាលពីថ្ងៃពុធ។
លោក ក្លូឌីអូ ព្យាណា បានប្រាប់កាសែត Secolo XIX ក្រោយពីព្យុះបោកបក់ភាគខាងជើងប្រទេស អ៊ីតាលី ដែលសម្លាប់អ្នកបើកបរតាក់ស៊ីម្នាក់ និងបង្ខំឲ្យមនុស្សជាច្រើនរត់គេចពីផ្ទះសំបែងថា៖ «ប្រពន្ធខ្ញុំក្រោកពីដំណេកដោយសារឆ្មា ស៊ីមបា និងមូស បង្កសំឡេងរំខាន និងធ្វើឲ្យពួកយើងភ្ញាក់»។
លោកបន្ដថា៖ «យើងបានដឹងថា ពួកវាកំពុងលេងកំបោរដែលធ្លាក់ពីពិតាន។ ក្រោយមក យើងបានឃើញស្នាមប្រេះតាមជញ្ជាំង»។
លោក ព្យាណា និងភរិយា សាប្រ៊ីណា ភេលឡូហ្គ្រីនី បានចូលគេងក្នុងបន្ទប់ស្ថិតនៅឃុំ Campo Ligure កាលពីរាត្រីថ្ងៃចន្ទ ខណៈពេលខ្យល់ព្យុះទូទាំងតំបន់ Liguria ដែលធ្វើឲ្យទន្លេនានាហូរទឹកបាក់ច្រាំង បាក់ស្ពាន បំផ្លាញផ្ទះសំបែង និងរអិលបាក់ដី។
កាសែតបានឲ្យដឹងថា ដោយអត់ដឹងខ្យល់អី គ្រោះរអិលបាក់ដីនេះមួយបានបំផ្លាញផ្ទះសំបែងជាច្រើនខ្នង។
ប្ដីប្រពន្ធទាំង ២ នាំគ្នារត់ចេញក្រៅផ្ទះសំដៅទៅរថយន្តរបស់ពួកគេ ប៉ុន្តែវាត្រូវបានហ៊ុមព័ទ្ធដោយដីភក់។
ប្ដីប្រពន្ធទាំង ២ ប្រញាប់រត់ឡើងឡាន តែវាបានជាប់ផុងនឹងភក់ទៅហើយ។ ក្រោយមក ពួកគេត្រូវបានក្រុមពន្លត់អគ្គិភ័យសង្គ្រោះ។
អ្នកស្រី សាប្រ៊ីណា បានរៀបរាប់ថា៖ «បងប្អូនខ្ញុំបានទូរស័ព្ទមកភ្លាមៗនោះ ហើយគាត់ស្រែកឡើងថា ផ្ទះឯងរលំហើយ មើលចុះ»។
វីដេអូពីគ្រោះមហន្តរាយត្រូវបានបង្ហោះក្នុងវេបសាយ ដែលបង្ហាញផ្ទះកម្ពស់ ២ ជាន់ របស់ពួកគេដួលរលំ។
លោក ព្យាណា បានបន្ថែមថា៖ «ពេលនេះយើងគ្មានបញ្ហាអ្វីទេ។ ក្រុមសង្គ្រោះបាននិយាយថា យើងអស់ឱកាសវិលទៅនៅក្នុងផ្ទះវិញហើយ ដោយសារតែវាគ្រោះថ្នាក់ណាស់។ យ៉ាងហោចណាស់ ស៊ីមបា និង មូស នៅតែមានជីវិត»៕ AFP/HR