ភ្នំពេញ៖ នាឱកាសប្រារព្ធពិធីខួបទី ៩០ ឆ្នាំ នៃការបង្កើតពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ ១៩៣០-២០២០ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ កន្លងមកនេះ ក៏មានការប្រកាសប្រគល់ពានរង្វាន់អក្សរសិល្ប៍ចំនួន ២ ជំនាន់ (២ លើក) ទៅដល់ក្រុមកវី និងអ្នកនិពន្ធផ្នែកអក្សរសិល្ប៍ខ្មែរផងដែរ។
បេក្ខជន-បេក្ខនារី ដែលជាម្ចាស់ជយលាភីនៃពានរង្វាន់អក្សរសិល្ប៍ ២ ជំនាន់ នៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ សរុបចំនួន ១០ រូប ត្រូវបានប្រកាសឈ្មោះ និងទទួលពានរង្វាន់នាឱកាសប្រារព្ធធ្វើកម្មវិធីរំឮកខួបទី ៩០ នៃការបង្កើតពុទ្ធសាសនបណ្ឌិត្យ ដោយក្នុងនោះជយលាភីឆ្នាំ ២០១៨ ចំនួន ៤ រូប គឺមានអ្នកនិពន្ធ រ៉េត សារ៉ុន អ្នកនិពន្ធ រ៉ា ឡៃហួរ អ្នកនិពន្ធ ហុង វ៉ាន់សុធីរ និងអ្នកនិពន្ធ ង៉ែត ជិនបុត្រ ខណៈនៅឆ្នាំ ២០១៩ ចំនួន ៦ រូប រួមមានអ្នកនិពន្ធ ទៀង ពិសិដ្ឋ អ្នកនិពន្ធ លឹម ដារ៉ា អ្នកនិពន្ធ លឹម ផាន់ណា អ្នកនិពន្ធ សាម សុនិត អ្នកនិពន្ធ រ៉េត សារ៉ុន និងអ្នកនិពន្ធ ទី លីហៀង។
លោកបណ្ឌិត ឡឹក ជំនោរ ជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរទទួលបន្ទុកផ្នែកស្រាវជ្រាវបោះពុម្ពផ្សាយ និងនវានុវត្តន៍បានថ្លែងចំណាប់អារម្មណ៍ថា៖ «ពីអតីតកាលនៃការរីកចម្រើនក្នុងវិស័យអក្សរសាស្ត្រជាតិស្ថាប័ននេះ ជាស្ថាប័នចម្បងលំដាប់ទី ៣ បន្ទាប់ពីព្រះរាជបណ្ណាល័យ និងសាលាបាលីជាន់ខ្ពស់ ដែលជាស្ថាប័នមួយមានកាតព្វកិច្ចយ៉ាងសំខាន់ជ្រោមជ្រែង ថែរក្សានូវមរតក នៃវប្បធម៌អក្សរសាស្ត្រជាតិឲ្យគង់វង្ស។ តែអកុសលក៏ផ្អាកមួយរយៈដោយសង្គ្រាម។ បន្ទាប់ពីប្រទេសមានសុខសន្តិភាពមក ស្ថាប័នអក្សរសាស្ត្រ ក៏បានដើរតួនាទីឡើងវិញក្នុងការចងក្រងឯកសារ និងបោះពុម្ពផ្សាយឯកសារអក្សរសាស្ត្រសំខាន់ៗឡើងវិញ ដើម្បីជាជំនួយ និងការចូលរួមចងក្រងឯកសារសិល្បៈ វប្បធម៌ អក្សរសិល្ប៍ ឲ្យកាន់តែសម្បូរ បែបពីបញ្ញវន្ត និងអ្នកស្រាវជ្រាវពីគ្រប់មជ្ឈដ្ឋានក្រៅពីបោះពុម្ពផ្សាយកិច្ចការទំនៀមទម្លាប់អក្សរសាស្ត្រ និងអក្សរសិល្ប៍ក្នុងទស្សនាវដ្ដីកម្ពុជាសុរិយាមក ឆ្នាំ ២០១៨ និង ២០១៩ កន្លងមក ពុទ្ធសាសនបណ្ឌិត្យបានរៀបចំឲ្យការប្រកួតពានរង្វាន់អក្សរសិល្ប៍ សម្រាប់បុគ្គលទូទៅដែលមានចំណាប់អារម្មណ៍លើវិស័យនេះ ដាក់ប្រកួតប្រលោមលោក រឿងខ្លី និងកំណាព្យតាមប្រធានបទ ២ ផ្សេងគ្នាចំនួន ២ លើករួមចមកហើយ»។
លោកបន្តថា៖ « អក្សរសិល្ប៍ ជាបទនិពន្ធអក្សរសាស្ត្រមួយប្រភេទ ដែលបង្ហាញពីតថភាពសង្គម និងការប្រឌិតញាណប្រកបដោយវនានុវត្តន៍ និងវនកម្ម ដោយសម្ដែងចេញគំនិតមនោសញ្ចេតនារបស់ស្មេរប្រកបដោយភាពប្រាកដនិយមពិត និងក្លែងក្លាយដោះស្រាយបញ្ហា មនុស្សប្រកបទៅដោយសិល្ប៍វិធី។ ហើយវាជាមធ្យោបាយដ៏ស្តួចស្តើងវិសេសវិសាលសម្រាប់យល់ដឹងពីតថភាពសង្គម និងជាកត្តាសំខាន់មួយនៃជីវភាពរស់នៅផងដែរ»៕